បាត់ដំបង ៖ មុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន នាពេលបច្ចុប្បន្ន គេសង្កេតឃើញថា មានការកើនឡើងជាលំដាប់ នៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ដោយនេះគេមិនទាន់គិតអំពីមុខសញ្ញាប្រើប្រាស់នៅឡើយ ព្រោះជាក់ស្តែង គឺកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការបង្ក្រាប និងចាប់ខ្លួនស្ទើររាល់ថ្ងៃ ដើម្បីបញ្ជូនទៅកាន់តុលាការ។
ជាក់ស្តែង កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាលស្រុកថ្មគោល បានសហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល តាម៉ឺន បានចុះប្រតិបត្តិការទៅកាន់ចំណុចភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីប្រមាញ់មុខសញ្ញាជួញដូរគ្រឿងញៀន។
នៅក្នុងកិច្ចប្រតិបត្តិការនេះដែរ កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប្រប ថងឌី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅត្រង់ចំណុចខាងលើ ដោយកម្លាំងបានធ្វើការដកហូតនូវវត្ថុតាងមួយចំនួនដូចជា ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៨ កញ្ចប់ សរុបមានទម្ងន់៤៥,៦៣ ក្រាម និងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនថែមទៀត។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញរៀបចំឯកសារដើម្បីបញ្ជូនទៅកាន់សាលាដំបូងហើយ ៕
Source: Kampuchea Thmey Daily
0 Comments