Ad Code

សិក្ខាកាម​១២​នាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ចប់​វគ្គ​សិក្សាការ​ពិសោធ​បែប​វិទ្យាសាស្ត្រ​សម្រាប់​កិច្ចការ​អភិរក្ស



សៀមរាប​ ៖​ វគ្គ​សិក្សា​ស្តីពី​ការ​ពិសោធ​បែប​វិទ្យាសាស្ត្រ​សម្រាប់​កិច្ច​អភិរក្ស ដែល​បង្រៀន​ដោយ​អ្នកជំនាញ​អន្តរជាតិ​ផ្នែក​អភិរក្ស​បេតិកភណ្ឌ​នៃ​ស្ថាប័ន​GIZ លោកស្រី​បណ្ឌិត Federica Grifi ដល់​សិក្ខាកាម​ចំនួន​១២​នាក់ មកពី​ក្រុម​អភិរក្ស​ថ្ម (SCU/GIZ) និង​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ បាន​បញ្ចប់​នា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​។



លោកស្រី​បណ្ឌិត Federica Grifi មានប្រសាសន៍ថា វគ្គ​សិក្សា​នេះ​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​រយៈពេល​១៦០​ម៉ោង​។ គោលបំណង​ដើម្បី​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​ដែលមាន​លើ​បទពិសោធន៍​ការងារ​កន្លងមក និង​ចង់​ឲ្យ​អ្នកជំនាញ​ចេះ​ស្រាវជ្រាវ ស្វែងយល់បាន​ច្បាស់​អំពី​ដំណើរការ​នៃ​ការប្រើប្រាស់​ឧបករណ៍​ពិសោធ​ន៏ និង​ការអនុវត្ត​ផ្ទាល់​រក​លទ្ធផល​មុននឹង​យក​វា​ទៅ​ធ្វើ​លើ​វត្ថុ​ពិត​។ បន្ថែម​ពី​នោះ​ក៏​ដើម្បី​ឲ្យ​អ្នកសិក្សា​ចេះ​ស្វែងយល់​បន្ថែម​អំពី​ដំណើរការ​ទំនាក់ទំនង​នៃ​ការងារ​អភិរក្ស​ថ្ម​នៅតាម​ប្រាសាទ​នានា​។



លោក ឡុង ណា​រី មន្ត្រី​ជំនាញ​អភិរក្ស​ថ្ម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ដែល​បាន​សិក្សា​វគ្គ​នេះ​អស់​រយៈពេល​៦​ខែ​មក​ហើយ បាន​ចាប់អារម្មណ៍​ថា វគ្គ​បណ្តុះបណ្ដាល​នេះ​ហាក់​ខ្លី​បន្តិច​ចំពោះ​ពេលវេលា​រៀនសូត្រ ព្រោះ​មួយ​អាទិត្យ​យើង​រៀន​តែមួយ​ថ្ងៃ ទើប​តម្រូវ​ឲ្យ​ពួក​យើង​ធ្វើការ​ស្រាវជ្រាវ​ឯកសារ​ដោយ​ខ្លួនឯង​ច្រើន​។ លោក​ក៏​រំពឹង​ថា ថ្ងៃ​អនាគត​បើ​មានឱកាស ពួក​យើង​ចង់​ចូលរៀន​វគ្គ​បណ្តុះបណ្ដាល​បែបនេះ​ទៀត​ជាមួយ​អ្នកជំនាញ ពិសេស​ពួកយើង​ចង់​រៀន​ពី​ការងារ​នៅក្នុង​បន្ទប់​ពិសោធ​ន៍​ឲ្យបាន​ច្រើនជាង​នេះ​។



តំណាង​ឲ្យ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​នៅក្នុង​ពិធី​បិទ​វគ្គ លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ​បាន​លើក​ឡើង​ថា នេះ​ជា​ឱកាសល្អ​សម្រាប់​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​លើ​ការងារ​ប្រចាំថ្ងៃ​និង​មាន​គោលដៅ​វែងឆ្ងាយ​លើ​វិស័យ​បេតិកភណ្ឌ​។ ការសិក្សា​នៅទី​នេះ អាច​នឹង​ល្អ​ជាង​បរទេស​មួយចំនួន ព្រោះ​មាន​ទាំង​មន្ទីរពិសោធន៍​និង​ការអនុវត្ត​នៅ​លើ​ទីតាំង​ផ្ទាល់ រួម​ទាំង​មាន​អ្នកជំនាញ​អន្តរជាតិ​ជាច្រើន​មក​ចែករំលែក​ចំណេះដឹង​បន្ថែម​ជា​ញឹកញាប់​។ លោក​ក៏​សូម​អរគុណ​ដល់​អ្នកស្រី​បណ្ឌិត​ដែល​បាន​ចែករំលែក​ចំណេះដឹង​ដល់​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ចំណេះដឹង​បន្ថែម​ពីអ្វី​ដែល​ធ្លាប់មាន​ទាំង​ទ្រឹស្តី​និង​ការអនុវត្ត​ការពិសោធ​បែប​វិទ្យាសាស្ត្រ​សម្រាប់​កិច្ចការ​អភិរក្ស​កាន់តែ​ច្បាស់លាស់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu