ភ្នំពេញ ៖ ស្របពេល ដែលជំនន់ទឹកភ្លៀងបាន និងកំពុងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅសហគមន៍អណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីព្រឹកថ្ងៃទី១៥ កញ្ញានេះ បានដឹកនាំអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាពលូ ប្រឡាយជាក់ស្តែង ដើម្បីរិះរកវិធីសាស្ត្រ រំដោះទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋជាបណ្ដោះអាសន្នសិន ពោលគឺមិនអោយទឹកលិចភូមិដ្ឋានប្រជាពលរដ្ឋនៅត្រាំត្រែងនោះទេ។
លោក ឃួង ស្រេង បានមានប្រសាសន៍អោយដឹងថា ការងារប្រឡាយ លូ នៅតំបន់នេះយើងបានខិតខំប្រឹងប្រែងណាស់ ដោយយើងបាន គិតគូរយូរមកហើយ រហូតបើកការដ្ឋានស្ថាបនាលូ២ខ្សែ នៅសងខាងផ្លូវ១៩៦២ រួមនិងការជីកប្រឡាយទម្លាក់ទៅប្រឡាយសាក់សំពៅផងដែរ ដើម្បីរំដោះទឹកនៅតំបន់នេះ តែយើងធ្វើមិនទាន់ហើយ ហើយគាប់ជួនភ្លៀងប៉ុន្មានថ្ងៃជាប់គ្នា មានបរិមាណទឹកភ្លៀងឡើងដល់៩៣,៦៤មីលីម៉ែត្រ ម្យ៉ាងមានការចាក់ដីបំពេញ ដើម្បីអភិវឌ្ឍន៍ផងនោះ ទើបធ្វើអោយតំបន់នេះលិចលង់តែម្តង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារចំពោះមុខនេះ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ យើងត្រូវតែសម្រុកធ្វើ សំខាន់រំដោះទឹកដែលលិចចេញពីភូមិដ្ឋានរបស់ប្រជាពលរដ្ឋជាបណ្តោះអាសន្នសិន។ ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់។ លោកថា មិនមែន យើងមិនធ្វើទេ គឺយើងបាននិងកំពុងធ្វើហើយ ប៉ុន្តែយើងធ្វើមិនទាន់ តែ ក្រោយពីការដ្ឋានរបស់យើងបានបញ្ចប់ នោះតំបន់នេះវានឹងលែងទទួលការលិចលង់ដូច្នេះទៀតហើយ។
លោកបន្តថា ចំពោះការដោះស្រាយការលិច លង់នេះ រដ្ឋបាលរាជធានីភ្នំពេញបានគិតគូរហើយ និងបានកំពុងធ្វើសកម្មភាពផងដែរ ពិសេសការដោះស្រាយនៅតំបន់សាលាក្តីខ្មែរ ក្រហម ហូរមកប្រឡាយសាក់សំពៅ ទៅបឹងកប់ស្រូវ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ជាក់អោយដឹងថា ដើម្បីដោះស្រាយបញ្ហាលិចលង់នេះ កាលពីព្រឹកថ្ងៃទី១៣ វិច្ឆិកា ២០១៨ កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានដាក់លូ២ខ្សែ នៅសងខាងផ្លូវ១៩៦២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខ មាន
ប្រវែង៩៤០០ម៉ែត្រ ទំហំមួយម៉ែត្រកន្លះ ចាប់ពីវត្តអង្គជុំ ដល់ផ្លូវ២០១១ ដែលអាចរំដោះទឹកចេញពី លើផ្លូវលេខ ២០១១ ពីតំបន់ចំការព្រីង ហូរចូលមកប្រឡាយទូលសំពៅ និងមួយផ្នែកទៀតពីវត្តជុំ ទៅប្រឡាយទូសំពៅ ស្របពេលដែលស្ថានីយទួលសំពៅ បានស្ថាបនារួចនិងមានកម្លាំងបូមខ្លាំងជាងមុន។ លោកបន្តថា ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បាននឹងកំពុងជីប្រឡាយពីវត្តជុំ ទៅប្រឡាយសាក់សំពៅផងដែរ ដោយមកដល់ពេលនេះ ក្រុមការងារជីកបាន១៣០០ម៉ែត្រហើយ គឺនៅសល់តែ៥០០ម៉ែត្រទៀតប៉ុណ្ណោះ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ក្រោយការភ្ជាប់លូផ្លូវ១៩៦២ និងការបញ្ចប់ការជីកប្រឡាយវត្តជុំ ទៅប្រឡាយសាក់សំពៅ រួចរាល់នោះ នឹងធ្វើអោយតំបន់សហគមន៍អណ្តូង និងផ្ទះប្រជាពលរដ្ឋនៅតំបន់ជិតៗគ្នានេះលែងលិចលង់ទៀតហើយ៕
Source: Kampuchea Thmey Daily
0 Comments