ប៊ុន សុធា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងផាន ផាត់យុទ្ធ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ទទួលបាន៣ពិន្ទុបន្ថែមដូចគ្នា បន្ទាប់ពីពួកគេទាំងពីរបានប្រកួតឈ្នះដៃគូថៃ ក្នុងការប្រកួតជម្រុះជុំទី២ ដណ្តើមខ្សែក្រវាត់ជើងឯកលេខ១ គូបូតាទម្ងន់៥៤គីឡូក្រាម នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃសុក្រទី០៧ ខែកញ្ញា ឆ្នាំ២០១៨។
សម្រាប់ជំនួបជុំទី២នេះ ប៊ុន សុធា បានផ្ដួលអ្នកប្រដាល់ថៃ Anuntasak Site Phukhorngyus ក្នុងទឹកទី៣ ដោយវាយ Anuntasak ឲ្យអាជ្ញាកណ្តាលរាប់៨ក្នុងទឹកទី២ ហើយមកដល់ទឹកទី៣ Anuntasak ត្រូវបានអាជ្ញាកណ្តាលបញ្ឈប់លែងអោយបន្តការប្រកួតទៀត ដោយសារតែអ្នកប្រដាល់ថៃរូបនេះ ពុំអាចទប់ទល់ជាមួយជង្គង់និងការទាត់ជើងក្រោមរបស់ប៊ុន សុធា បាននោះ ។
ជាមួយនឹងលទ្ធផលជ័យជម្នះនេះ ប៊ុន សុធា គេបាន៦ពិន្ទុហើយ សម្រាប់ការប្រកួតជម្រុះពីរលើក ដោយវាយឈ្នះទាំងពីរលើក ។ ចំណែក Anuntasak ពីរប្រកួតបាន៤ពិន្ទុ ដោយឈ្នះ១ប្រកួតនិងចាញ់១ប្រកួត។
ចំពោះ ផាន ផាត់យុទ្ធ វិញ គេបានយកឈ្នះអ្នកប្រដាល់ថៃ Plangthip Por.Yuthphumi ត្រឹមតែពិន្ទុប៉ុណ្ណោះ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ។
ជាមួយនឹងជ័យជម្នះនេះ បានធ្វើអោយផាន ផាត់យុទ្ធ ទទួលបាន៦ពិន្ទុដែរ ក្នុងការប្រកួត២លើកនេះ ដោយឈ្នះទាំងពីរលើក ហើយ Plangthip គេបានតែ២ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួតជម្រុះពីរលើកនេះ ដោយសារគេវាយចាញ៉ទាំងពីរលើក។
ដោយឡែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ គិន សំបូរ អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ បានផ្តួល វុត្ថា រស្មី អ្នកប្រដាល់ក្លិបអង្គរធំគុនខ្មែរ អោយបោះបង់ចោលការប្រកួតក្នុងទឹកទី៣ បន្ទាប់ពីត្រូវសំបូរ ចាប់អុកនឹងជង្គង់ចូលពោះទឹកច្រើនជង្គង់ពេក។
សំអាត រសជាតិ អ្នកប្រដាល់ក្លិបកុលបុត្រគុនខ្មែរ ត្រូវផង់ សាម៉ាឡេ អ្នកប្រដាល់ក្លិបនាគរាជ មានជ័យ វាយអោយបោះបង់ការប្រកួតក្នុងទឹកទី៤ ។ សំអាត រសជាតិ ត្រូវអាជ្ញាកណ្តាលរាប់៨ ពីរដងក្នុងទឹកទី២ ដោយសារត្រូវកណ្តាប់ដៃរបស់សាម៉ាឡេ ហើយមកដល់ទឹកទី៤ រសជាតិ ក៏បានបោះបង់ចោលការប្រកួត ដោយសារមិនអាចទៅរួចជាមួយជង្គង់ និង ការទាត់របស់ផង់ សាម៉ាឡេនោះ ។ រីឯ អេលីត សុវណ្ណណៃ ក្លិបឆ្មាសសែនសុខគុនខ្មែរ បានប្រើពេលមិនដល់មួយទឹកទេ ផ្តួល រិទ្ធ ស៊ីពេជ្រ ក្លិបអាណាចក្រគុនខ្មែរ អោយសន្លប់ក្នុងទឹកទី ១ ក្រោយពេលអាជ្ញាកណ្តាលបានរាប់ ៨ពីរដងហើយនោះ៕
Source: Kampuchea Thmey Daily
0 Comments