ស្ទឹងត្រែង ៖ ក្នុងឱកាសចុះពិនិត្យតម្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងក្នុងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យនឹងណែនាំឲ្យម្ចាស់ស្ថានីយប្រេង អនុវត្តរូបមន្តកែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈឲ្យបានត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
លោកគឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ក្រោយពីកម្រិតបរិមាណរង្វាស់រង្វាល់ ម្ចាស់ស្ថានីយបានទទួលការណែនាំរួចមកហើយនោះ ពេលនេះម្ចាស់ស្ថានីយត្រូវរួមគ្នាអនុវត្តសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈបន្ថែមទៀត។
លោក ប្រធានសាខាបន្តថា នេះជាគោលបំណងដ៏ពិសិទ្ធរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ គឺដើម្បីការពារដល់ផលប្រយោជន៍អ្នកប្រើប្រាស់ជាពិសេសប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ដែលប្រើយានជំនិះប្រចាំថ្ងៃ ហើយម្ចាស់ស្ថានីយប្រេងត្រូវអនុវត្តតាមតារាងថ្លៃលក់ប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជាដែលចេញដោយសួងពាណិជ្ជកម្ម។
លោកសុខ ធារិទ្ធ ម្ចាស់សាខាស្ថានីយប្រេងស្តេលានៅក្រុងស្ទឹងត្រែង បានអះអាងថា លោកនឹងអនុវត្តតាមការណែនាំនេះ នៅពេលស្ថានីយលក់មានតារាងតម្លៃត្រឹមត្រូវ រង្វាស់រង្វាល់គ្រប់គ្រាន់ វាជាផ្នែកមួយមានផលប្រយោជន៍ទាំងអស់គ្នាប្រេងក៏លក់ដាច់ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ក៏ពេញចិត្ត និងទាក់ទាញអតិថិជនឲ្យមកគាំទ្របានច្រើន។
លោកហ៊ីម ភីរុន ប្រជាពលរដ្ឋរស់នៅក្រុងស្ទឹងត្រែងបានគាំទ្រ ចំពោះការភ្ញាក់រលឹកនេះ ព្រោះបានជួយកាត់បន្ថយការបាត់បង់ធនធានរបស់ប្រជាពលរដ្ឋទូទៅ ហើយកិច្ចការងារទីផ្សារប្រេងទើបតែឆ្នាំ២០១៨នេះទេ មានសមត្ថកិច្ចជំនាញមកធ្វើការត្រួតពិនិត្យបានល្អ។
សូមបញ្ជាក់ថា ម្ចាស់ស្ថានីយចាប់អនុវត្តពីខែកញ្ញានេះទៅ សាំងធម្មតាមានតម្លៃ៤០៥០ រៀលក្នុងមួយលីត្រ -ប្រេងម៉ាស៊ូត៣៩០០រៀលក្នុងមួយលីត្រ បើម្ចាស់ស្ថានីយលក់បានទាបជាងនេះ កាន់តែល្អ ដើម្បីយើងរួមគ្នាជួយលើកស្ទួយនឹង ការពារផលប្រយោជន៍ជូនអតិថិជនរបស់ខ្លួន៕
Source: Kampuchea Thmey Daily
0 Comments