កីឡាករ ធារី ចន្ថាប៊ីន ដែលទើបកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា គឺជាកីឡាករតែ១រូបគត់កំពុងប្រកបអាជីពនៅក្លិប Teregganu FA សមាជិកពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី (Malaysia Super League) រដូវកាលឆ្នាំ២០១៨នៅពេលនេះ ខណៈក្លិបរបស់កីឡាកររូបនេះត្រូវប្រកួតបិទពូលក្នុងយុទ្ធនាកាប្រកួតក្នុងពានរង្វាន់ 2018 Malaysia Cup។
ក្រុម Terengganu ត្រូវប៉ះក្រុម Kuala Lumpur នៅវេលាម៉ោង៨យប់ថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨ លើទីលលានកីឡដ្ឋាន Sultan Ismail Nasiruddin Shah Stadium ក្នុងទីក្រុងKuala Terengganu របស់ខ្លួន។ ចំពោះកីឡាករ ធារី ចន្ថាប៊ីន ទើបតែធ្វើដំណើរត្រឡប់ទៅប្រទេសម៉ាឡេស៊ី វិញនោះទេ ក្រោយបញ្ចប់ការហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិម៉ាឡេស៊ី កាលពីនៅថ្ងៃទី១០ ខែកញ្ញា ថ្មីៗនេះ។
ប្រកួតកន្លងមកក្រុម Teregganu FA បានយកឈ្នះលើក្រុម Kuala Lumpur ៥ទល់១ ហើយបន្តឈ្នះលើក្រុម Perak ៤ទល់៣ និងស្មើគ្នាជាមួយក្រុម Felcra ២ទល់២។ ចូលដល់ជុំទី២ក្រុមនេះបានប្រកួតឈ្នះលើក្រុម Felcra ៤ទល់១ មុនចាញ់ក្រុម Perak ២ទល់១ វិញ។ សូមបញ្ជាក់ថាពានរង្វាន់ 2018 Malaysia Cup មានក្រុមចំនួន១៦ឡើងទៅវគ្គចែកពូលដែលមាន៤ពូល។ ចំពោះពូល A មានក្រុម Terengganu, Kuala Lumpur, Perak, Felcra ហើយពូល B មាន Felda United, Melaka Unite, PDRM ពូល C មាន MISC-MIFA, Jorhor, Kelantan, Kedah និងពូល D មាន Pahang, Sadah, PKNP, Selangor។ តាមគម្រោងក្រុមខ្លាំងតាមពូលចំនួន២ក្រុមនឹងមានឈ្មោះឡើងទៅវគ្គ៨ក្រុមចុងក្រោយនិងបន្តប្រកួតរហូតដល់វគ្គផ្តាច់ព្រ័ត្រ។
សូមរំលឹកថា កម្ពុជា មានកីឡាករឆ្នើមៗចំនួន៤រូបចេញទៅប្រកបអាជីពនៅពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី នៅដើមរដូវកាលឆ្នាំ២០១៨ នេះដោយក្នុងនោះមានកែវ សុខផេង លេងនៅក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និងកីឡាករ ធារី ចន្ថាប៊ីន ទៅកាន់ក្លិបTerengganu FC និងកីឡាករ ប្រាក់ មុន្នីឧត្តម លេងនៅក្លិបNegeri Sembilan។ ក្នុងចំណោមអ្នកទាំង៤មានតែកីឡាករ កែវ សុខផេង ប៉ុណ្ណោះ ដែលរកគ្រាប់បាល់ឲ្យក្រុមបានមុនគេ។ ប៉ុន្តែពេលនេះ កែវ សុខផេង ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ត្រូវបានក្លិបដកចេញពីបញ្ជីក្នុងក្រុម ដោយនៅសល់តែ ធារី ចន្ថាប៊ីន ម្នាក់ប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments