សមាជិកក្រុមគ្រួសារវ័យចំណាស់របស់កូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលត្រូវបានអនុញ្ញាតឲ្យជួបគ្នាជាលើកដំបូងក្នុងរយៈពេលជិតប្រាំពីរទសវត្សរ៍មកនេះ បាននិយាយលាគ្នាទៅវិញទៅមកកាលពីថ្ងៃពុធ។
មនុស្សរាប់លាននាក់ ត្រូវបានព្រាត់ប្រាស ដោយសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ដែលបានបណ្ដាលឲ្យឧបទ្វីបនេះ ត្រូវបែងចែកដោយតំបន់គ្មានយោធា (DMZ) ហើយបានបំបែកបំបាក់បងប្អូនប្រុសពីបងប្អូនស្រី ឪពុកម្តាយពីកូននិងប្តីពីប្រពន្ធ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សភាគច្រើនបានស្លាប់ហើយមានប្រជាជនកូរ៉េខាងត្បូងតិចជាង៦០,០០០នាក់ដែលនៅរស់បានចុះឈ្មោះដើម្បីជួបជុំសាច់ញាតិកូរ៉េខាងជើងរបស់ពួកគេនៅឯការជួបជុំម្តងម្កាលហើយនៅសប្តាហ៍នេះគឺជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ។
អ្នករស់រានមានជីវិតទាំងនោះគឺមានសំណាងណាស់ដែលត្រូវបានជ្រើសរើសឲ្យចូលរួម។
នៅពេលពួកគេឈានដល់ទីបញ្ចប់ ពិតណាស់អាយុនិងភាពឯកោរបស់ប្រទេសកូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរមានន័យថា ពួកគេមិនទំនងជានឹងជួបគ្នាម្ដងទៀតទេ។
នៅឯការជួបជុំគ្នាពេលព្រឹកមុនពេលលាគ្នាជាលើកចុងក្រោយ លោកតា Kim Byung-Oh អាយុ៨៨ឆ្នាំជនជាតិកូរ៉េខាងត្បូងបានសម្រក់ទឹកភ្នែកនៅពេលប្អូនស្រីរបស់គាត់ជួបគាត់នៅតុមួយ។
អ្នកទាំងពីរបានចាប់ដៃគ្នាដោយមិននិយាយអ្វីទាំងអស់រយៈពេលជិត១០នាទី។
អរិភាពបានផ្អាកជាមួយនឹងបទឈប់បាញ់មួយជាជាងសន្ធិសញ្ញាសន្តិភាពដែលជាហេតុបន្សល់ទុកឲ្យកូរ៉េទាំងពីរនៅតែស្ថិតក្នុងស្ថានភាពសង្គ្រាមហើយការផ្លាស់ប្តូរជនស៊ីវិលដោយផ្ទាល់ទាំងអស់សូម្បីតែព័ត៌មានអំពីក្រុមគ្រួសារគឺត្រូវបានហាមឃាត់។
យោងតាមរបាយការណ៍របស់កូរ៉េខាងត្បូងបានឲ្យដឹងថា មនុស្សជាច្រើនបានគូរមែកធាងគ្រួសារនៅលើក្រដាសហើយដោះដូរឈ្មោះនិងរូបថតរបស់សាច់ញាតិ៕ AFP
Source: Kampuchea Thmey Daily
0 Comments