ភ្នំពេញ ៖ តាំងពីយូរមកហើយ រហូតមកដល់ពេលនេះ ល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខ បានកំពុងតែបន្តបើកធ្វើអាជីវកម្មកាន់តែច្រើនឡើងៗ ផ្ទុយពីគោលការណ៍ របស់ក្រសួងមហាផ្ទៃដែលបានចេញបទបញ្ជាឲ្យបង្ក្រាបដាច់ខាត នៅទូទាំងប្រទេស ដើម្បីរក្សាសន្តិសុខជូនប្រជាជនឲ្យមានសុវត្ថិភាព ប៉ុន្តែក្រុមមន្ត្រីសមត្ថកិច្ចមូលដ្ឋាននេះ បង្ក្រាបតែអាតូចៗ ទុកអាធំ ចិញ្ចឹមឆ្នាំង ដោយបន្លំធ្វើមិនដឹង មិនឃើញ...។
តាមការដែលគេបានសង្កេតឃើញជាទូទៅ ល្បែងកន្ទុយលេខប្រភេទឆ្នោតយួនត្រូវបានគេលួចបើកធ្វើអាជីវកម្មលួចលាក់នៅតាម គ្រប់ស្រុកខេត្ត ខណ្ឌទាំងអស់ហើយ ភាគច្រើនមេសាខាឆ្នោតកន្ទុយលេខនេះនៅតាមតំបន់សុទ្ធតែបានលួចបង់លុយស្ងាត់ៗសូកប៉ាន់ទៅឲ្យអស់លោកមន្ត្រីសមត្ថកិច្ចតាមមូលដ្ឋានគ្រប់ជាន់ថ្នាក់ តិចឬច្រើនតាមឋានៈបុណ្យស័ក្តិរៀងៗខ្លួន។
ដោយឡែកនៅខណ្ឌសែនសុខ ក៏ល្បីល្បាញខ្លាំងជាងគេដែរខាងការពារមេឆ្នោតកន្ទុយលេខធំៗនៅក្នុងមូលដ្ឋានរបស់ខ្លួនរាប់សិបឆ្នាំមកហើយ មិនបង្ក្រាបទេ ប៉ុន្តែក្រុមសមត្ថកិច្ចទាំងនោះគេមានល្បិចរបស់គេ កុំឲ្យថ្នាក់លើនិងមហាជនយល់ថា ពួកខ្លួនខូចអត់បង្ក្រាបអីសោះនោះ គឺគេចាប់អ្នកកត់ឆ្នោតកន្ទុយលេខណាតូចៗយកមកឲ្យកាសែតនិងទូរទស្សន៍ណាល្បីៗជួយផ្សាយឡង់សេយកស្នាដៃ ដើម្បើបង្វែងដានលាក់ទុកអាធំៗដែលជាឆ្នាំងបាយរបស់ខ្លួន។
មេឆ្នោតកន្ទុយលេខខ្លះមានខ្នងបង្អែកធំៗណាស់កាសែតសរសេររិះគន់យ៉ាងណាក៏អត់រង្គើដែរទោះបីអ្នកកាសែតសម្ភាសន៍ដល់ អធិការនិងស្នងការក្រុងក៏គេអត់មកចាប់ដែរ មេឆ្នោតនោះនៅម្តុំផ្សារចិនណានក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមានមន្ត្រីប៉ូលិសថ្នាក់ទាបខ្លះខ្សឹបថា មេឆ្នោតនោះមានខ្សែនៅតុលាការ និង ស្នងការ តែក៏គេសែនព្រេនណាស់ដែរ ចឹងហើយទើបកាសែតខ្លះប្រឹងសរសេរជេររិះគន់យ៉ាងម៉េចក៏អត់រង្គើដែរ ប៉ូលិសប៉ុស្តិ៍ធ្លាប់ចាប់ម្តងដែរបានតែមួយស្របក់ធំទេគឺមានថ្នាក់លើអន្តរាគមមកអោយដោះលែងភ្លាមៗ។
បើនិយាយពីទីតាំងមេល្បែងឆ្នោតកន្ទុយសាខាលេខធំៗនៅខណ្ឌសែនសុខ មានមេធំៗ២នាក់ ក្នុងម្នាក់ៗចែកសាខាដែនដីគ្នារាយកូនកញ្ច្រែងតាមសង្កាត់រៀងខ្លួនដែលមេកន្ទុយលេខមមាញឹកជាងគេនៅផ្សារចិនណាន ផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ផ្សាររីករាយ សង្កាត់គោកឃ្លាង ផ្សារឈូកមាសសង្កាត់ក្រាំងធ្នង់ ផ្សារសែនសុខ អន្លង់ក្ងាន សង្កាត់ឃ្មួញ និងផ្សារអូរបែកក្អម។
កម្ពុជាថ្មី ធ្លាប់បានផ្តល់ព័ត៌មានទាំងនេះឲ្យមេប៉ូលិសនិងមេប៉េអិមខណ្ឌទៅបង្ក្រាបទីតាំងឆ្នោតទាំងនោះកន្លងមក តែពួកគេមិនដែលបង្ក្រាបទេ ប៉ុន្តែគេមកបង្ក្រាបអាតូចៗរប៉េះរប៉ោះ ទៅវិញមិនខុសពីគេរិះគន់ថា ចាប់អាតូចទុកអាធំនោះឡើយ។
ចំណែកលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ វិញកាន់តែយ៉ាប់មិនដែលដឹកនាំកម្លាំងទៅបង្ក្រាបទីតាំងល្បែងធំៗទេ ដែលលេងសាហាវជាងឆ្នោតកន្ទុយលេខទៀត គឺល្បែងភ្នាល់បាល់ទាត់ និងហ្គេមឡាយបន្តផ្ទាល់ចេញពីកាស៊ីណូៗមកជ្រកក្រោមស្លាកយីហោ អ៊ីនធើណិត...ផ្សេងៗ។
រាល់បទល្មើសទាំងអស់នេះសង្ឃឹមថា លោក ស្នងការនគរបាលរាជធានីភ្នំពេញដែលទើបឡើងថ្មី ជំនួស លោក ជួន សុវណ្ណ នឹងបង្ក្រាបឲ្យបានពួកមេល្បែងឆ្នោតយួនទាំងនោះដែលជាជំងឺចិញ្ចឹមភាពក្រីក្រនៅកម្ពុជាកាន់តែរីកធំ។
គោលការណ៍របស់ក្រសួងមហាផ្ទៃ ដែលចេញបទបញ្ជាឲ្យមន្ត្រីនគរបាលតាមមូលដ្ឋាន បង្ក្រាបល្បែងស៊ីសងទូទាំងប្រទេស ជាពិសេសឆ្នោតកន្ទុយលេខ បៀរ អាប៉ោងផ្សេងៗ ដើម្បីបំបាត់បទល្មើសចោរកម្ម ដើម្បីរក្សាសន្តិសុខជូនប្រជាជនអោយមានសុវត្ថិភាព ប៉ុន្តែមន្ត្រីនគរបាលមួយចំនួនធំបានក្បត់ឧត្តមគតិជាតិ និងខ្លួនឯងព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ដូចករណីខាងលើ៕
Source: Kampuchea Thmey Daily
0 Comments