Ad Code

លោក Trump និយាយថា កំពុង​ពិចារណា​ជម្រើស​យោធា​លើ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា



ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានលើកឡើង​ កាលពី​ថ្ងៃ​ពុធ​អំពី​ការឆ្លើយតប​ផ្នែក​យោធា​ទៅកាន់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដោយ​លោក​បាន​ប្តេជ្ញា​ចាត់វិធានការ​ប្រឆាំងនឹង​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​អ្នក​ឆ្វេងនិយម​មួយ​នេះ ​ស្រប​ពេលដែល​សេដ្ឋកិច្ច​របស់​ពួកគេ​កំពុងមាន​ភាពវឹកវរ។

ការគំរាមកំហែង​រប​ស់លោក Trump ត្រូវបាន​រិះគន់​ភ្លាមៗ​ដោយ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ថា ​ជាការ​ញុះញង់​ឲ្យ​មានការ “​បះបោរ​យោធា​” ហើយ​វា​បានកើត​ឡើង​ចំ​ពេលដែល​សហរដ្ឋអាមេរិក​ដាក់​គំនាប​លើ​ផ្ទៃក្នុង​របស់លោក​ប្រធានាធិបតី Nicolas Maduro រួចទៅហើយ​ស្របពេល​វិបត្តិ​សេដ្ឋកិច្ច​កំពុង​នាំ​ឲ្យ​ជនជាតិ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ចំនួន​ពីរលាន​នាក់​ត្រូវ​ចាក​ចេញពី​ប្រទេស​។​

លោក Trump បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ញូវយ៉ក​ដែលជា​កន្លែង​លោក​កំពុង​ចូលរួម​សម័យប្រជុំ​កម្រិត​ខ្ពស់​ប្រចាំឆ្នាំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា “​អ្វីដែល​កំពុង​កើតឡើង​នៅ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​គឺជា​ភាពអាម៉ាស់​មួយ​។ ខ្ញុំ​គ្រាន់តែ​ចង់ឃើញ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​រួចផុត​ក្តី​ទុក្ខ ខ្ញុំ​ចង់​ឲ្យ​ប្រជាជនមាន​សុវត្ថិភាព យើង​នឹង​ថែរក្សា​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​”​។​

យ៉ាងណាក្តី នៅក្នុង​សុន្ទរកថា​ទៅកាន់​មហាសន្និបាត លោក Maduro បាន​ចោទប្រកាន់​អាមេរិក​ជាថ្មី​ម្តង​ទៀតថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​វាយប្រហារ​កាល​ពីថ្ងៃ​ទី​៤​ខែសីហា​ដោយ​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន​ផ្ទុក​គ្រាប់បែក​អំឡុងពេល​ក្បួនព្យុហយាត្រា​យោធា​មួយ​នៅ​ទីក្រុង Caracas ។​

មេដឹកនាំ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​រូបនេះ​បានប្រកាសថា “​ថ្វីបើ​មាន​ភាព​ខ្វែងគំនិត​គ្នា​ក៏ដោយ​” គាត់​នឹង​សុខចិត្ត​ចាប់ដៃ​ជាមួយ​លោក Trump ហើយ​ជួប​ជាមួយ​គាត់​។​

មុននេះ លោក Trump បាន​និយាយថា លោក​ក៏មាន​បំណង​ចង់​ជួប​លោក Maduro ផងដែរ​។​
​គួរ​បញ្ជាក់ថា យោបល់​របស់លោក Trump បាន​ធ្វើឡើង​ក្រោយពេល​មាន​របាយការណ៍​មួយ​កាលពី​ដើមខែ​នេះ​នៅក្នុង​កាសែត The New York Times ដែល​បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​មកពី​រដ្ឋបាល​អាមេរិក​បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី​យោធា​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ចំនួន​៣​ដង​រួចមកហើយ​ដើម្បី​ពិភាក្សា​អំពី​ផែនការ​ទម្លាក់​លោក Maduro៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu