Ad Code

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ហោះ​លើ​សមុទ្រ​ចិន​ខាងត្បូង​ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​ជាមួយ​ក្រុង​ប៉េកាំង



មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក B-52 នាពេល​ថ្មីៗ​នេះ ​បានធ្វើ​ប្រតិបត្តិ​ការឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​និង​សមុទ្រ​ចិន​ខាងកើត​ចំពេល​មាន​ភាព​តានតឹង​កើនឡើង​ជាមួយ​ទីក្រុង​ប៉េកាំង​អំពី​ពន្ធគយ​ពាណិជ្ជកម្ម។

អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក​វរសេនីយ៍ឯក Dave Eastburn បាន​និយាយថា កាលពី​ល្ងាច​ថ្ងៃ​អង្គារ យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់​បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​ជា​ទៀងទាត់​មួយ​នៅក្នុង​សមុទ្រ​ចិន​ខាងកើត​។​

មន្ដ្រី​ការពារជាតិ​រូបនេះ​បាន​និយាយថា យន្ដហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ប្រភេទ​នេះ​ត្រូវបាន​អមដោយ​យន្តហោះ​ចម្បាំង​របស់​ជប៉ុន​ហើយ​ការហោះហើរ​នេះ​គឺជា​ផ្នែក​មួយ​នៃ “​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជា​បន្ត​” របស់​មន្ទីរ​បញ្ច​កោណ​នៅក្នុង​តំបន់​នេះ​។​

លោក Eastburn បាន​និយាយថា កាលពីដើម​សប្តាហ៍​នេះ យន្តហោះ B-52 បាន​ហោះ​ឆ្លងកាត់ ដែនអាកាស​អន្តរជាតិ​លើ​សមុទ្រ​ចិន​ខាងត្បូង​។ លោក Eastburn បាន​និយាយទៀតថា ការហោះហើរ​នេះ​គឺជា​ផ្នែក​មួយ​នៃ “​ប្រតិបត្តិការ​កំណត់ពេល​ទៀងទាត់​”​។​

ប្រទេស​ចិន​បានទាមទារ​ផ្លូវ​ទឹកធំៗ​ជា​យុទ្ធសាស្ត្រ​និង​បាន​បង្កើត​កោះ​ជាច្រើន​ព្រមទាំង​អ្វីៗ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​សមុទ្រ​ផងដែរ​ហើយ​ប្រែក្លាយ​វា​ទៅជា​ទីតាំង​យោធា​។​

ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់​និង​វៀតណាម​បាន​ប្រកួតប្រជែង​ទាមទារ​តំបន់​នេះហើយ​តុលាការ​សមុទ្រ​អន្តរជាតិ​បានសម្រេច​កាលពី​ឆ្នាំ​២០១៦​ថា ការអះអាង​របស់​ចិន​មិនមាន​មូលដ្ឋាន​ច្បាប់​ឡើយ​។​

សហរដ្ឋអាមេរិក​បាន​បដិសេធ​នូវ​ការទាមទារ​ទឹកដី​របស់​ប្រទេស​ចិន​ហើយ​ជា​ទម្លាប់​បាន​និយាយថា យោធា​នឹង​បន្ត​ហោះហើរ បើក​នាវា​និង​ធ្វើ​ប្រតិបត្តិការ​នៅ​គ្រប់​ទីកន្លែង​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​តាម​ពេល​និង​ទីកន្លែង​ដែល​ពួកគេ​ជ្រើសរើស​។​

ក្រុង​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​នេះ​បានអនុម័ត​ច្បាប់​ពន្ធ​ថ្មី​ប្រឆាំងនឹង​ប្រទេស​ចិន​ដែល​គ្របដណ្ដប់​លើ​ការ​នាំចូល​របស់ខ្លួន​ក្នុង​ចំនួន​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​។​

ប្រទេស​ចិន​បាន​ប្រតិកម្ម​យ៉ាង​ខឹងសម្បា​ហើយ​នៅ​សប្តាហ៍​នេះ បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​កំពង់ផែ​របស់​នាវាចម្បាំង​អាមេរិក​មួយគ្រឿង​ទៅកាន់​ទីក្រុង​ហុងកុង​ហើយ​បាន​លុបចោល​កិច្ចប្រជុំ​រវាង​ប្រមុខ​កងទ័ពជើងទឹក​ចិន​និង​សម​ភាគី​អាមេរិក​របស់លោក​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu