កាលពីថ្ងៃពុធ តុលាការវៀតណាម បានដាក់គុកមនុស្ស១៥នាក់រយៈពេល៤ឆ្នាំកន្លះ សម្រាប់ការ “បង្កឲ្យអសណ្តាប់ធ្នាប់សាធារណៈ” ចំពោះការវាយប្រហារលើប៉ូលិសនិងបំផ្លាញរថយន្តរបស់រដ្ឋាភិបាលនៅឯការតវ៉ាកាលពីខែមិថុនាជុំវិញច្បាប់វិនិយោគដែលស្នើឡើង។
សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅវៀតណាមត្រូវបានជួបប្រទះនឹងកំហឹងប្រឆាំងចិនយ៉ាងខ្លាំងនៅទូទាំងប្រទេសដោយក្រុមអ្នកតវ៉ាបានចោទប្រកាន់រដ្ឋាភិបាលថាបានផ្តល់ប្រយោជន៍ដល់ក្រុងប៉េកាំងជាមួយនឹងការជួលដីរយៈពេលយូរហើយមានពន្ធទាបនៅក្នុងតំបន់វិនិយោគដែលបានស្នើសុំ។
ការប្រមូលផ្តុំគ្នាបានប្រែក្លាយទៅជាអំពើហិង្សានៅខេត្ត Binh Thuan ភាគខាងត្បូងដែលជាកន្លែងបាតុករត្រូវបានគេចោទប្រកាន់ថាបានបំផ្លាញរថយន្តរបស់រដ្ឋាភិបាល បិទផ្លូវថ្នល់និងបំផ្លិចបំផ្លាញស្ថានីយ៍ប៉ូលិស។
មនុស្សចំនួន១៥នាក់ត្រូវបានផ្តន្ទាទោសពីបទចូលរួមអំពើហឹង្សានិងវាយប្រហារប៉ូលិសបង្ក្រាបកុបកម្មនៅក្នុងខេត្ត Binh Thuan បន្ទាប់ពីសវនាការរយៈពេលមួយថ្ងៃកាលពីថ្ងៃពុធ។
យោងតាមកាសែត Binh Thuan ដែលជាអ្នកនាំពាក្យផ្លូវការរបស់ខេត្តនេះបានឲ្យដឹងថា ពួកគេត្រូវជាប់គុកចន្លោះពី២ឆ្នាំទៅ៤ឆ្នាំកន្លះ។ កាសែតនេះបានចុះផ្សាយថា “ពួកគេបានប្រើដំបង ដុំឥដ្ឋ ដុំថ្មនិងគ្រាប់បែកដៃដើម្បីវាយប្រហារលើប៉ូលិសបង្ក្រាបកុបកម្ម”។
កាសែតនេះបានបន្តថា “ពួកគេក៏បានប្រើគ្រាប់បែកសាំងដើម្បីដុតរថយន្តពន្លត់អគ្គិភ័យនិងយានយន្តរបស់ប៉ូលិសកុបកម្មព្រមទាំងវាយប្រហារការិយាល័យប៉ូលិសផងដែរ”។
គួរបញ្ជាក់ថា មានមនុស្សរាប់សិបនាក់ត្រូវបានគេដាក់គុកជុំវិញការតវ៉ានេះដែលជារឿងដ៏កម្រនៅក្នុងរដ្ឋឯកបក្សមួយដែលជាកន្លែងបាតុកម្មជាសាធារណៈត្រូវបានហាមឃាត់។
រដ្ឋាភិបាលបានលុបចោលសេចក្តីព្រាងច្បាប់នេះជាបណ្តោះអាសន្នបន្ទាប់ពីការតវ៉ានេះបើទោះបីជាសភារបស់ប្រទេសវៀតណាមអាចពិភាក្សាលើបញ្ហានេះនៅក្នុងកិច្ចប្រជុំនៅខែក្រោយក៏ដោយ។
ការឃុំខ្លួននេះបានកើតឡើងស្របពេលដែលរដ្ឋាភិបាលកុម្មុយនីសត្រូវបានគេចោទប្រកាន់ថាបានបង្កើនការបង្ក្រាបទៅលើសកម្មជនខណៈមានអ្នកទោសជាង៤០នាក់ត្រូវជាប់គុកនៅឆ្នាំនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments