ក្លិបជើងឯក៣សម័យកាលបឹងកេត សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួននៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ថា ក្លិបសម្រេចតែងតាំងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានធ្វើជាប្រធានកិត្តិយសរបស់ក្លិបចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ខ្លឹមសារទាំងស្រុងដែលក្លិបបានជូនដំណឹងបញ្ជាក់ថា៖«ក្លិបមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់អោយបានជ្រាបថា ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ដល់កិត្តិយសធ្វើជាប្រធានកិត្តិយសរបស់ក្លិបបាល់ទាត់បឹងកេតចាប់ពីពេលនេះតទៅ។ លើសពីនេះទៅទៀត ក្លិបបាល់ទាត់បឹងកេត និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងធ្វើជាដៃគូសហការគ្នា ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ យុវជន និងបរិស្ថានផងដែរ»។
ប្រភពមកពីតំណាងក្លិបមួយនេះបានបញ្ជាក់ថា នៅពេលទំនេរពីសកម្មភាពប្រកួតជាតិនិងលើឆាកអន្តរជាតិក្លិបខ្លួននឹងមានធ្វើសកម្មភាពមនុស្សធម៌មួយចំនួនទៅថ្ងៃអនាគតបូកទាំងសកម្មភាពថែរក្សាបរិស្ថានដែលមានការសហការជាមួយក្រសួងបរិស្ថានផងដែរ។ ថ្មីៗនេះក្លិបបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់កុមារនៅមន្ទីរពេទ្យកុមារជាតិ និងបន្តទៅចែកអំណោយដល់ពលរដ្ឋប្រមាណ២០០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តកំពង់ចាម ផងដែរ។
ក្លិបបឹងកេត ឡើងមកលេងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ហើយធ្លាប់ឈ្នះជើងឯកចំនួន៣លើកគឺនៅឆ្នាំ២០១២,២០១៦ និង២០១៧ ខណៈនៅឆ្នាំ២០១៣ និង២០១៤ ត្រឹមឈរជើងឯករង។ នៅឆ្នាំ២០១៧ ក្រុមនេះឈ្នះពានរង្វាន់ CNCC Cup 2017 ផងដែរ។ ចំណែកពានរង្វាន់នៅក្រៅស្រុកវិញក្រុមដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះធ្លាប់ចេញទៅប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC President's Cup នៅឆ្នាំ២០១៣ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 តែចាញ់ក្រុម Buriram United របស់ថៃ និងប្រកួតក្នុងពានរង្វាន់នៅឆ្នាំ២០១៦ និង២០១៧ ផងដែរ។ នៅឆ្នាំ២០១៨និង២០១៨ ក្រុមនេះមានឈ្មោះចេញទៅលេងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AF Cup ផងដែរតែធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments