ភ្នំពេញ ៖ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ក្នុងរយៈពេល៦ឆ្នាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី សរុបចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំ) បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋចំនួន១៦រាជធានីខេត្ត រួមទាំងចែកជូនថ្នាំពេទ្យដោយឥតគិតថ្លៃ បានចំនួន៣ ៤ ៩,៤៧០នាក់ (សាមសិបបួនម៉ឺន ប្រាំបួនពាន់បួនរយចិតសិប) មកហើយ.
លោកបន្ថែមថា សម្រាប់តែខេត្តកំពង់ស្ពឺនោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាល និងចែកជូនថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានរហូតដល់ទៅ១៣២លើកឯណោះ ហើយបានព្យាបាលជូនប្រជាពលរដ្ឋបានប្រមាណជា២៨ម៉ឺននាក់។
លោកបានបញ្ជាក់បន្ថែមថា «ការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បែបនេះ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេងនៃព្រះរាជាណាចក្រកម្ពុជា ហើយជោគជ័យទាំងអស់នេះ ក៏មានការរួមចំណែកយ៉ាងធំធេង ពីក្រុមគ្រួសារគ្រូពេទ្យស្ម័គ្រចិត្តទាំង៤,២៧៥នាក់ ដោយមិនខ្លាចពីការនឿយហត់ ពុះពារគ្រប់ឧបសគ្គ ដើម្បីរួមគោលបំណងមួយនោះគឺ ចង់ឃើញប្រជាពលរដ្ឋនៅកម្ពុជាទាំងអស់ មានសុខភាពល្អគ្រប់ៗគ្នា»។
សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានីដែលបាន បង្កើតឡើងកាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០១២កន្លងមកនេះបានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ លោក លេង ផាលី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មិនថាតែខេត្តកំពង់ស្ពឺនោះទេ ដែលជួបនឹងបញ្ហាទឹកជំនន់ និងបញ្ហាភ្លៀងធ្លាក់ សូមមានប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងត្រូវចេះការពារខ្លួនស្របពេលនឹងកម្ពស់ទឹកកំពុងមានការប្រកាសអាសន្ន ជាពិសេសត្រូវមានថ្នាំសម្រាប់ព្យាបាលនៅជាប់ខ្លួនជានិច្ចផងដែរ។
លោកបានបញ្ជាក់ទៀតថាការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស៕
Source: Kampuchea Thmey Daily
0 Comments