ភ្នំពេញ ៖ ដើម្បីកាត់បន្ថយ ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់បំព្រងនៅក្នុងពេលរាត្រីផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងណាស់ក្នុងការកែលំអរទីក្រុងមួយនេះ។
ជាក់ស្តែង ខណៈនេះ មន្ទីរសាធារណការរាជធានីភ្នំពេញ បាននឹងកំពុងរំកិលរបាំងពុះចែកទ្រូងផ្លូវ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចាប់ពីចំណុចចុងស្ពានអាកាសពេទ្យលោកសង្ឃ រហូតដល់ចំណុចស្តុប បីអែស ប្រវែង៣៣០០ម៉ែត្រ ស្ថិតនៅមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបង្កប់បំពង់ជ័រដាក់ខ្សែភ្លើងដំឡើងបង្គោលភ្លើងបំភ្លឺព្រែកជា២នៅកណ្ដាលផ្លូវ និងដកចេញនូវបង្គោលភ្លើងអមសងខាងផ្លូវចេញវិញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការដកបង្គោលភ្លើងអមសងខាងផ្លូវចេញ ហើយជំនួសដោយបង្គោលភ្លើងព្រែកជា២នៅកណ្តាលទ្រូងផ្លូវនេះក៏ព្រោះតែបង្គោលភ្លើងអមសងខាងផ្លូវ មានខ្សែភ្លើងកាត់ទទឹងផ្លូវច្រើន ដូច្នេះហើយទើបមន្ទីរសាធារណការ បានសម្រេចរំកិលរបាំងពុះចែកទ្រូងផ្លូវ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចាប់ពីចំណុចចុងស្ពានអាកាសពេទ្យលោកសង្ឃ រហូតដល់ចំណុចស្តុប បីអែស ដោយបង្កប់ដាក់បំពង់ជ័រ ដើម្បីរត់ខ្សែភ្លើង និងដំឡើងបង្គោលភ្លើងនៅកណ្ដាលផ្លូវ តាមរបាំងពុះចែកទ្រូងផ្លូវវិញតែម្ដង។
មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ទាំងកត្តាផ្លូវថ្នល់ និងការឆ្លងចរន្តអគ្គិសនីជាដើម ដូច្នេះបានចាត់កម្លាំងចុះត្រួតពិនិត្យ ដាក់បង្គោលភ្លើងឲ្យបានត្រឹមត្រូវ ងាយស្រួលដល់អ្នកបើកបរនៅពេលយប់ និងដើម្បីសោភ័ណភាពក្នុងរាជធានីផងដែរ៕
Source: Kampuchea Thmey Daily
0 Comments