ភ្នំពេញ ៖ បុរសជាជនជាតិម្នាក់ ព្រោះតែស្រវឹងធ្លាក់ភ្នែក បានបើករថយន្តបោះពួយទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងតែសំណាងល្អមិនគ្រោះថ្នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣នឹង១៥នាទីយប់ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាករេហ្វរមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-3170 បើកបរដោយជនជាតិចិនម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចភ្លើងស្តុបក្ដាន់ពី ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់៣កំណាត់ ធ្វើឲ្យរថយន្តនោះក្រឡាប់ផ្ងារជើងទទឹងផ្លូវ រីឯអ្នកបើកបររងរបួសស្រាល ដោយរលាត់ដៃបន្តិចប៉ុណ្ណោះ។
ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការវាស់វែងនឹងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោក ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments