Ad Code

ពិធី​ប្រកាស ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្តបាត់ដំបង



បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០១៨ នេះ នៅក្នុង​បរិវេណ សាលាខេត្ត​​បាត់ដំបង មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​មុខតំណែង ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្ត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់ លោក សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ឧស្សាហកម្ម និង សិប្បកម្ម។



អញ្ជើញ​ចូលរួម នា​ឱកាស​នោះ មាន លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាត់ដំបង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​រាជធានី​ខេត្ត លោក​លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព នានា​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក និង​លោក លោកស្រី មន្ត្រីរាជការ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តបាត់ដំបង​ក្នុង​ការិយាល័យ​ចំនួន​៤ និង​អង្គភាព​១​។



ពិធី​ប្រកាស​តែងតាំង​មុខតំណែង​នេះ គឺ​បាន​តែងតាំង​លោក តូច ឈួន​សៅ​រិ​ទ្ធ ជា​ប្រធាន​​មន្ទីរ ឧស្សាហកម្ម និង សិប្បកម្ម ខេត្តបាត់ដំបង ជំនួស​លោក សំបូរ ផូ ដែល​ត្រូវ​បាន​ចូលនិវត្តន៍។ ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​ផ្តាំផ្ញើ ដល់ លោក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង សិប្បកម្ម ដែល​ទើប​ឡើងកាន់តំណែង​ថ្មី ឲ្យ​ខិតខំ​ប្រឹងប្រែង និង​បន្ត​ការ​យក​ចិត្ត​ទុកដាក់​លើ​វិស័យ​ជំនាញ​របស់ខ្លួន ធ្វើជា​សេនាធិការ​ឲ្យ​ក្រសួង ឧស្សាហកម្ម និង សិប្បកម្ម ដោយ​ពិនិត្យ​ទៅលើ​រោងចក្រ និង សិប្បកម្ម គ្រប់​ប្រភេទ ពង្រឹង​សេវា​ឲ្យ​បាន​ល្អ ជាពិសេស​លើ​គុណភាព ដែល​ជា​កត្តា​ចម្បង​បំផុត​សម្រាប់​ការប្រកួតប្រជែង​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ននេះ និង​ដើម្បី​ធានា​លើ​ការ​ប៉ះពាល់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ដែលជា​អ្នកប្រើប្រាស់​ផលិតផល​ទាំងនោះ។



បន្ទាប់ពី​មានការ​ប្តេជ្ញាចិត្ត របស់​លោក តូច ឈួន​សៅ​រិ​ទ្ធ ប្រធាន​មន្ទីរ ថ្មី រួចមក ពិធី​ប្រគល់​ត្រា​ជា​និមិត្តរូប ក៏បាន​ចាប់​ផ្តើម​ឡើង ប្រកបដោយ​កិត្តិយស យ៉ាង​ក្រៃលែង ដោយ​ពិធី​នេះ ត្រូវបាន​បញ្ចប់​នា​ថ្ងៃ​ដដែល​នោះដែរ ក្រោម​បរិយាកាស​រីករាយ​បំផុត៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu