Ad Code

ចោទប្រកាន់​ជនជាតិ​កូរ៉េ​២​នាក់ ​ពាក់ព័ន្ធ​អំពើ​ឆបោក​និង​លួច​ប្រា​ក់ជាង​៧​លាន​ដុល្លារ​



ភ្នំពេញ ៖ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សៀង សុខ នា​ល្ងាច​ថ្ងៃទី ១៥​កញ្ញា ឆ្នាំ​២០១៨​នេះ ​បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​លើ​បុរស​ជនជាតិ​កូរ៉េ​២​នាក់ ​ជា​ឪ​ពុក​និង​កូន ពី​បទ​ឆបោក និង​បទ​លួច ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ទិញ​រថយន្ត​ការពារ​គ្រាប់​និង​លួច​លុយ​ក្រុមហ៊ុន​ចិន​ជាង​៧​លាន​ដុល្លារ។

​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ ត្រូវ​បាន​ចាត់​បញ្ជូន​ឲ្យ​លោក​ចៅក្រម យិន សារឿន ជា​ចៅក្រម​ស៊ើប​សួរ​បន្ត​នីតិវិធី ប៉ុន្តែ​ដោយសារ​ល្ងាច​ណាស់​ទៅ​ហើយ​ តុលាការ​សម្រេច​ផ្ញើ​ជនជាប់ចោទ​នៅ​សមត្ថកិច្ច​អាវុធហត្ថ​ជា​បណ្ដោះអាសន្ន​សិន រង់ចាំ​ការ​សម្រេច​នៅ​ព្រឹក​ថ្ងៃអាទិត្យ។

សូម​បញ្ជាក់​ថា បុរស​ជនជាតិ​កូរ៉េ​២​នាក់​ជា​ឪពុក​និង​កូន ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ចាប់បញ្ជូន​ខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី ១៤​កញ្ញា ឆ្នាំ​២០១៨​នេះ ពាក់ព័ន្ធ​និង​ករណី ឆបោក​និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​មួយ​ អស់ប្រាក់​ជាង​៧​លាន​ដុល្លារ​អាមេរិក។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ទី​១​ឈ្មោះ ចូ ស៊ូ​ពិន cho so in ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ជនជាតិ​កូរ៉េខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ M36107313។

ជនសង្ស័យ​ទី​២​ឈ្មោះ ចូ សាម​ហ្សុ​ង cho Samsung ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ឪពុក ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ១៥ ផ្លូវ​១១២៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។



ជនរងគ្រោះ​ដែល​ប្ដឹង​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ឪ​ពុក​កូន​ឈ្មោះ ជិន ជី​ហុង Jin zhehong ភេទប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន ជា​ពាណិជ្ជករ តំណាង​ឲ្យ​ក្រុមហ៊ុន​Shenyang Aiweiou Healfh Products Co ltd មាន​អាសយដ្ឋាន​ផ្ទះ​លេខ ២៧ ផ្លូវ​លេខ ១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ឥឡូវនេះ​ជនសង្ស័យ​ទាំង​២​នាក់ ​ឪ​ពុក​កូន​កំពុង​ត្រូវបាន​លោក​ព្រះរាជអាជ្ញារង​សៀង សុខ ធ្វើការ​សាកសួរ​នៅឡើយ។ ប្រភព​ព័​ត៌មាន​ពី​អយ្យការ​អម​សាលាដំបូង​បាន​ឲ្យ​ដឹង​ថា ចំពោះ​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ចិន​ ដែល​បាន​ប្ដឹង​ជន​ជាតិ​កូរ៉េ​ពី​បទ​ឆបោក​មាន​ទឹកប្រាក់​ចំនួន ២៩២ ០៤៥ ដុល្លារ ប្រព្រឹត្ត​កាល​ពីអំឡុង​ខែ វិច្ឆិកា ឆ្នាំ​២០១៦ និង​បទ​លួច​មាន​ទឹកប្រាក់​ចំនួន ៧ ២០៥ ៨៨២ ដុល្លារ ប្រព្រឹត្ត​ក្នុង​ឆ្នាំ​២០១៧ និង​បទ​ក្លែង​ឯកសារ​សាធារណៈ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ចិន Shenyang ត្រូវ​ការទិញ​រថយន្ត​អាមេរិក​ទំនើប​មួយ​គ្រឿង​ម៉ាក LINCOLN NAVEGATOR Airforce one ផលិត​ឆ្នាំ​២០១៧ ពី​ក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់​ទទួលភ្ញៀវ​ពិសេស​ក្នុង​ឆ្នាំ​២០១៧ ដែលមាន​តម្លៃ​ទីផ្សារ​ពេលនោះ ៣០០ ០០០ដុល្លារ។ ស្រាប់តែ​ពេលនោះ ឈ្មោះ ចូ ស៊ូ​ពិន ដែលជា​ជំនួយការ​ប្រធាន​ក្រុមហ៊ុន​បាន​និយាយ​ថា ​ឪ​ពុក​របស់គាត់​ឈ្មោះ ចូ សាម​ហ្សុ​ង មាន​បទពិសោធ​ក្នុង​ការទិញ​និង​នាំចូល​រថយន្ត​ក្នុង​តម្លៃ​ទាប​ជាង​ក្រុមហ៊ុន​Tianjing គឺ​ប្រហែល​តម្លៃ ២២២ ០០០​ដុល្លារ​ប៉ុណ្ណោះ។

ពេលនោះ​ក្រុមហ៊ុន​ដែល​កុម្ម៉ង់​ទិញ​បាន​ពន្យល់​អំពី​លក្ខណៈ​រថយន្ត​ដែល​ទិញ​គឺ​មាន​បំពាក់​ឧបករណ៍​ទំនើប​និង​កញ្ចក់​កាង​គ្រាប់​កាំភ្លើង។ បន្ទាប់មក​ពួកគេ​ពាន​ឯកភាព​គ្នា ហើយ​ក្រុមហ៊ុន​បាន​ផ្ទេរប្រាក់​ឲ្យ​ចំ​នួន​៨​ដង ស្មើ​ទឹកប្រាក់ ៣១៤ ០០០​ដុល្លារ ឲ្យ​ចូ ស៊ូ​ពិន និង​ចូ សាម​ហ្សុ​ង។ លុះដល់​ថ្ងៃទី ០៥ មេសា ឆ្នាំ​២០១៧ ទើប​ពួកគេ​បាន​យក​រថយន្ត​ជជុះ​មួយ​គ្រឿង​មាន​ភិនភាគ​ប្រហាក់ប្រហែល​និង​រថយន្ត​ដែល​ក្រុមហ៊ុន​កុម្ម៉ង់​មក​ឲ្យ ពេលនោះ​ក្រុមហ៊ុន​មិន​ទទួលយក​ឡើយ ហើយ​ពួកគេ​ក៏បាន​ថា​នឹង​យក​រថយន្ត​ថ្មី​មក​ឲ្យ​ហើយក៏​យក​រថយន្ត​ជជុះ​នោះ​ទៅវិញ​បាត់​រហូត​ដល់ពេលនេះ។

មិនតែប៉ុណ្ណោះ​នៅពេល​ឈ្មោះ ចូ ស៊ូ​ពិន ធ្វើជា​ជំនួយការ​របស់​នាយក​ក្រុមហ៊ុន បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មោះ ចូ សាម​ហ្សុ​ង ជា​ឪពុក​បាន​លួច​ដក​សាច់​ប្រាក់​សុទ្ធ​របស់​ក្រុមហ៊ុន​អស់​ចំនួន ៧ ២០៥ ៨៨២​ដុល្លារ​ទៀត ហើយ​រត់​ទៅ​ប្រទេស​កូរ៉េ​វិញ ទើបតែ​ថ្មីៗ​នេះ​បុរស​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ឪពុក​កូន​បានមក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​ ដោយ​ទិញ​ខុន​ដូរ​រស់នៅ និង​ទិញ​រថយន្ត​មាក​រ៉ង់​រ៉ូ​វើ​ពាក់​ស្លាក​លេខ ខម មាន​អង្គរក្ស​ការពារ​ជិះ​ទៀត​ ទើប​ក្រុមហ៊ុន​ដែល​រងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu