Ad Code

ត្រី​ភាគី​ នឹង​ចាប់ផ្តើម​ ការ​ចរចា​​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៩​នៅ​​ដើម​សប្តាហ៍​​​ក្រោយនេះ



ភ្នំពេញ ​៖ ​ក្រុមការងារ​បច្ចេកទេស​ត្រីភាគី​ដែលមាន​តំណាង​ភាគី​ថៅកែ​រោងចក្រ​ចំនួន​១៦​រូប ភាគី​សហជីព​១៦​រូប​និង​ភាគី​រាជរដ្ឋាភិបាល​១៦​រូប ​នឹងធ្វើ​ការជួបប្រជុំគ្នា​នៅ​ថ្ងៃទី​១០ ខែកញ្ញា ​ឆ្នាំ​២០១៨​នេះ​នៅ​ទីស្តីការក្រសួង​ការងារ​ដើម្បី​ចាប់ផ្ដើម​ការចរចា​ប្រាក់​ឈ្នួល​គោល​កម្មករ​ក្នុង​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ ឆ្នាំ​២០១៩។

ការជួបប្រជុំ​ជា​លក្ខណៈ​ត្រីភាគី​នេះ​ធ្វើឡើង​តាមរយៈ​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ​ដែល​បាន​បើក​កិច្ចប្រជុំ​របស់ខ្លួន​កាលពី​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៨​កន្លងទៅនេះ​ ដោយបាន​សម្រេច​បន្ត​ប្រើប្រាស់​យន្តការ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី​ដែលមាន​សមាភាព​ចំនួន​១៦​រូប​មកពី​ភាគី​នីមួយៗ​ដើម្បី​ធ្វើការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​។​

ជាមួយគ្នានេះដែរ​ការ​ចរចា​​ប្រាក់​ឈ្នួល​នេះ​ក៏​នឹង​បន្ត​ការប្រើប្រាស់​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម​និង​សេដ្ឋកិច្ច ដែល​ក្នុងនោះ​រួមមាន ស្ថានភាព​គ្រួសារ អត្រា​អតិផរណា ការ​ចំណាយ​ក្នុងការ​រស់នៅ ផលិតភាព ភាព​ប្រកួត​ប្រ ជែង របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងា​រ និង​កម្រិត​ចំណេញ​របស់​វិស័យ​ក៏ដូចជា​បន្ទាត់​ភាព​ក្រីក្រ សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពិភាក្សា​ប្រាក់​ឈ្នួល​ព្រមទាំង​លើក​អនុសាសន៍​ដល់​គណៈកម្មការ​ប្រឹក្សា​ការងារ​ដើម្បី​ពិនិត្យ​សម្រេច។

លោក អាត់ ធន ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ឲ្យ​ដឹងថា ​ដំណើរ​ការ​ចរចា​​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​២០១៩​ខាងមុខនេះ​ នឹង​ប្រព្រឹត្តិ​ទៅដោយ​ធម្មតា​ដោយសារ​ភាគី​នីមួយៗ​មាន​ភាពចាស់ទុំ​ក្នុង​ការ​ចចារ​ពិសេស​រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ។

លោក អាត់ ធន់​បាន​បន្ត​ថា​ ការ​ចរចា​​ដំឡើង​ប្រាក់​ឈ្នួ ល​ថ្មី​នេះ​នឹង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ ខណៈ​បច្ចុប្បន្ន​នេះ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​លើ​វិស័យ​នេះ​ទទួល​បាន​ចំនួន​១៧០​ដុល្លារ​អាមេរិក។

លោក​បាន​បន្តទៀតថា ​ដើម្បី​ចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​កម្មករ​កាន់​តែ​ប្រសើរ​ថែមទៀត​នោះ សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​នឹង​ដាក់​តួលេខ​ចំនួន​ជាង​២០០​ដុល្លារ​អាមេរិក​សម្រាប់​ការ​ចរចា​ប្រាក់​ឈ្នួល​ថ្មី​នេះ​តែ​ការសម្រេច​យ៉ាងណាៗ​នោះ​គឺ​អាស្រ័យទៅលើ​ការ​ចរចា​ជាក់ស្តែង​ប៉ុណ្ណោះ​។​

លោក​បាន​បន្តថា ​ការកំណត់​តួលេខ​នៃ​ប្រាក់​ឈ្នួល​គោល​កម្មករ​នេះ​គឺ​ផ្អែកលើ​លក្ខណៈ​វិនិច្ឆ័យ​សង្គម​និង​សេដ្ឋកិច្ច​ពិសេស​សហជីព​បាន​ប្រើប្រាស់​លទ្ធផល​ស្រាវជ្រាវ​ចំនួន​៤​ខុសៗ​គ្នា ទៅលើ​លក្ខណៈវិនិច្ឆ័យ​ទាំង​៧។​

លោក​បាន​បន្តទៀតថា​ ម្យ៉ាងទៀត​ការដាក់​តួលេខ​នេះ​ដោយសារតែ​ការចរចា​​ប្រាក់​ឈ្នួល​នៅ​ឆ្នាំនេះ​មាន​បរិយាកាស​ល្អ​ដោយ​ភាគី​នីមួយៗ​មាន​ភាពចាស់ទុំ​ក្នុង​ការចចារ​។ តែ​យ៉ាងណាក៏ដោយ​លោក​អាត់​ធន់​បាន​បញ្ជាក់​ថា ​ការសម្រេច​យ៉ាងណាៗ​នោះ​គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​ចរចា​​ជា​លក្ខណៈ​ត្រីភាគី​ប៉ុណ្ណោះ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បានបង្ហាញ​នូវ​ជំនឿ​ថា​ការចរចា​ប្រាក់​ឈ្នួល​នេះ​ នឹង​ប្រព្រឹត្តិ​ធម្មតា​ដូច​បណ្តា​ឆ្នាំមុនៗ​ដែរ​ ដោយសារតែ​ការ​ចរចា​​នេះ​គឺ​ផ្អែកទៅលើ​រូបមន្ត​ដែល​ធ្លាប់បាន​ប្រើ​ចាប់តាំងពី​ឆ្នាំ​២០១៥​កន្លងទៅនេះ។​

លោក​បាន​បន្តថា​សមាគម​នឹង​ត្រៀម​ដាក់​សំណើ​ ​និង​សំណូមពរ​មួយចំនួន​ទៅ​រាជរដ្ឋាភិបាល​បន្ទាប់ពី​កិច្ចប្រជុំ​ត្រីភាគី​រួច។​

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​សង្ឃឹមថា​ឆ្នាំនេះ​ការ​ជែក​ពិភាក្សា​ប្រាក់​ឈ្នួល​នឹង​ប្រព្រឹត្តិ​ទៅដោយរ​លូន​ក្នុង​ស្មារតី​យោគយល់​គ្នា​ និង​ឈ្នះៗ​ទាំងអស់គ្នា​ ហើយ​យើង​នៅតែ​ប្រកាន់យក​យុទ្ធសាស្ត្រ​ពិភាក្សាៗ​រហូតដល់​យើង​អាច​រកបាន​នូវ​ការ​ភាព​ស្រុះស្រួល​គ្នា​មួយ​ឬមួយ​អាច​ទៅ​រក​តួលេខ​មួយ​ដែល​អាច​ខិត​ខ​ជិត​រកគ្នា​និង​មាន​ចំនួន​តិច​បំផុត​ដើម្បី​យក​មក​អនុវត្ត​ចុងក្រោយ​។​

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ​«​ចំពោះ​លទ្ធផល​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៩​ នឹង​ចេញ​នៅ​មុនពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះហើយ​ក្មួយៗ​កម្មករ​កម្មការិនី​​ ​នឹង​ទទួលបាន​ដំណឹង​ល្អ​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ហើយ​សង្ឃឹមថា​ប្រាក់​ឈ្នួល​នឹង​ប្រសើរ​ជាង​ឆ្នាំ​២០១៨​ទៅទៀត​»​។​

ចំណែក​លោក ឧកញ៉ា ណា​ង សុធី អនុ​ប្រធា​គ​ណៈ​កម្ម​ការប្រឹក្សា​ការងារ​និង​តំណាង​ឲ្យ​ភាគី​និយោជក​ក៏មាន​ក្តី​សង្ឃឹមថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៩​នេះ​ភាគី​នីមួយៗ​នឹង​រកឃើញ​តួលេខ​មួយ​យ៉ាង​ល្អ​ដែល​គ្រប់ភាគី​ទាំងអស់​អាច​ទទួលយក​បាន​ទាំង​ថៅកែ​រោងចក្រ​ក៏ដូចជា​កម្មករនិយោជិត ។​
​លោក​ឧកញ៉ា​បាន​បន្តថា​ភាគី​ថៅកែ​រោងចក្រ​នឹង​អនុវត្ត​ទៅតាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៩​ខាងមុខនេះ​ទាំងស្រុង​។​

សូម​រំលឹកថា ​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​និង​ផលិត​ស្បែកជើង​សម្រាប់​សម្រាប់​ឆ្នាំ​២០១៨​នេះ​ មាន​ចំនួន​១៧០​ដុល្លារ​អាមេរិក​នេះ ​នៅ​មិនទាន់​គិត​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀតឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu