ភ្នំពេញ ៖ ការបំពុលដោយប្លាស្ទិកជាក្តីកង្វល់មួយរបស់យើងគ្រប់គ្នាដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ជាពិសេស ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ក្នុងការទប់ស្កាត់ និងកាត់បន្ថយការបំពុលដោយប្លាស្ទិកនោះ។
ជាក់ស្តែងនៅថ្ងៃសៅរ៍ ០៦កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៧និង៣០នាទីព្រឹក រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំប្រារព្ធទិវាសំអាតពិភពលោក ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា ដែលប្រព្រឹត្តទៅនៅខាងមុខទីរួមផ្សារធំថ្មី។
យុទ្ធនាការនេះ ក៏មានការចួលរួមពីលោកលោកស្រី គណៈអភិបាលខណ្ឌ លោក នាយក នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យចំណុះនិងជំនាញជុំវិញខណ្ឌ លោក លោកស្រីចៅសង្កាត់និង ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១១ លោក លោកស្រីប្រធាន និង អាជីវករផ្សារទាំង០៣ កម្លាំងប្រជាការពារខណ្ឌដូនពេញ និង បុគ្គលិកក្រុមហ៊ុនស៊ីមទ្រី សរុបចំនួន២៥០នាក់ផងដែរ។
ជាមួយគ្នានោះ នៅតាមមូលដ្ឋានសង្កាត់ទាំង១១ ទីវត្តអារាម សាលារៀន និងទីសាធារណៈនានាក៏បានរៀបចំប្រារព្ធទិវាសំអាតពិភពលោកនេះផងដែរ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃផងដែរ។
លោកអភិបាលខណ្ឌដូនពេញបានឲ្យដឹងថា ការសម្អាតបរិស្ថានជុំវិញខ្លួនយើងជាភាពចាំបាច់បំផុតប្រសិនបើផ្ទះរបស់យើងស្អាត ភូមិរបស់យើងស្អាត ទីធ្លាសាធារណៈគ្មានសំរាម គ្មានថង់ប្លាស្ទិក នោះមានន័យថាយើងបានចូលរួមកសាងតម្លៃដល់ជាតិ លើកស្ទួយកិត្យានុភាព និងកិត្តិយសសម្រាប់ជាតិខ្មែរ និងដើម្បីសុខុមាលភាពរបស់យើងទាំងអស់គ្នាព្រោះបរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នា។ដូច្នេះយើងត្រូវរួមគ្នា ដើម្បីបរិស្ថាន។
លោកអភិបាលបញ្ជាក់ទៀតថា ទិវានេះប្រារព្ធឡើងក្នុងគោលបំណងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋឲ្យចូលរួមក្នុងការគ្រប់គ្រងសំរាម ក្នុងប្រទេសរបស់យើង និងជាការលើកម្ពស់ការយល់ដឹងដល់ប្រជាជនយើង អំពីស្ថានភាពធ្ងន់ធ្ងរនៃសំរាមដែលកើតឡើង នៅលើភពផែនដី ហើយគោលបំណងនៃទិវានេះ ក៏ស្របទៅនឹងការប្រឡងប្រណាំងទីក្រុងស្អាត ដែលផ្តួចផ្តើម និងដឹកនាំផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments