យោងតាមការស្ទង់មតិលើមនុស្សជាង១០,០០០នាក់ ដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្របានបង្ហាញថា ប្រសិនបើកិច្ចពិភាក្សា Brexit ត្រូវដួលរលំដោយគ្មានកិច្ចព្រមព្រៀងមួយមែននោះ ជនជាតិអង់គ្លេសពាក់កណ្តាលជឿថា ការសម្រេចចិត្តចុងក្រោយអំពីថាតើត្រូវចាកចេញពីសហភាពអឺរ៉ុប (EU) ដែរឬក៏អត់នោះគួរតែត្រូវបានធ្វើឡើងដោយសាធារណជននៅក្នុងការធ្វើប្រជាមតិមួយ។
ការស្ទង់មតិរបស់ YouGov ដែលត្រូវបានរៀបចំឡើងដោយក្រុមយុទ្ធនាការគាំទ្រការធ្វើប្រជាមតិ “People’s Vote” បានរកឃើញថា មានអ្នកឆ្លើយឆ្លងច្រើនជាងទ្វេដងដែលពេញចិត្តចំពោះការធ្វើសេចក្តីសម្រេចរបស់សាធារណជនជាជាងការធ្វើសេចក្តីសម្រេចចិត្តរបស់សភារវាងថាតើគួរបន្តស្នាក់នៅក្នុងសហភាពអឺរ៉ុបឬត្រូវចាកចេញពីប្លុកនេះដោយគ្មានកិច្ចព្រមព្រៀងមួយ។
ខណៈនៅសល់រយៈពេលតិចជាង៨ខែទៀតរហូតដល់ចក្រភពអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបនោះ លោកស្រីនាយករដ្ឋមន្ត្រី Theresa May មិនទាន់បានស្វែងរកសំណើមួយដើម្បីរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្លុកនេះនៅឡើយទេ។
នៅចុងសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេសលោក Liam Fox បានព្រមានថា លោកបានឃើញឱកាស៦០ភាគរយនៃការគ្មានកិច្ចព្រមព្រៀង Brexit ដែលនឹងធ្វើឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទីប្រាំរបស់ពិភពលោកមួយនេះចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី២៩ខែមីនាឆ្នាំ២០១៩ដោយគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។
ការស្ទង់មតិនេះដែលធ្វើឡើងពីថ្ងៃទី៣១ខែកក្កដាដល់ថ្ងៃទី១៧ខែសីហាបានរកឃើញថា ៤៥ភាគរយនៃអ្នកបោះឆ្នោតបានគាំទ្រការធ្វើប្រជាមតិលើការបញ្ចប់នៃការចរចារទោះបីជាចេញលទ្ធផលយ៉ាងម៉េចក៏ដោយខណៈដែល៣៤ភាគរយបានជំទាស់។
នៅពេលសួរថាតើនរណាគួរតែធ្វើការសម្រេចចិត្តរវាងការបន្តនៅឬចាកចេញប្រសិនបើកិច្ចចរចាដួលរលំដោយគ្មានកិច្ចព្រមព្រៀងនោះ, ៥០ភាគរយបាននិយាយថា វាគួរតែមានការបោះឆ្នោតជាសាធារណៈនៅក្នុងការធ្វើប្រជាមតិមួយខណៈ២៥ភាគរយបាននិយាយថា វាគួរតែជាសមាជិកសភាដែលបោះឆ្នោតនៅក្នុងសភា។
ខណៈប្រឈមនឹងជម្រើសបីយ៉ាងរវាងការបន្តស្នាក់នៅសហភាពអឺរ៉ុប ការចាកចេញដោយគ្មានកិច្ចព្រមព្រៀងមួយឬទទួលយកកិច្ចព្រមព្រៀងរបស់លោកស្រី May នោះ, មាន៤០ភាគរយពេញចិត្តក្នុងការស្នាក់នៅ, ២៧ភាគរយចង់ចាកចេញដោយគ្មានកិច្ចព្រមព្រៀងហើយ១១ភាគរយនឹងបោះឆ្នោតឲ្យចាកចេញដោយមានកិច្ចព្រមព្រៀងដែលបានស្នើឡើង៕
Source: Kampuchea Thmey Daily
0 Comments