ជនមូស្លីមរ៉ូហ៊ីងយ៉ាជិតមួយលាននាក់បានធ្វើពិធីបុណ្យ Eid al-Adha នៅថ្ងៃពុធក្នុងជំរំជនភៀសខ្លួនធំជាងគេបំផុតលើពិភពលោកដែលគិតទៅមានរយៈពេលមួយឆ្នាំហើយ ចាប់តាំងពីការបង្ក្រាបដ៏សាហាវរបស់យោធាបានជំរុញឲ្យជនជាតិភាគតិចដែលរងការធ្វើទុក្ខបុកម្នេញមួយនេះ ចាកចេញពីប្រទេសមីយ៉ាន់ម៉ាក្នុងចំនួនដ៏ធំ។
ការអធិស្ឋានត្រូវបានធ្វើឡើងនៅតាមវិហារឥស្លាមបណ្តោះអាសន្ននៅទូទាំងភាគខាងត្បូងប្រទេសបង់ក្លាដែសដើម្បីអបអរសាទរពិធីបុណ្យបូជារបស់សាសនាឥស្លាមមួយនេះខណៈដែលសត្វគោត្រូវបានសម្លាប់ក្នុងវាលភក់នៅទូទាំងជំរំ។
សម្រាប់ជនភៀសខ្លួនមួយចំនួន ពិធីបុណ្យ Eid al-Adha នេះគឺជាលើកទីមួយហើយចាប់តាំងពីការបណ្តេញចេញដោយហិង្សារបស់ពួកគេពីភាគខាងលិចប្រទេសមីយ៉ាន់ម៉ាកាលពីមួយឆ្នាំមុននៅក្នុងយុទ្ធនាការនៃអំពើហឹង្សាដែលបានរៀបចំមួយដែលសហរដ្ឋអាមេរិកនិងមន្ត្រីអង្គការសហប្រជាជាតិប្រដូចទៅនឹងការបោសសម្អាតជនជាតិភាគតិច។
យោធាមីយ៉ាន់ម៉ាដែលគាំទ្រដោយពួកសកម្មប្រយុទ្ធសាសនាព្រះពុទ្ធប្រដាប់ដោយអាវុធបានចាប់ផ្តើមវាយលុកភូមិរ៉ូហ៊ីងយ៉ានៅខែសីហាឆ្នាំ២០១៧ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពិធីបុណ្យ Eid ចាប់ផ្តើម។
ជាប្រពៃណី ប្រជាជនមូស្លីមបានបូជាសត្វសម្រាប់ពិធីបុណ្យ Eid al -Adha រយៈពេលបីថ្ងៃដែលនេះជាការឧទ្ទិសមួយដល់ព្យាការី Abraham ដែលបានសម្លាប់សត្វចៀមបន្ទាប់ពីព្រះជាម្ចាស់បានដោះលែងកូនប្រុសរបស់គាត់ឈ្មោះ Ishmael ។
អ្នកដែលអាចធ្វើការបូជានេះដែលគេស្គាល់ថា qurbani គឺនឹងទទួលទានសាច់សត្វខ្លះហើយផ្តល់សាច់ដែលនៅសល់ទៅឲ្យជនក្រីក្រដែលមិនអាចទិញអាហារបាន។
នៅតំបន់ Cox's Bazar ក្បែរព្រំដែនបង់ក្លាដែស-មីយ៉ាន់ម៉ា គឺមានតម្រូវការច្រើនណាស់ប៉ុន្តែមានចំនួនសត្វតិចតួច។ សត្វគោ ពពែនិងចៀមបានពូនផ្តុំនៅទីផ្សារក្នុងតំបន់សម្រាប់ផ្ដល់ជាម្ហូបអាហារដល់ជនមូស្លីមដែលផ្លាស់ទីលំនៅមុនពិធីបុណ្យ Eid ។
គួរបញ្ជាក់ថា ពិធីបុណ្យនេះគឺខុសពី Eid al-Fitr ដែលជាពិធីបុណ្យដ៏សំខាន់មួយផ្សេងទៀតនៅក្នុងប្រតិទិនឥស្លាមដែលត្រូវបានប្រារព្ធធ្វើឡើងនៅខែមិថុនាក្នុងប្រទេសបង់ក្លាដែសបន្ទាបពីពិធីបុណ្យរ៉ាម៉ាឌន៕ AFP
Source: Kampuchea Thmey Daily
0 Comments