Ad Code

ផ្សារ​បែប​កម្សាន្ត​ និង​ជា​តំបន់​ទេសចរណ៍​មាត់ទន្លេ​តម្លៃ​ជាង​១០​លាន​ដុល្លារ​ត្រៀម​បើក​ដំណើរការ​នា​ដើមខែ​វិច្ឆិកា



ភ្នំពេញ ​៖​ ផ្សារ​ទំនើប​និង​ជា​តំបន់​ទេសចរណ៍​ធំ​មួយ​ដែលមាន​ឈ្មោះ World Bridge Arena (WB Arena) ដែលមាន​ទីតាំង​ស្ថិតនៅលើ​ផ្ទៃដី​ល្វឹងល្វើយ​នៅ​មាត់ទន្លេ​ក្នុង​តំបន់​ចាក់អង្រែ​ក្រោម បានប្រកាស​ជា​ផ្លូវការ​ពី​គម្រោង​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន​ថា ​អាច​នឹង​បើក​ដំណើរការ​នា​ដើមខែ​១១​ខាងមុខ។ នេះ​បើ​តាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​សំណាក់ លោក សាយ​ម៉ុ​ន គ្រី​ហ្វី​ត នាយក​គ្រប់គ្រង​ក្រុមហ៊ុន Urban Asset Solutions។

ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​២១​ ខែសីហា ឆ្នាំ​២០១៨​ លោក សាយ​ម៉ុ​ន គ្រី​ហ្វី​ត នាយក​គ្រប់គ្រង​ក្រុមហ៊ុន Urban Asset Solutions បាន​និយាយថា ​ការ​វិនិយោគ​នៅ​លើ​ផ្ទៃដី​ជាច្រើន​ហិកតា គម្រោង​នេះ​ក្រៅពី​មាន​ជា​ផ្សារ​ទំនើប តំបន់​លម្ហែ​កាយ ទីលាន​ទស្សនា​សិល្បៈ​-​ក្បាច់គុន​ខ្មែរ ក៏មាន​កន្លែង​ក្មេង​លេង ហាង​ចំណីអាហារ និង​មាន​ជា​ទូក កម្សាន្ត​ជិះ​តាម​ដង​ទន្លេ​។​

លោក​បាន​បន្តថា​ ផ្សារ​កម្សាន្ត WB Arena នឹង​ក្លាយជា​តំបន់​លម្ហែ​កាយ​បែប​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​នៅក្នុង​តំបន់​ចាក់អង្រែ​ជាប់មាត់​ទន្លេ​។​គម្រោង​នេះ​ប្រកាស​បោះទុន​ជាង​១០​លាន​ដុល្លារ ដោយ​រួមមាន​ផ្សារ​ទំនើប ហាង​ល្បីៗ និង​កន្លែង​សម្រាប់​អង្គុយ​កម្សាន្ត​យ៉ាង​សំបូរបែប បំពេញ​សេចក្ដីត្រូវការ​របស់​អ្នកទស្សនា និង​ចូលចិត្ត​លម្ហែ​កាយ​។

លោក សាយ​ម៉ុ​ន គ្រី​ហ្វី​ត បញ្ជាក់ថា​គម្រោង​មួយ​នេះ​មាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង ដោយសារ​តែមាន​ផ្ទៃដី​ធំ​ទូលាយ ជាប់មាត់​ទន្លេ និង​ស្ថិតក្នុង​តំបន់​ប្រជុំជន​លើ​ផ្លូវធំ​ក្នុង​តំបន់​ចាក់អង្រែ​ក្រោម ដែល​ល្អ​បំផុត​សម្រាប់​អាជីវកម្ម​ហាង​ទំនើប និង​អ្នក​ចូលចិត្ត​កម្សាន្ត​នៅក្នុង​ភ្នំពេញ​។​ផ្សារ​ទំនើប និង​តំបន់​ទេសចរណ៍​World Bridge Arena នេះ​នឹង​ក្លាយជា​ទីតាំង​ប្រមូលផ្ដុំ​ទំនិញ​ទំនើបៗ​ដោយ​ក្រៅពី​អាច​ដើរ​ផ្សារ និង​អង្គុយ​ទទួលទាន​អាហារ​ឆ្ងាញ់ៗ​ក្នុង​ហាង​ប្រេនៗ​ក៏​អាច​ទស្សនា​ការសម្ដែង​សិល្បៈ អម​ដោយ​ការ​ប្រដាល់ និង​ការសម្ដែង​ក្បាច់គុន​ល្បុ​ក​ត្តោ ក្រោម​ការ​សហការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ក្រសួង​វប្បធម៌​ផងដែរ​។​

លោក សាយ​ម៉ុ​ន គ្រី​ហ្វី​ត ​បានដាក់​ក្តី​សង្ឃឹមថា គម្រោង ​ដែល​នឹង​ចំណាយ​រហូតដល់​ជាង​១០​លាន​ដុល្លារ​មួយ នឹង​ទាក់ទាញ​អ្នក​ទេសចរ​​បាន​ច្រើន ខណៈដែល​ក្រុមហ៊ុន​ក៏បាន​បោះទុន​រៀបចំ​កញ្ចប់​ទេសចរណ៍ ដើម្បី​ទាក់ទាញ​អ្នក​ទេសចរណ៍​ដែល​មក​ស្នាក់នៅ​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​មិនដឹងថា​តើ​ត្រូវ​ទៅ​កម្សាន្ត​នៅឯណា អោយ​ចាប់អារម្មណ៍​មក​កម្សាន្ត​នៅក្នុង​តំបន់ WB Arena នេះ​។
​ជាមួយគ្នានេះ​បើតាម​ការលើកឡើង​រប​ស់លោក យុគ សុធី​រិ​ទ្ធ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​តំបន់​កម្សាន្ត World Bridge Home បាន​ថ្លែង​បញ្ជាក់ថា គម្រោង​បង្កើត​តំបន់​កម្សាន្ត​នេះ នឹង​ផ្ដល់ឱកាស​អោយ​ពាណិជ្ជករ​ធំៗ និង​អ្នក​កម្សាន្ត​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក អោយ​កាន់តែ​ជិតស្និទ្ធ​គ្នា​ក្រោយពេល​ដំណើរការ​។​ទីតាំង​នេះ ក៏​នឹង​ក្លាយជា​ផ្សារ​ទំនើប និង​កន្លែង​កម្សាន្ត​នាពេល​រាត្រី​ដ៏​ស្រសស្អាត​ផងដែរ ជាពិសេស​សម្រាប់​អ្នករស់នៅ​ត្រើយម្ខាង​នៃ​ទន្លេ និង​អ្នកជិះ​កាណូត​ទេសចរណ៍​ទស្សនា​តាម​ការរៀបចំ​របស់​ក្រុមហ៊ុន​ជាដើម​។​

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគមន៍​ទីភ្នាក់ងា​រ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា​វត្តមាន WB Arena នឹង ទាក់ទាញ​អ្នកទស្សនា​ទាំង​ជាតិ និង​អន្តរជាតិ​អោយមក​កម្សាន្ត​មិនតិច​នោះទេ ដោយសារតែ​គម្រោង​មួយ​នេះ​ក្រៅពី​មាន​ផ្សារ​ទំនើប មាន​អាហារ​ដ្ឋា​ន និង​កន្លែង​អង្គុយ​កម្សាន្ត ក៏មាន​សិល្បៈ​តន្ត្រី​អោយ​អ្នក​ទេសចរណ៍​បាន​កម្សាន្ត ហើយ​ថែមទាំង​មាន​ទូក​ជិះ​លំហែរ ដែល​ល្អ​បំផុត​សម្រាប់អ្នកទេសចរ​ណ៍​។

ដោយឡែក​បើតាម​លោក​ឧកញ៉ា លូ ម៉េង អគ្គនាយក​ក្រុមហ៊ុន​អាល់​ម៉ុ​ន​គ្រុប ក៏បាន​សាទរ​ផងដែរ ចំពោះ​ការវិនិយោគ​មួយ​នេះ ដោយ​លោក​ប្រកាសថា​ក្រុម​អ្នក​ចង់​វិនិយោគ​បង្កើតជា​ហាង និង​ជាទី​តាំង​លំហែរ​កាយ​ផ្សេង​នៅក្នុង​តំបន់​នេះ គឺ​ល្អ​បំផុត​សម្រាប់ WB Arena​។ លោក​រំពឹងថា​តំបន់​មួយ​នេះ នឹង​ទាក់ទាញ​អ្នក​ទេសចរណ៍​អោយ​ចាប់អារម្មណ៍​ច្រើន ជាពិសេស​អ្នក​ចូលចិត្ត​ជិះទូក​កម្សាន្ត និង​អ្នកត្រូវការ​ទស្សនា​តន្ត្រី ការ​ប្រដាល់ ក្បាច់គុន​ល្បុ​ក​ត្តោ និង​ល្បែង​ក្មេង​កម្សាន្ត៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu