Ad Code

រឿង​តូច​ក្លាយ​ជាធំ ​អាចោរ​រួចខ្លួន​ ម្ចាស់​ជាប់គុក​ដោយសារ​មិន​យល់​ច្បាប់



​ភ្នំពេញ ៖ រឿងរ៉ាវ​តូច​សោះ​ ដែល​មាន​ចោរ​ស្រី​វ័យក្មេង​ម្នាក់​បាន​បន្លំ​លួច​យក​ទូរស័ព្ទដៃ​មួយគ្រឿង​របស់​អាជីវក​រ​នៅ​ផ្សារ​ព្រៃទា​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទាង​ ស្កាត់​ចោមចៅ​ទី​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពី​ព្រឹក​ថ្ងៃទី​១៣ ​ខែកញ្ញា ឆ្នាំ​២០១៨ តែ​ភ្លាមៗ​នោះ​ ត្រូវ​បាន​ម្ចាស់​គេ​ចាប់បាន​នាំគ្នា​វាយ​ធ្វើបាប​និង​កោរសក់​ថត​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដើម្បី​បង្អួត​ស្នាដៃ តែ​ផ្ទុយទៅវិញ​សមត្ថកិច្ច​បាន​ចាត់វិធានការ​ផ្លូវច្បាប់​ទៅ​ក្រុម​ជន​ដៃដល់​ទាំងនោះ​ ដោយ​បាន​ឃាត់ខ្លួន​បី​នាក់​យក​មក​សាកសួរ​ តែ​មកដល់ពេលនេះ​ឃាត់​តែ​ម្នាក់​ទេ ដែល​ជា​អ្នកដៃដល់​ជាងគេ។

លោក​យឹម​ សារ៉ាន់ ​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ មានឈ្មោះ សុង ហេង ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​អាជីវ​ករលក់​ទូរស័ព្ទ​នៅក្នុង​ផ្សារ​ព្រៃទា​កន្លែង​កើតហេតុ។ ​ចំណែក​ស្ដ្រី​ជា​ជនសង្ស័យ​ខាង​លួច​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ដោយសារ​ពេលនោះ​ពលរដ្ឋ​ដោះលែង​ទៅ​បាត់​ទៅ​ហើយ។



រឿងរ៉ាវ​នេះ​ មុនដំបូង​គេ​គិតថា​ ជា​រឿង​លួច​ឆក់​ធម្មតា​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ​ ប៉ុន្ដែ​ដោយមាន​ការ​ឃាត់​ខ្លួន​ក្រុម​អាជីវករ​ក្នុង​ផ្សារ​បីនាក់​មក​សាកសួរ​ ទើប​រឿងនេះ​កាន់តែ​រីក​រាលដាល​ធំ​ទៅៗ​ហើយ​ក្រុម​អាជីវករ​ក្នុង​ផ្សារ​ព្រៃទា​រាប់រយ​នាក់​កាលពី​ព្រឹក​ថ្ងៃទី​១៥​ ខែកញ្ញា ​ឆ្នាំ​២០១៨​នេះ ក៏​បាននាំគ្នា​តវ៉ា​សុំ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ដោះលែង​ជន​ដៃដល់​ម្នាក់​នោះ​ទៅវិញ ដោយ​គ្រាន់តែ​ធ្វើការ​អប់រំ​គាត់​ទៅ​បាន​ហើយ។



ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​នេះ​ ត្រូវ​បាន​លោក​យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ដឹង​ថា ​ការតវ៉ា​សុំ​ឲ្យ​មានការ​ដោះលែង​វា​ជា​សិទ្ធិ​របស់​ពួកគាត់​តែប៉ុណ្ណោះ​ ប៉ុន្ដែ​តាមផ្លូវ​ច្បាប់​វា​ទាល់តែ​ខាង​តុលាការ​ទើប​អាច​សម្រេច​បាន​ ចំពោះ​សមត្ថកិច្ច​គ្មាន​សិទ្ធិ​ដោះលែង​នោះទេ​។​ ពួកគាត់​ធ្វើ​អ្វី​មិន​គិត​ពី​ផ្លូវច្បាប់​ធ្វើ​អ្វី​តាម​កំហឹង​ទល់​កំហល់​ ដ​ល់​មានរឿង​បែរជា​នាំគ្នា​តវ៉ា​សុំ​ឲ្យ​មានការ​ដោះលែង​ដោយ​មិន​ផ្អែកលើ​គោលការណ៍​ច្បាប់​សោះ ឯ​សមត្ថកិច្ច​មាន​សិទ្ធិ​ត្រឹម​កសាង​សំណុំរឿង​បញ្ជូន​ឲ្យ​តុលាការ​ប៉ុណ្ណោះ​ បើ​ចង់​ឲ្យ​មានការ​ដោះលែង​យ៉ាងណា​នោះ​ មានតែ​គាត់​ទៅសុំ​តុលាការ​ទៅ។

ក្រុម​អាជីវករ​វិញ​ក៏​បានលើកឡើង​ដែរ​ថា ​នៅក្នុង​ផ្សារ​ព្រៃទា​នេះ ​ឧស្សាហ៍​កើតមាន​ករណី​ចោរកម្ម​បែបនេះ​ញឹកញាប់​ណាស់​ ជួនកាល​ចាប់បាន​ដូច​ចឹ​ង​ទៅ​ជួនកាល​ចាប់​មិន​បានទេ ហើយ​រឿង​តិចតួច​ចឹង​ ពួកគាត់​ក៏​មិន​ចង់​វែងឆ្ងាយ​ជាមួយ​សមត្ថកិច្ច​ដែរ ​ទើប​ដូច​ពេលនេះ​ពួកគាត់​ប្រើ​កម្លាំង​មហាជន​ដោះស្រាយ​បញ្ហា​បែបនេះ​ទៅ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu