ភ្នំពេញ ៖ អតីតមនុស្សជំនិតលោក កឹម សុខា បានឲ្យដឹងមុននេះបន្តិចថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ តុលាការកំពូល បានបើកសវនាការលើសំណើសុំនៅក្រៅឃុំរបស់ជនជាប់ចោទ កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែពុំមានវត្តមានរបស់លោកកឹម សុខា ឡើយ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្ដាលយប់ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយចោទពីបទ "ក្បត់ជាតិ" និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ។ លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។
បើតាមក្រមព្រហ្មទណ្ឌកម្ពុជា សន្ទិដ្ឋភាព ជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។
សវនាការនេះ ធ្វើឡើងតាមបណ្ដឹងរបស់មេធាវីរបស់លោកកឹម សុខា ដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តុលាការកំពូល កាលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ដែលបានសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ និងតម្រូវឲ្យបន្តឃុំខ្លួន លោកកឹម សុខា ក្នុងពន្ធនាគារបន្តទៀត ដើម្បីសាកសួរ និងការពារកុំឲ្យមានបទល្មើសថ្មីកើតឡើង៕
Source: Kampuchea Thmey Daily
0 Comments