ក្រុមបាល់ទាត់ណាហ្គាវើល ត្រូវប៉ះក្រុមក្រសួងការពារជាតិ (ទ័ព) ហើយក្រុមវិសាខា ជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលីស) និងក្រុមព្រះខ័នរាជស្វាយរៀងទទួលក្រុមសូលទីឡួអង្គរ នៅល្ងាចថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨ លើ២ទីលានផ្សេងគ្នា ក្នុងសប្ដាហ៍ទី២០ នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018)។
*ណាហ្គាវើល ប៉ះក្រសួងការពារជាតិ
ក្រុមណាហ្គាវើល ត្រូវប៉ះក្រុមក្រសួងការពារជាតិ នៅវេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ហើយប្រកួតនេះមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News។ ក្រុមណាហ្គាវើលកំពុងឈរលេខ១ ក្នុងតារាងរួម ក្រោយប្រកួតឈ្នះបាន១៥លើក ស្មើគ្នា២លើក និងចាញ់២លើក មាន៤៧ពិន្ទុក្នុងដៃ។ លោក មាស ចាន់ណា គ្រូបង្វឹកកាន់អាជ្ញាប័ណ្ណ AFC A License បានអះអាងថា លោក នឹងព្យាយាមប្រមូលផ្ដុំអារម្មណ៍កីឡាករឲ្យបានល្អ និង កែប្រែចំណុចខ្វះខាតដើម្បីរក្សាកៅអីកំពូលតារាងរហូតដល់ចប់រដូវកាល។
កីឡាកររបួសនិងកីឡាករមួយចំនួនចាកចេញជាបញ្ហាប្រឈមរបស់ក្រុមក្រសួងការពារជាតិ នាពេលបច្ចុប្បន្ន។ ក្នុងជើងទី២នេះក្លិបបានបន្ថែមកីឡាករសំខាន់ៗមួយចំនួនដើម្បីទប់ស្កាត់ការរបូតពិន្ទុពីដៃ ខណៈក្រុមនេះនៅសល់ឱកាសប្រជែងកំពូលតារាងនៅឡើយ។ ងាកទៅមើល១៩ប្រកួតមកនេះក្រុមក្រសួងការពារជាតិ ឈ្នះបាន១៣លើក ស្មើ២លើកនិងចាញ់៤លើក ឈរលេខ៤ បណ្តោះអាសន្ន។
*វិសាខា ប៉ះអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្រុមបាល់ទាត់វិសាខា ត្រូវប៉ះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានស្តាតចាស់ដូចគ្នា ខណៈការប្រកួតនេះនឹងមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News ផងដែរ។ ក្រុមវិសាខា កំពុងតែត្រូវការពិន្ទុជាខ្លាំងដើម្បីប្រជែងនៅតំបន់កំពូលតារាងក្រោយប្រកួតបាន១៩លើកឈ្នះបាន១៣លើក ស្មើគ្នាបាន៣លើកនិងចាញ់៣លើកមាន៤២ពិន្ទុ និងកំពុងតែឈរចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្នក្នុងចំណោមក្លិបទាំង១២។ លោក ហុក សុជីវ័ន្ត គ្រូបង្វឹករបស់វិសាខា បានរំពឹងថា កូនក្រុមអាចបន្តជ័យជម្នះថែមទៀតដើម្បីដណ្តើមកៅអីកំពូលតារាង។
ក្រុមប៉ូលីស វិញកំពុងឈរលេខ៧ក្នុងចំណោមក្លិបទាំង១២ បន្ទាប់ពីឈ្នះបាន៧លើក ស្មើគ្នា៣លើកនិងចាញ់៩លើក។ លោក សារ៉េត ស៊ីដន គ្រូបង្វឹកថ្មីក្នុងក្រុមនេះរំពឹងថាកូនក្រុមនឹងធ្វើបានល្អបន្ថែមទៀតក្នុងប្រកួតនៅពេលខាងមុខៗ ស្របពេលមានកីឡាករស្ទើរតែពាក់កណ្ដាលក្រុម ទើបតែបញ្ចប់បំពេញកាតព្វកិច្ចនៅសាលាបណ្ឌិតសភានគរបាលជាតិ។ ម្យ៉ាងទៀតក្លិបមានកីឡាករសំខាន់ម្នាក់បានផ្ទេរចេញគឺ ទិត្យ ឌីណា ទៅចូលរួមក្រុមវិសាខា ខណៈក្លិបបានបន្ថែមកម្លាំងចំនួន២នាក់វិញគឺ សុះ ប្រុសហ៊ីម និងកីឡាករកូរ៉េខាងត្បូង No Dae-ho។
*ព្រះខ័នរាជស្វាយរៀង ប៉ះសូលទីឡូអង្គរ
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវប៉ះក្រុមសូលទីឡូអង្គរ នៅវេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានខេត្តស្វាយរៀង។ ប្រកួតនេះមានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ CNCC។ ក្រុមព្រះខ័នរាជស្វាយរៀង មួយរយៈចុងក្រោយនេះហាក់ជួបបញ្ហារឿងកីឡាកររបួសនិងកីឡាករសំខាន់ៗជាប់ពិន័យពីសំណាក់គណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង សរសើរកូនក្រុមក្នុងប្រកួតចុងក្រោយដែលធ្វើបានល្អ។ យ៉ាងណាលោកបានដោះដូរកីឡាករគួរឲ្យភ្ញាក់ផ្អើលមួយដើម្បីត្រៀមជើងទី២នេះ។ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងតែឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្នក្នុងចំណោមក្លិបទាំង១២ បន្ទាប់ពីឈ្នះបាន៧លើកស្មើគ្នា៣លើកនិងចាញ់៩លើក។
ចំណែកក្រុមសូលទីឡូអង្គរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន Yuki Matsuda កំពុងតែត្រូវការពិន្ទុគេចឲ្យផុតពីតំបន់គ្រោះថ្នាក់។ គ្រូបង្វឹករូបនេះ ទើបតែបញ្ចប់វគ្គសិក្សាគ្រូបង្វឹកបាល់ទាត់កម្រិត AFC A License នៅប្រទេសសិង្ហបុរី កាលពីដើមឆ្នាំ។ ១៩ប្រកួតកន្លងមកក្រុមសូលទីឡូអង្គរ ឈ្នះបាន៤លើក ស្មើគ្នា៤លើកនិងចាញ់ដល់ទៅ១១លើក។
ចំណែក៣ប្រកួតផ្សេងទៀតប្រចាំសប្តាហ៍ទី២០នេះនឹងបន្តធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមវេស្ទើនភ្នំពេញ ប៉ះអង្គរថាយហ្គឺរ នៅវេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានវេស្ទើន មានផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់កម្ពុជាថ្មី ហើយក្រុមអាស៊ីអឺរ៉ុប ទទួលក្រុមភ្នំពេញក្រោន នៅវេលា៣រសៀលលើទីលានកីឡដ្ឋាន AEU Sport Park និងក្រុមបឹងកេត ប៉ះអគ្គីសនីកម្ពុជា នៅម៉ោង៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិ មានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News ដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments