Ad Code

កីឡាករ ច្រឹង ពលរដ្ឋ នឹង​ទៅ​ចូលរួម​ហ្វឹកហាត់​ក្នុង​ក្លិប​Buriram United ក្នុង​ខែវិច្ឆិកា ដើម្បី​ត្រៀម​រដូវ​កាល​ក្រោយ



កីឡាករ ច្រឹង ពលរដ្ឋ ខ្សែបម្រើ​កណ្ដាល​ប្រចាំ​ក្រុម​ក្រសួងការពារជាតិ ដែលជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ ត្រូវបាន​ក្លិប​ធំជាងគេ​នៅ​ប្រទេស​ថៃ​គឺ Buriram United ប្រកាស​ចុះកិច្ចសន្យា​នាំយកទៅ​ចូលរួម​ក្រុម​កាលពីដើម​សីហា ឆ្នាំ​២០១៨​ថ្មីៗ​នេះ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​២​ឆ្នាំ​។

ក្លិប Buriram United បានប្រកាសថា​ការចុះកិច្ចសន្យា​ជាមួយ ច្រឹង ពលរដ្ឋ គឺ​ដើម្បី​បំពេញ​កៅអី​កូតា​អាស៊ាន​នៅក្នុង​លី​គ​កំពូល​ប្រទេស​ខ្លួន ពោលគឺ​ក្លិប​នីមួយៗ​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់​ដោយ​ក្នុងនោះ​មាន​កីឡាករ​តំបន់​អាស៊ាន​១​នាក់ តំបន់​អាស៊ី​១​នាក់​និង​៣​នាក់​ផ្សេងទៀត​មិន​កំណត់​ជាតិ​សាសន៍​។ កីឡាករ​កម្ពុជា ទី​៣​ដែល​ទៅលេង​នៅ​លី​គ​កំពូល​ថៃ រូបនេះ​ទទួលបាន​ប្រាក់កម្រៃ​ប្រមាណ​ជាង​៥​ពាន់​ដុល្លារ ក្នុង​មួយខែ បូក​ទាំង​រថយន្ដ​មួយគ្រឿង និង​ខុន​ដូ​១​ទៀត សម្រាប់​រស់នៅ​ប្រកប​អាជីព​ទៅនោះ​។

កីឡាករ​ខ្សែបម្រើ​កណ្ដាល​រូបនេះ​បាន​រងរបួស​យារ​សរ​សៃ​ជង្គង់​ខាងស្តាំ នៅក្នុង​ប្រកួត​សប្តាហ៍​ទី​១៧​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៧ ក្នុងជំនួប​យកឈ្នះ​២​ទល់​១ លើ​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។ របួស​របស់​កីឡាករ​រូបនេះ​បាន​វៈ​កាត់​ព្យាបាល​រួចរាល់​ហើយ ខណៈ​រូបគេ​អាច​នឹង​ជា​ទាន់ពេលវេលា​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ នៅ​ប្រទេស​ថៃ​ចាប់ផ្តើម​។



នៅក្នុង​កិច្ចសម្ភាសន៍​លើ Youtube របស់​ក្លិប​កំពូល​តារាង​លី​គ​កំពូល​ថៃ មួយ​នេះ​កីឡាករ ច្រឹង ពលរដ្ឋ រំពឹងថា​ បទពិសោធន៍​នៅក្រៅ​ប្រទេស​របស់​ខ្លួន​នឹង​ពង្រឹងសមត្ថភាព​របស់​គេ​ឲ្យ​កាន់តែខ្លាំង​ឡើង​ថែមទៀត ក្រោយ​សម្រាក​មួយ​រយៈ​ពេល​ធំ​។ កីឡាករ​រូបនេះ​បាន​ឲ្យ​ដឹង​ថា ​រូបគេ​នឹងធ្វើ​ដំណើរ​ទៅកាន់​ក្លិប Buriram United នៅ​ខែវិច្ឆិកា ខាងមុខ​ដើម្បី​ហ្វឹកហាត់​ជា​ផ្លូវការ​ខណៈ​ជា​បណ្តោះអាសន្ន​រូបគេ​កំពុង​ហ្វឹកហាត់​ជាមួយ​ក្លិប​ចាស់​ក្រសួងការពារជាតិ សិន​។

​សូមបញ្ជាក់ថា ច្រឹង ពលរដ្ឋ ធ្លាប់មាន​ពាក្យ​ច​ចាម​អារាម​ថា​ក្លិប​បាល់ទាត់ Chonburi FC ដែលជា​សមាជិក​នៃ​លី​គ​កំពូល​ប្រទេស​ថៃ តាម​ប្រមាញ់​យកទៅ​ចូលរួម​ក្រុម ក្រោយ​ចប់​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី តែ​ក្រោយមក​ព័ត៌មាន​នេះ​ក៏​ស្ងប់​ទៅវិញ​។ មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ ចាប់ផ្តើម​ក៏មាន​ដំណឹង​មកពី​ប្រទេស​សិង្ហ​បុរី មាន​ក្លិប​តាម​ចាប់អារម្មណ៍​កីឡាករ​រូបនេះ​ដែរ តែ​ក៏​ស្ងប់ស្ងាត់​ជា​បន្តទៀត​។ រូប​ក៏​បរាជ័យ​ក្នុង​ការផ្ទេរ​ទៅកាន់​ក្លិប​ចំណូល​ថ្មី​វិសាខា ផងដែរ និង​ចុងក្រោយ​លេច​ឮថា​មាន​ក្លិប​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​មក​ទាក់ទង​ដែរ​តែ​មិនមាន​ដំណឹង​បន្ថែម​។

កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​ ធ្លាប់​ជា​សមាជិក​ក្នុង​ក្រុមយុវជន​ថ្នាល​ប្រចាំ​ក្លិប​ព្រះខ័ន​រាជ (​ព្រះខ័ន​រាជ​ស្វាយរៀង បច្ចុប្បន្ន​) ហើយ​រូបគេ​ត្រូវបាន​លោក សំ វ៉ាន់​ដេ​ត ដាក់ឈ្មោះ​ក្នុង​ក្រុម​ឈុត​ធំ​ចាប់ពី​ឆ្នាំ​២០១០ ដល់​២០១៣ ហើយ​ចន្លោះ​ពី​ឆ្នាំ​២០១៣ ដល់​២០១៥ រូបគេ​ចូលរួម​ជាមួយ​ក្រុម​ត្រាយ​អាស៊ី (​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បច្ចុប្បន្ន​) រហូត​ចាប់ពី​ឆ្នាំ​២០១៥​ដល់​បច្ចុប្បន្ន​រូបគេ​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ​។ កីឡាករ​រូបនេះ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី U16,U19,U22 និង​ជម្រើសជាតិ​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu