សរ រាជសីហ៍ អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា ត្រូវគេផ្គូអោយជួបប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់Aboofazel នៅក្នុងកម្មវិធីប្រដាល់ពេលព្រឹកBoostrong Fighter On Fire លើសង្វៀនSEATV ថ្ងៃអាទិត្យទី ១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។
អ្នកប្រដាល់ក្លិបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបងសរ រាជសីហ៍ និងអ្នកប្រដាល់អ៊ីរ៉ង់Aboofazel ប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៥ គីឡូក្រាម ។នេះជាការជំនួបដ៏តឹងតែងបំផុតរវាងសរ រាជសីហ៍ និង Aboofazel ព្រោះថាអ្នកប្រដាល់អ៊ីរ៉ង់រូបនេះ មិនធម្មតានោះឡើយ ។ នេះបើតាមអ្នកផ្គូផ្គងប្រចាំសង្វៀនSEATV អោយដឹង ។
តាមលោកញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV អោយដឹងថាAboofazel នេះ គេទើបតែមកប្រកួតនៅសង្វៀនរបស់លោកលើកទី១ប៉ុណ្ណោះ ។
Aushev គេជាអ្នកប្រដាល់ជើងថ្មី ដែលហ្វឹកហាតនៅស្រុកថៃ ។ គេមានស្នៀតកណ្តាប់ដៃល្អ ខ្លាំង និងរហ័ស ហើយចេះស្នៀតជង្គង់ថែមទៀត ។ អ្នកប្រដាល់រូបនេះ មានប្រវត្តិប្រកួតចំនួន៣៧លើក ដោយឈ្នះ២៦ដង ចាញ់១១ លើកនិងមិនដែលស្មើ ។
សរ រាជសីហ៍ គេធ្លាប់ប៉ះប្រកួតជាមួយអ្នកប្រដាល់បរទេសប៉ុន្មាននាក់ហើយ តែភាគច្រើនជាអ្នកប្រដាល់ថៃប៉ុណ្ណោះ គឺពុំសូវធ្លាប់ដែលជួបប្រកួតជាមួយអឺរ៉ុបនោះឡើយ ។ តែយ៉ាងណា កណ្ដាប់ដៃ កែង និងជើងទាត់របស់សរ រាជសីហ៍ វាយចេញខ្លាំងនិងមានទម្ងន់ធ្ងន់គួរសមដែរ ដូច្នេះការជួបជាមួយAboofazel ប្រហែលជាមិនមានបញ្ហាចោទអ្វីឡើយ។
ជាអ្នកប្រដាល់ដែលមិនចេះវាយបន្ធូដៃនោះទេ អោយតែគេយល់ថាដៃគូអាចបង្ក្រាបបាន គឺសរ រាជសីហ៍ គេមិនប្រោះទុកយូរទេ គេផ្តួលយកឈ្នះតែម្តង ។ និយាយពីបច្ចេកទេស និង កលល្បិចនោះ គេនៅស្ទើរនៅឡើយ តែកម្លាំងកាយសម្បទារឹងមាំល្អ ។ សរ រាជសីហ៍ ធ្លាប់ឡើងប្រកួតចំនួន៦៧ដង ឈ្នះ ៥៥ដង ចាញ់១២ ដង និងមិនដែលស្មើ។ចាំមើល រវាង សរ រាជសីហ៍ និងAboofazel តើនរណាជាអ្នកឈ្នះ សម្រាប់ជំនួបលើកដំបូងនេះ? ។
គួរបញ្ជាក់ឲ្យដឹងដែរថា សរ រាជសីហ៍ កាលពីថ្ងៃទី១៨សីហា២០១៨កន្លងទៅនេះ បានវាយផ្តួលអ្នកប្រដាល់ជនជាតិរុស្សីឈ្មោះ Aushev យកឈ្នះដោយពិន្ទុ នៅលើសង្វៀនSEATV នេះ ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ សូត្រ ខេវិន អ្នកប្រដាល់វ័យក្មេងនៃក្លិបបក្សីស្លាបដែក នឹងត្រូវឡើងសងសឹក ផាន រះ អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ដោយប្រកួតគ្នាក្នុងទម្ងន់៦០គ.ក្រ ។
ផាន រះ ជាអ្នកប្រដាល់ចាស់វស្សា ។ គេវាយមិនជាខ្លាំងប៉ុន្មានទេ ហើយមូលហេតុដែលគេអាចវាយឈ្នះសូត្រ ខេវិនបាននោះ ដោយសារតែខេវិនគេអន់ខ្សោយកម្លាំងវាយចេញស្រាលៗ ដែលធ្វើអោយចាញ់ប្រៀបឈ្នះរបស់ផាន រះ ។
បើសិនជាខេវិន មានកម្លាំងស៊ុហ្វខ្លាំងនោះ ផាន រះ ពិបាកទប់ជាមួយខេវិនហើយ ព្រោះខេវិនគេខ្ពស់ ដៃជើងវែង ម្ល៉ោះហើយស្នៀតជង្គង់ កែង របស់គេល្អណាស់ ។
ទោះជាយ៉ាងណា សម្រាប់ការជួបគ្នាលើកទី២នេះ ផាន រះ មិនប្រាកដថា អាចយកឈ្នះលើសូត្រ ខេវិន បានទៀតនោះឡើយ។ ហេតុនេះ ផាន រះ មិនអាចមើលស្រាលអ្នកប្រដាល់វ័យក្មេងសូត្រ ខេវិន នោះបានដែរ ។
បញ្ជាក់ថា ខេវិន ឡើងប្រកួតប្រមាណ៧លើកចុងក្រោយនេះ គេវាយចាញ់គូប្រកួតទាំងអស់ ។ការប្រកួតលើកចុងក្រោយគេនោះ ខេវិន វាយចាញ់ថន ភឿត អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ ។
ម៉ន ភីរម្យ អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ក៏នឹងឡើងសងសឹកធន់ អៀងឡៃ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។ ពួកគេជួបគ្នាក្នុងទម្ងន់៥៤គីឡូក្រាម ។សម្រាប់ការឡើងសងសឹកនេះ មិនដឹងថាម៉ន ភីរម្យ គេអាចធ្វើបាន សម្រេចឬអត់ទេ? ៕
Source: Kampuchea Thmey Daily
0 Comments