Ad Code

ក្រសួង​ការងារ​បង្ហាញ​ឈ្មោះ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ស្របច្បាប់​ទៅធ្វើ​ការ​នៅ​បរទេស​



ភ្នំពេញ ​៖ ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​បង្ហាញ​ឈ្មោះ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ស្របច្បាប់​ទៅ​ធ្វើ​ការ​នៅ​បរទេស​ ខណៈ​បច្ចុប្បន្ននេះ​មាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​បរទេស​ប្រមាណ​១​លាន​២​សែន​នាក់​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ​ដើម្បី​ការពារ​ផលប្រយោជន៍​ដល់​ប្រជា​ខ្មែរ ដែល​មាន​បំណង​ចង់ទៅ​ធ្វើការ​នៅ​បរទេស​ដោយ​ស្របច្បាប់ ​ឬ ​ការ​ធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ប្រ កាស​ឈ្មោះ​ទីភ្នាក់ងារ ឯកជន ដែល​ទទួល​ការអនុញ្ញាត​ពី​ក្រសួង​ក្នុងការ​ជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​បរទេស​។

បច្ចុប្បន្ន​កម្ពុជា​បា​ន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​៧​ប្រទេស​ក្នុង​នោះ​រួមមាន​ប្រទេស​ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង សឹង្ហ​បុរី ជប៉ុន កាតា​និង​កូ​វ៉ែត​។



​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ​ក្រសួង​មាន​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ដែលមាន​សិទ្ធិ​ឲ្យ​ធ្វើការ​ជ្រើស​បណ្តុះបណ្តាល​ប​ញ្ជូន​ និង ​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​រដ្ឋ​គូ​វ៉ែត​ចំនួន​២៩ ប្រទេស​ថៃ​ចំនួន​៧០​ក្រុមហ៊ុន សឹង្ហ​បុរី​ចំនួន​២០​ក្រុមហ៊ុន ម៉ាឡេស៊ី​ចំនួន​៦៦​ក្រុមហ៊ុន ប្រទេស​កាតា​ចំនួន​២៩​ក្រុមហ៊ុន ប្រទេស​ជប៉ុន​ចំនួន​៨៨​ក្រុមហ៊ុន​និង​រដ្ឋបាល​ពិសេស​ហុងកុង​ចំនួន​៨​ក្រុមហ៊ុន​។

ជា​មួយគ្នា​នេះ ក្រសួង​បាន​អំពាវនាវ​ដល់​សាធារណជន​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ជនខិលខូច ជន​ឆ្លៀតឱកាស ជាពិសេស​ក្រុមហ៊ុន ឬ​អង្គការ​មួយចំនួន​ដែល​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​របស់​ក្រសួង​។ ប្រសិនបើ​បាន​ជួប​ករណីនេះ គេ​អាច​ផ្ដល់​ព័ត៌មាន​មក​នាយកដ្ឋាន​មុខរបរ និង​ហត្ថ​ពលកម្ម​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​ទូរ​សព្ទ​លេខ ០២៣ ៨៨០ ៤៧៤ ឬ ០១១ ៨៩៨ ៩១២ ឬ ០៩៨ ៧៦៥ ៤១១ ឬ​ទាក់ទង​ដោយផ្ទាល់​ទៅ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រាជធានី ខេត្ត​ទាំង​២៥។

​គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​ធ្វើការ​នៅក្រៅ​ប្រទេស​ប្រមាណ​១​លាន​២​សែន​នាក់​ក្នុង​នោះ​ពលករ​ជាង​១​លាន​៥​ម៉ឺន​នាក់​ ធ្វើការ​នៅ​ប្រទេស​ថៃ​ហើយ​ក្រៅពី​នេះ​មាននៅ​ប្រទេស​កូរ៉េ ម៉ាឡេស៊ី សឹង្ហ​បុរី ហុងកុង​និង​ប្រទេស​ជប៉ុន​ដោយ​ក្នុង​មួយឆ្នាំៗ​ពួកគេ​បាន​ផ្ញើ​លុយ​ត្រឡប់​មក​ស្រុកកំណើត​វិញ​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លា​អាមេរិក ​ដែល​ជួយ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ក្រុម​គ្រួសារ​មាន​ភាព​ធូរធារ​ឡើងៗ​ពិសេស​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu