Ad Code

លោក​ប៊ូ ឡាំ អ្នក​តំណាងរាស្ត្រ​មណ្ឌល​រតនគិរី ​​​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង



រតនគិរី​ ៖​ នា​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ ២០១៨​នេះ លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ​មណ្ឌល រតនគិរី បាន​អញ្ជើញ​ចុះ​សំណេះសំណាល និង​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​អាជីវករ ពាណិជ្ជករ ក្នុង​ផ្សារ​ក្រុង​បាន​លុង ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​កន្លងទៅ ​ហើយ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​សំឡេង​ភ្លូកទឹកភ្លូកដី ។

លោក​តំណាងរាស្ត្រ​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឈ្នះ​សំឡេង​ឆ្នោត​១២៥ លើ ១២៥ កៅអី​ក្នុង​រដ្ឋសភា ​ហើយ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នឹង​បង្កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​បន្ត​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​​ប្រទេសជាតិ​អោយ​កាន់តែ​ល្អ​ជាង​មុន សកម្ម​ជាង​មុន និង​ប្រសិទ្ធភាព​ជាង​មុន ក្នុង​បម្រើ​ប្រជាពលរដ្ឋ។

លោក​បាន​សង្កត់​ធ្ងន់​ថា គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​មានន័យថា ប្រជាជន​យើង​នៅ​ទូទាំង​ប្រទេស​ជា​អ្នកឈ្នះ​ដូចគ្នា ដូច្នេះ​ប្រជាពលរដ្ឋ​មាន​កាតព្វកិច្ច ក៏​ដូច តួនាទី​ថែរក្សា​សុខ​សន្តិភាព​ ដែល​យើង​ទាំង​អស់​គ្នា​ខិតខំ​រកបាន​ដោយ​លំបាក បើ​យើង ថែរក្សា​សុខ​សន្តិភាព​បាន គឺ​ប្រជាពលរដ្ឋ​រស់នៅ​ក្រោម​ម្លប់​សន្តិភាព មាន​ឱកាស​គ្រប់ៗ​គ្នា ក្នុង​ការ​ប្រកបរបរ​ទទួល​ទាន និង​មាន​ឱកាស​កសាង ​និង​អភិវឌ្ឍ ប្រទេសជាតិ​អោយ​កាន់តែ រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ត​ទៀត។

លោក ប៊ូ ឡាំ ក៏បាន​សន្យា​ផង​ដែរ​ថា ក្នុង​អាណត្តិ​ទី​៦ ក្នុងនាម​លោក​ជា​អ្នកតំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​រតនគិរី​ នឹង​ខិតខំ​ប្រឹងប្រែង​អោយ​អស់ ពី​លទ្ធភាព​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ផលប្រយោជន៍ ប្រជាពលរដ្ឋ៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu