ភ្នំពេញ ៖ ករណីទំនាស់ក្នុងវង់ល្បែងអាប៉ោងយ៉ាងស្វិតស្វាញមួយដែលលទ្ធផលចុងក្រោយអ្នកឈ្នះបានដេកគុក ចំណែកអ្នកចាញ់វិញបានដេកក្នុងមឈូស។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា នៅចំណុចមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះយស់ ហៃសុម៉េង ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះរឿន ស៊ីធន់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលីអង្ករ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីថ្ងៃទី០៧-០៩-២០១៨ ម៉ោង២០និង៣០នាទី ជនរងគ្រោះ និងជនសង្ស័យ បានមកចាក់អាប៉ោង នៅចំណុចកើតហេតុខាងលើ រួចជនសង្ស័យ ចាក់ចាញ់លុយអស់៧ម៉ឺនរៀល ក៏សុំលុយ១ម៉ឺនរៀលវិញ តែមេអាប៉ោងពុំព្រមឲ្យ ជនសង្ស័យក៏ទះតុ ពេលនោះជនរងគ្រោះដែលកំពុងចាក់អាប៉ោងនៅទីនោះដែរ ក៏រុញជនសង្ស័យចេញ រួចក៏មានការប្រតាយប្រតប់គ្នា ជនសង្ស័យក៏យកកូនកាំបិតចុងស្រួចចាក់ ទៅលើជនរងគ្រោះចំក្រោមក្លៀកខាងឆ្វេងធ្លុះដល់បេះដូងដួលសន្លប់ទៅលើដី។ ពេលនោះក៏មានសមត្ថកិច្ចយើងចុះទៅដល់ ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងកូនកាំបិត បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅធ្វើការ សាកសួរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត ពេលទៅដល់គ្រូពេទ្យប្រាប់ថា ស្លាប់បាត់ហើយ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរចំណុចបើកទីតាំងល្បែងអាប៉ោងនិងបៀបាននិយាយថា ពួកគាត់សំណូមពរដល់សមត្ថកិច្ចក៏ដូចជាអាជ្ញាធរត្រូវបង្ក្រាបទីតាំងល្បែងនេះឲ្យអស់ ព្រោះវាជាកន្លែងប្រមូលផ្តុំដោយរឿងរ៉ាវមិនចេះអស់មិនចេះហើយរហូតមានការកាប់សម្លាប់ដ៏សាហាវបែបនេះ៕
Source: Kampuchea Thmey Daily
0 Comments