Ad Code

ក្រសួងសុខាភិបាល សម្រេច​លុប​បញ្ជិកា​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត​ដែល​នាំចូល​ពី​ប្រទេស​ចិន



ភ្នំពេញ ​៖ ក្រសួងសុខាភិបាល​បានសម្រេច​លុប​បញ្ជិកា​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត​លើ​មនុស្ស មួយ​ប្រភេទ​ឈ្មោះ Rabies Vaccine ដែល​ផលិត​ដោយ​គ្រឹះស្ថាន​ផលិត​ឱសថ Changchun Changsheng Life Sciences Ltd., នៃ​ប្រទេស​ចិន។

ជាមួយគ្នានេះដែរ​ក្រសួង​បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​នេះ ប្រមូល​វ៉ាក់សាំង​ប្រភេទ​នេះ ពី​ទីផ្សារ​នៅ​កម្ពុជា​វិញ​ជាបន្ទាន់​។​

ថ្លែង​នៅក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល លោក​ឱសថការី ជូ យិន​ស៊ីម រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹងថា​ ឱសថ Rabies Vaccine​នេះ (Purified Rabies Vaccine,.2.5IU) មានគុណ​ភាព​ក្រោម​កម្រិតស្ដង់ដារ ដែល​មិនអាច​យក​ប្រើប្រាស់​បានឡើយ។​
​រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល​រូបនោះ​បានបញ្ជាក់​ដូច្នេះ​ថា​ «​ការសម្រេច​លុប​បញ្ជី​ឱសថ​ដែល​បានលើកឡើង​ខាងលើ ក្នុង​គោលបំណង​ដើម្បី​ធានា​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព ជូន​ដល់​អ្នកប្រើប្រាស់ ហើយ​ការសម្រេច​លុប​នេះ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​ទៅ​»​។​

លោក​បាន​ណែនាំ​ដល់​ក្រុមហ៊ុន និង​គ្រឹះស្ថាន​ផលិត​ឱសថ ដែល​ពាក់ព័ន្ធ​ត្រូវ​ប្រមូល​ឱសថ Rabies Vaccine ចេញពី​ឱសថស្ថាន ឱសថស្ថាន​រង និង​សេវា​សុខាភិបាល​ឯកជន​ទាំងអស់ បើ​ពុំ​នោះ​ទេ​ក្រសួង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់។

ទន្ទឹមនឹងនេះ​នៅ​គ្រប់​មន្ទីរពេទ្យ​រដ្ឋ ឯកជន គ្លីនិក បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​និង​សេវា​ព្យាបាល​ផ្សេងៗ​ទៀត​និង​គ្រប់​គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​និង​តាំង​លក់​វ៉ាក់សាំង​នេះ​ចាប់ពី​ចេញ​សេចក្តី​ជូន​ដំណឹង​នេះ​តទៅ។

ចំណែក​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​ត្រូវធ្វើ​ការណែនាំ​ដល់​គ្រឹះស្ថាន​អាហរ័ណនីហរ័ណ​ត្រូវ​ឈប់​នាំចូល​វ៉ាក់សាំង​ប្រភេទ​រីឯ ឱសថស្ថាន ឱសថស្ថាន​រង​ត្រូវ​​​បញ្ឈប់​ការតាំង​លក់​ផងដែរ។ក្រសួងសុខាភិបាល​ នឹង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​តឹងរ៉ឹង​ចំពោះ​គ្រឹះស្ថាន​អាហរ័ណនីហរ័ណ​ឱសថស្ថាន ឱសថស្ថាន​រង​ដែល​នៅតែ​បន្ត​ការ​នាំ​ចូល​ឬ​តាំង​លក់​វ៉ាក់សាំង​ប្រភេទ​នេះនោះ។

លោក​ឱសថការី​ជូ​យិន​ស៊ីម​បាន​បញ្ជាក់ថា ឱសថ​ប្រភេទ​នេះ បាន​ផលិត​ដោយ​គ្រឹះស្ថាន​ផលិត​ឱសថ Changchun Changsheng Life Sciences Ltd., China ដែល​នាំចូល​ដោយ​ក្រុមហ៊ុន K-Man Pharma Co., Ltd​។​ក្រុមហ៊ុន​នេះ បាន​ចុះ​បញ្ជិកា​វ៉ាក់សាំង​ប្រភេទ​នេះ កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦​កន្លងទៅនេះ​។​

លោក​វេជ្ជបណ្ឌិត​លី សូ​វ៉ាន់​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ធ្លាប់បាន​មាន​ប្រសាសន៍​ថា «​អាចមាន​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​កើន​ដល់​៦០០​នាក់ ជា​រៀងរាល់ឆ្នាំ​។ លោក​បាន​បន្តថា ​ថា​ជំងឺ​ឆ្កែឆ្កួត​នេះ​គឺជា​ជំងឺ​មួយ​កាច​សាហាវ យើង​មាន​ដាក់​នូវ​ជំងឺ​នេះ​ក្នុង​ប្រព័ន្ធ​តាមដាន​ជំងឺឆ្លង​ដែលជា​ជំងឺ​មួយ​ក្នុង​ប្រព័ន្ធ​ប្រកាសអាសន្ន​។ ការរាយការណ៍​របស់​ប្រជាពលរដ្ឋ​មិនទាន់​បានល្អ​នៅឡើយ​ទេ​។ ជា​ផ្លូវការ​យើង​ទទួល​បាន​ត្រឹមតែ​២ ឬ​៣​ករណី​ទេ ដែល​បញ្ជាក់ថា មាន​ជំងឺ​ឆ្កែឆ្កួត ប៉ុន្តែ​បើតាម​ការអង្កេត​សិក្សា​របស់​វិទ្យាស្ថាន ប៉ាស្ទ័រ​យើង​អាច​ប៉ាន់ប្រមាណ​ថា អ្នក​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្កែឆ្កួត​នោះ​មាន​ប្រមាណ​ជា​លើស​ពី​៣០០​ទៅ​៦០០​នាក់ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​នេះ​»។

យោងតាម​លោក​លី សុវណ្ណ ជាង​៩០​ភាគរយ​នៃ​ជំងឺ​ឆ្កែឆ្កួត​កើតមាន​ចំពោះ​ឆ្កែ ឆ្មា ជ្រូក គោ ក្របី និង​ប្រចៀវ​។ ជំងឺ​ឆ្កែឆ្កួត​អាច​ឆ្លង​មក​មនុស្ស​បាន​យ៉ាង​ងាយ ប្រសិនបើ​មនុស្ស​នោះ​ត្រូវ​សត្វ​ទាំងនេះ​ខាំ ឬ​គ្រាន់តែ​ខ្វាច​ឲ្យ​រលាត់​ចេញឈាម​តែប៉ុណ្ណោះ​។ ជំងឺ​នេះ​គឺជា​ជម្ងឺ​កាច​សាហាវ​បំផុត​មួយ ដោយសារតែ​ពុំ​មាន​ថ្នាំ​ណា​អាច​ព្យាបាល​បានទេ ក៏ប៉ុន្ដែ​គេ​អាច​មាន​ថ្នាំ​ការពារ​វា​បាន។

លោក ឆេង កាន់​ណា​រ៉ា​ន់ អនុប្រធាន​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​បាន​ឲ្យ​ដឹងថា ​ប្រសិនបើ​អ្នក​ដែល​ត្រូវ​ឆ្កែ​ដែល​មាន​ជំងឺ​ឆ្កែឆ្កួត​ខាំ ហើយ​មិនបាន​ចាក់​ថ្នាំ​ការពារ​ក្នុង​រយៈពេល​៧២​ម៉ោង​នោះ​ទេ រយៈពេល​ចន្លោះ​ពីមួយ​សប្តាហ៍​ទៅ​៦​ខែ ក្រោយ​រោគសញ្ញា​ជំងឺ​ឆ្កែឆ្កួត នឹង​លេចចេញ​ជា​រូបរាង​។ នៅពេលនោះ អ្នកជំងឺ​មាន​អាកា​រៈ​ផ្លែ​ក​ដូចជា​វង្វេងវង្វាន់​ហើយ​ញាំ​មិនបាន​។ រួច​បន្ទាប់មក​អ្នកជំងឺ​អាច​ស្លាប់​ក្នុង​រយៈ​ដ៏​ខ្លី​។

លោក​បន្តថា ​«​ជំងឺ​នេះ​ជា​ជំងឺ​ដែល​គេ​ហៅថា​អត់​ទាន់​មានការ​ចាប់អារម្មណ៍​ទេ​ដោយសារតែ​យើង​មាន​ជំងឺ​ផ្សេងទៀត​ច្រើន​ដែល​វា​ផ្ទុះឡើង​។ ប្រជាជន​ដោយសារ​គាត់​ខ្វះ​ព័ត៌មាន​ច្រើនណាស់ តាម​ពិតទៅ​ពី​ជំងឺ​នេះ សូម្បីតែ​បុគ្គលិក​សុខាភិបាល​ក៏​គាត់​មិនបាន​យល់ច្បាស់​ថា ជំងឺ​នេះ​វា​មាន​ទំហំ​ប៉ុន្មាន វា​មាន​គ្រោះ​ថ្នាក់​ដូចម្តេច​ក៏​មិនទាន់បាន​យល់ច្បាស់​ដែរ​»៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu