Ad Code

កែវ រំ​ចង់ ជួប តា​គួ​ន​សិ​ង្ហា ថ​.​ចតុ​ថេ​ន ខណៈ​រិ​ទ្ធ ភូ​លូ ជួប ណា​ម​ផេ​ត ឆ​.​ឆែម​ពាន នៅ​សង្វៀន​ស្ទឹងមានជ័យ



កែវ រំ​ចង់ អ្នក​ប្រដាល់​ក្លិប​ដំបងគ្រញូង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង ត្រូវ​អ្នក​ប្រដាល់​ថៃ តា​គួ​ន​សិ​ង្ហា ថ​.​ចតុ​ថេ​ន (Takunsingha Thor.Jatuthen) សុំ​ជួប​សងសឹក​វិញ នៅ​យប់​ថ្ងៃ​សុក្រ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០១៨​នេះ លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​។ ​អ្នក​ប្រដាល់​ទាំងពីរ​នេះ ជួប​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម។

តា​គួ​ន​សិ​ង្ហា នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប្រមាណ​៣​លើក​ហើយ​កន្លងមក ដោ​យមក​លើក​ទី​១ (២៧​វិច្ឆិកា​២០១៦) ត្រូវ​កែវ រំ​ចង់ វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​២ មក​លើក​ទី​២(០១​ធ្នូ​២០១៧) បាន​ជួប​ប្រកួត​ជាមួយ​អ៊ុង ភា​រ៉ា​ក់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ហើយ​ត្រូវ​អ៊ុង ភា​រ៉ា​ក់ វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ និង​លើក​ទី​៣(១៧​កុម្ភៈ​២០១៨)​មក​សងសឹក​កែវ រំ​ចង់ តែ​មិនបាន​សម្រេច ដោយ​ត្រូវ​សន្លប់​ក្រោម​កណ្តាប់ដៃ​របស់​រំ​ចង់​ក្នុង​ទឹក​ទី​៤​ទៀត។

ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មិនធម្មតា​នោះឡើយ ។​គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៨៤​លើក ឈ្នះ​៦០ លើក ចាញ់​២២​លើក​និង​ស្មើ​០២​លើក ហើយ​គេ​ធ្លាប់​ផ្តួល​ដៃគូ​ប្រកួត​អោយ​សន្ល់​បាន​ចំនួន​១៦​លើក។ បើតាម​ប្រភពពី​អ្នក​តាមដាន​កីឡាប្រដាល់​អោយដឹង​នោះ​ថា តា​គួ​ន​សិ​ង្ហា ជា​អ្នក​ប្រដាល់​ជើងចាស់​ធ្លាប់មាន​ឈ្មោះ​បោះ​សម្លេង​ដែរ​នៅ​ស្រុកថៃ​ពីមុនមក តែ​សម្រាប់​បច្ចុប្បន្ន​មិនជា​ខ្លាំង​នោះឡើយ ព្រោះ​គេ​ពុំមែន​ជា​អ្នក​ប្រកួត​ជាប់លាប់​និង​ហ្វឹកហាត់​ដិតដល់ ដូចជា​កែវ រំ​ចង់ នោះឡើយ។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មកជួប​កែវ​រំ​ចង់ ក៏​មិន​ប្រាកដថា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ​អ្នក​ប្រដាល់​ថៃ​ដែល​កន្លងមក​សុទ្ធតែ​អះអាងថា​ជា​ជើង​ខ្លាំង​នោះ សុទ្ធតែ​ត្រូវ​កែវ​រំ​ចង់ ផ្តួល​យកឈ្នះ​បានដែរ ។

កែវ រំ​ចង់ គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​១៣៣​លើក ក្នុងនោះ​ឈ្នះ​១១៧​លើក ចាញ់​១២​លើក និង​ស្មើ​៤​លើក ។ ការប្រកួត​ចុងក្រោយ​នេះ រំ​ចង់ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Phakha Dab Phong អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​០៧​កក្កដា​២០១៨។ កែវ រំ​ចង់ គេ​ខ្លាំង​កណ្តាប់ដៃ និង​វាយ​សម្រុក​លឿន រហ័ស ដែល​ដៃគូ​ពិបាក​នឹង​ទប់ទល់​ណាស់។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​នៅក្នុង​ការជួបគ្នា​លើក​ទី​៣ រវាង​កែវ រំ​ចង់ និង តា​គួ​ន​សិ​ង្ហា ថ​.​ចតុ​ថេ​ន នេះ ?។

ចំណែក រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡាវ ណា​ម​ផេ​ត ឆ​.​ឆែម​ពាន (Nampeth Chor.Chhampion) ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០ គ​.​ក្រ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ម្តងណា​នៅឡើយ​ទេ​កន្លងមក​។​

រិ​ទ្ធ ភូ​លូ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់ ។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​៦​លើក និង​ឡាវ​២​លើក​ប៉ុណ្ណោះ ។​ដូច្នេះ លើក​នេះ​ជា​លើក​ទី​៣ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ឡាវ​នោះ ។ ក្នុង​ការជួប​ប្រកួត​ជាមួយ​ថៃ​៦​លើក​កន្លងមក​នោះ រិ​ទ្ធ ភូ​លូ គេ​វាយ​ឈ្នះ​ទាំង​៦​លើក ដែល​លើកចុងក្រោយ​(១៣​កក្កដា​២០១៨)​គេ​បានឈ្នះ​ថៃ​Nakkor Ket sanun ដោយ​ពិន្ទុ ហើយ​ការជួប​ឡាវ​ពីរលើក​នោះ គេ​ឈ្នះ​ពិន្ទុ​ម្តង​និង​ចាញ់​ពិន្ទុ​ម្តង​។​

ភូ​លូ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៤៧​លើក ក្នុងនោះ​វាយ​ឈ្នះ​៣៣​លើក ចាញ់​១០ លើក និង​ស្មើ ០៤​លើក ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ភូ​លូ​អាច​យកឈ្នះ​ណា​ម​ផេ​ត ឆ​.​ឆែម​ពាន បាន​ឬក៏​អត់​នោះទេ​?។​

ណា​ម​ផេ​ត ឆ​.​ឆែម​ពាន ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ​។​ដូច្នេះ រិ​ទ្ធ​ភូ​លូ ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង ។ អ្នក​ប្រដាល់​ឡាវ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៧​លើក ឈ្នះ​៥៦​លើក ចាញ់​១០​លើក និង ស្មើ​០១​លើក​។ ចាំមើល រវាង​រិ​ទ្ធ ភូ​លូ និង ណា​ម​ផេ​ត ឆ​.​ឆែម​ពាន តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ ?៕ ​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu