បាត់ដំបង ៖ ជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវបានតុលាការ ចេញដីកាបញ្ជាអោយចូលខ្លួនព្រមទាំងត្រូវបានកំលាំងផ្នែកអនុវត្តដីកា នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងចុះទៅឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី នៅខេត្តប៉ៃលិន បន្ទាប់ពីជនជាតិកូរ៉េរូបនេះបានគេចខ្លួនអស់រយៈពេលជាង ២ ឆ្នាំ។
គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានដីកាបញ្ជាអោយចូលខ្លួន លេខ៤៧ អយក/18 ចុះថ្ងៃទី១៤កញ្ញា២០១៨របស់ ព្រះរាជអាជ្ញា នួន សាន រួចមក កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស្នងការរង ជេត វណ្ណនី បានចុះទៅកាន់ខេត្តប៉ៃលិន ព្រមទាំងបានសហការជាមួយកំលាំងស្នងការ នៅទីនោះផង។
ដីកា បានបញ្ជាទៅលើឈ្មោះ លី យ៉ុងស៊ុប ភេទប្រុស អាយុ៦៩ឆ្នាំ ជាជនជាតិកូរ៉េខាងត្បូង មកស្នាក់បណ្តោះអាសន្ននៅប្រទេសកម្ពុជា កាន់លិខិតឆ្លងដែនលេខ M៥៨៥៣៩៣៧១ ដែលត្រូវតុលាការចោទប្រកាន់ពីបទ"ឆបោក" ប្រព្រឹត្តនៅជិតចំណុច ច្រកអន្តរាជាតិដូងស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។
ការឃាត់ខ្លួននេះ គឺបន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុតសៃ ផានខាំភេទស្រី អាយុ៣៦ឆ្នាំ ជាជនជាតិថៃ ដោយបានអះអាងថា កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៦ ជនសង្ស័យខាងលើ បានបបួលនាងអោយបណ្តាក់ទុនរកស៊ីលក់កាក់( Chip ) ក្នុងកាស៊ីណូរបស់គេនៅត្រង់ចំណុចខាងលើ គឺដាក់ទុនចំនួន ២ លាន បាត និងត្រូវទូទាត់គ្នាដោយប្តូរជាសាច់ប្រាក់វិញ នៅរៀងរាល់ ៣ ខែម្តង។
ពាក្យបណ្តឹងបានបន្តថា លុះមិនទាន់ដល់ ៣ ខែផង ក៏ស្រាប់តែជនសង្ស័យខាងលើបិទទ្វារកាស៊ីណូ ដោយមិនព្រមប្តូរកាក់អោយនាងឡើយ ព្រមទាំងបានលបលួចទៅសំងំបើកកាស៊ីណូមួយកន្លែងផ្សេងទៀត ទើបនាងសម្រេចចិត្តប្តឹងតែម្តង ដើម្បីអោយច្បាប់មានវិធានការ។ ក្រោយអនុវត្តដីការួច កំលាំងជំនាញបានបញ្ជូនជនសង្ស័យទៅសាលាដំបូង ខេត្ត ក្នុងការចាត់ការបន្ត៕
Source: Kampuchea Thmey Daily
0 Comments