Ad Code

កម្លាំង​មន្ទីរ​ចុះ​សិក្សា​គម្រោង ស្របពេល​ដី​ស្ពាន​វត្ត​គរ​កាន់តែ​បាក់​ខ្លាំង



បាត់ដំបង ​៖​ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ គេ​សង្កេត​ឃើញថា កម្លាំង​ជំនាញ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​សិក្សា​ស្តីពី​គម្រោង​ ​ទៅលើ​ចំណុច​ក្បាលស្ពាន​វត្ត​គរ ដែល​កំពុង​រង​ការទន្ទ្រាន​ពី​សំណាក់​ទឹកជំនន់​ នា​ពេល​កន្លងមក​ ដែល​ធ្វើអោយមាន​ការ​បាក់​ស្រុក​យ៉ាងខ្លាំង​គួរអោយ​បារម្ភ។

គួរ​បញ្ជាក់​ដែរ​ថា ស្ពាន​វត្ត​គរ បាន​សាងសង់​ឡើង​ដោយ​មូលនិធិ នៃ​រាជរដ្ឋាភិបាល កម្ពុជា​ ដែល​ផ្សាភ្ជាប់​ពី​ភូមិ​វត្ត​តាមឹម ទៅ​ភូមិ​វត្ត​គរ និង​ឆ្លងកាត់​លើ​ដងស្ទឹង​សង្កែ ចេញពី​ខេត្ត​បាត់ដំបង ឆ្ពោះ ទៅកាន់​ខេត្ត​ប៉ៃលិន នា​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ តាមរយៈ​ផ្លូវជាតិ​ លេខ ៥៧។

មួយរយៈ​ពេល​ដ៏​វែង​អន្លាយ​មកនេះ ក្បាលស្ពាន​វត្ត​គរ ត្រើយ​ខាងកើត​បាននិងកំពុង​មានការ​បាក់ស្រុត​យ៉ាងធ្ងន់ធ្ងរ ដែល​ការ​បាក់​ដី​នេះ​បាន​រាលដាល​ដល់​ខឿន​ក្បាលស្ពាន​តែម្តង​ ដោយ​តម្រូវ​អោយ​អ្នកធ្វើដំណើរ​ត្រូវមាន​ការប្រុងប្រយ័ត្ន​អោយ​បាន​ខ្ពស់ ដោយសារ​តែ​ផ្លូវ​ដែល​ត្រូវ​ធ្វើដំណើរ​មាន​ជង្ហុក​នៃ​ការ​បាក់​ដី​លូត​ចូល​មកដល់ លើ​ចិញ្ចើម​ផ្លូវ​ទៅ​ហើយ។

កន្លងមក លោក ចាន់ សំបូរ អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត ធ្លាប់​បាន​និយាយ​ថា មន្ទីរ​មិនទាន់មាន​លទ្ធភាព​ជួសជុល​នៅឡើយ​ទេ ដោយសារតែ​គ្មាន​លុយ​ ហើយ​គម្រោង​មិនទាន់​ធ្លាក់​មកដល់ ដូច្នេះ​មន្ទីរ​បាន​ត្រឹមតែ​ចាក់ដី​ជា​បណ្តោះអាសន្ន ព្រមទាំង​បាន​ដាក់​ប៉ាយ និង​សញ្ញា​សម្គាល់​នានា ដើម្បី​បញ្ចៀស​រាល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ កុំ​អោយ​ក្បែរ​ណ្តៅ​ដី​ដែល​បាក់​ស្រុត​នោះ។

ផ្ទុយទៅវិញ នៅ​ព្រឹក​ថ្ងៃ​នេះ​ដែរ គេ​ក៏​បានឃើញ​កម្លាំង​ជំនាញ ចុះ​មក​វាស់វែង និង​ស្ទង់​នីវ៉ូ ត្រង់ចំណុច​ដី​បាក់​ខាងលើ ដែល​កំពុង​ប្រឈម​យ៉ាងធ្ងន់ធ្ងរ ដល់​ដី​ផ្លូវ​ក្បាលស្ពាន​ ដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជាប្រចាំ ព្រោះ​អ្នកធ្វើដំណើរ​ជាច្រើន​បាន​សំដែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទៅលើ ការ​បាក់​ស្រុត​នេះ។

នៅ​ព្រឹក​នោះ​ដែរ លោក ចាន់ សំបូរ ក៏បាន​លើកឡើងថា ការចុះ​ត្រួតពិនិត្យ​នេះ គឺ​កម្លាំង​របស់​មន្ទីរ​បាន​ធ្វើកា​រ​សិក្សា​អំពី​គម្រោង ដើម្បី​ផ្ញើ​ទៅអោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យ ក្នុងការ​ផ្តល់​កញ្ចប់​ថវិកា សម្រាប់​ការស្ថាបនា និង​ជួសជុល ក្បាលស្ពាន​នេះ​ឡើងវិញ ព្រោះ​លោក​ក៏​យល់ឃើញថា សភាព​ដី​ក្បាលស្ពាន​ពិតជា​ធ្ងន់ធ្ងរ​ឡើង​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu