Ad Code

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ជា​ផ្លូវការ​



ភ្នំពេញ​ ៖ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​បង្កើត​ឡើង​ដោយ​នាយករដ្ឋមន្ត្រី​​កម្ពុជា​នោះ បានចេញ​ជា​រូបរាង​ផ្លូវការ​ហើយ តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ព្រះរាជក្រឹត្យ​នេះ មាន​៧​ជំពូក និង​២១​មាត្រា ស្មើនឹង​៧​ទំព័រ​។



តាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹងថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នេះ បង្កើត​ឡើង​ក្នុង​គោលបំណង​លើកស្ទួយ របប​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដើម្បី​ប្រមូល​ធាតុ​ចូល​នៃ​ទស្សនៈ​ពហុ​គំនិត ជា​ប្រយោជន៍​ដល់​ការស្ថាបនា​ជាតិ​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ មានការ​ចូលរួម​ពី​ថ្នាក់​បក្សនយោបាយ​ទាំងឡាយ ដែល​បាន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ហើយ​ការចួលរួម​របស់​គណ​បក្សនយោបាយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត​របស់​សាមី​គណបក្ស​នីមួយ​នីមួយៗ​។



​ព្រះរាជក្រឹត្យ​បញ្ជាក់ថា គណបក្ស​ស្ថាបនិក ដែល​ប្រើ​ក្នុង​ព្រះរាជក្រឹត្យ​នេះ សំដៅ​ដល់​គណបក្ស​ចំនួន​១៦ ក្នុងចំណោម​គណបក្សនយោបាយ​ទាំង​២០ ដែល​បាន​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា និង​បាន​ចូលរួម​ក្នុងការ​ប្រជុំ​ដំបូង​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ជា​យន្តការ​ពិគ្រោះ និង​ផ្ដល់យោបល់​របស់​គណបក្ស​នយោបាយ​ជូន​រាជរដ្ឋាភិបាល​ក្រៅ​ក្របខណ្ឌ​សភា ក្នុង​គោលដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ការបម្រើ​សេវា​ប្រជាជន និង​ការអភិវឌ្ឍ​សង្គមជាតិ ប្រកបដោយ​សក្តានុពល​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពី​គ្រោះ និង​ផ្ដល់យោបល់ មាន​អាណត្តិ ដូច​អាណត្តិ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ដែរ​។​

​សមាសភាព​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ត្រូវបានចាត់តាំង​ដោយ​គណបក្សនយោបាយ ដោយ​អនុលោម​តាម​មាត្រា​២ នៃ​ព្រះរាជក្រឹត្យ​នេះ ហើយ​ដែល​សាមី​គណបក្សនយោបាយ​នីមួយៗ​ត្រូវបញ្ជូន​ប្រតិភូ​ចំនួន​ពីររូប​។ ក្នុងករណី​មាន​គណបក្សនយោបាយ​ណាមួយ​ក្រៅពី​គណបក្ស​ស្ថាបនិក​សុំចូល​រួម ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​បន្ទាប់ពី​ព្រះរាជក្រឹត្យ​នេះ ចូល​ជា​ធរមាន​គណបក្សនយោបាយ​នោះ ត្រូវដាក់​ពាក្យស្នើសុំ​ជា​ផ្លូវការ និង​ត្រូវមាន​ការយល់ព្រម​ពី​នាយករដ្ឋមន្ត្រី​។ ក្រោយពី​មានការ​យល់ព្រម​ពី​នាយករដ្ឋមន្ត្រី​ស្ដាប់​បក្សនយោបាយ​នោះ ត្រូវបញ្ជូន​ប្រតិភូ​ចំនួន​ពីររូប​ជា​តំណាង​មក​ចូលរួម​។​

​ប្រតិភូ​គណបក្ស​នយោបាយ​មាន​សមាសភាព​ចំនួន​២​រូប គឺ​១​រូប​ជា​ប្រធាន​ប្រតិភូ​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​១​រូប​ទៀត ជា​អនុប្រធាន​ប្រតិភូ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ ប្រតិភូ​គណបក្សនយោបាយ​ម្នាក់ៗ របស់​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​មាន​តួនាទី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ផងដែរ​។ ប្រតិភូ​គណបក្សនយោបាយ គឺជា​ប្រធាន អនុប្រធាន ឬ​អគ្គលេខាធិការ​នៃ​គណបក្សនយោបាយ​សាមី​នីមួយៗ​។ ក្នុងករណី​គណបក្ស​ចាត់តាំង​ឥស្សរជន​កំពូល​របស់​ខ្លួន​ផ្សេង​ពីនេះ តម្រូវ​ឲ្យ​មានការ​យល់ព្រម​ពី​នាយករដ្ឋមន្ត្រី​។

ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ជួបប្រជុំ​ពី​គ្រោះ និង​ផ្លាស់ប្ដូរ​យោបល់​រៀងរាល់​មួយ​ខែ​ម្តង តាម​ការ​កោះប្រជំ​ពី​ប្រធាន​ក្រុមប្រឹក្សា​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ជួប​ប្រជុំ​ពិគ្រោះ និង​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​នាយករដ្ឋមន្ត្រី​ជា​រៀងរាល់​៦​ខែម្តង តាម​ការ​កោះប្រជុំ​របស់​នាយករដ្ឋមន្ត្រី​។ ក្នុងករណី​ចាំបាច់​ក្នុង​ចន្លោះ​៦​ខែ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ អាច​ជួប​ប្រជុំ​ពិគ្រោះ និង​ផ្លាស់ប្ដូរ​យោបល់ ជា​សាមញ្ញ​ជាមួយ​នាយករដ្ឋមន្ត្រី​តាម​ការស្នើសុំ​ពី​ប្រតិភូ​គណបក្ស​ចំនួន​ចំនួន​មួយ​ភាគបី​យ៉ាងតិច​។

ដោយឡែក​នៅ​ជំពូក​ទី​៤ បាន​បញ្ជាក់ថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ មាន​ភារកិច្ច​ចម្បង​ធំ​ចំនួន​៣ គឺ​ទី​១, ផ្ដើមគំនិត ឬ​ផ្ដល់យោបល់​លើ​ការរៀបចំ​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល​ក្រៅ​ក្របខណ្ឌ​សភា ដែល​មានចែង​ក្នុង​មាត្រា​១១ នៃ​រាជក្រឹត្យ​នេះ​។​ទី​២, ផ្ដើមគំនិត​តាក់តែង ឬ​ផ្ដល់យោបល់​លើ​ការរៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់ និង​សេចក្តីព្រាង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងទៀត មក​រាជរដ្ឋាភិបាល ហើយ​និង​ផ្ដល់យោបល់​លើ​សេចក្តីព្រាងច្បាប់ និង​សេចក្តីព្រាង​លិខិតបទដ្ឋាន​គតិយុត្តិ​ផ្សេងទៀត របស់​រាជរដ្ឋាភិបាល​ក្នុងដំណាក់កាល​នៃ​ដំណើរការ​នីតិវិធី​ធ្វើ​ច្បាប់​កំពុង​ឋិត​ក្នុង​ក្របខ័ណ្ឌ​អំណាចនីតិបញ្ញត្តិ ដែល​មានចែង​ក្នុង​មាត្រា​១២ និង​មាត្រា​១៣ នៃ​ព្រះរាជក្រឹត្យ​នេះ​។ ទី​៣, តាមដាន​ដំណើរការ​អនុវត្ត​ច្បាប់ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ទាំង​នៅ​ថ្នាក់ជាតិ ទាំង​នៅ​ថ្នាក់ក្រោម​ជាតិ និង​ផ្ដល់​អនុសាសន៍​កែលម្អ​ភាព​អសកម្ម និង​ភាពមិនប្រក្រតី ដែល​មានចែង​ក្នុង​មាត្រា​១៥ និង​មាត្រា​១៦ នៃ​ព្រះរាជក្រឹត្យ​នេះ​។​

​សូមបញ្ជាក់ថា ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​បង្កើត ឧត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នេះ កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ផ្តល់ឱកាស​ដល់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋសភា​ចូលរួម​បម្រើ​ជាតិ ហើយ​សមាសភាព​នៃ​ឧ​ត្ត​ម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នេះ ត្រូវបាន​ជ្រើស​ចេញពី​គណបក្សនយោបាយ​ចំនួន​១៦ ក្នុងចំណោម​ចំនួន​២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។

ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ គឺជា​យន្ដការ​ថ្មី​មួយទៀត ដើម្បី​ចូលរួម​ឆ្លើយតប​នឹង​ផ្ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទាំងមូល ហើយ​ប្រធាន​គណបក្សនយោបាយ​ទាំងអស់ ដែល​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​នោះ ក៏បាន​ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ​គំនិត​ផ្ដួចផ្តើម​នេះ​ផងដែរ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី គណបក្សនយោបាយ​ចំនួន​៤​ផ្សេងទៀត មិនបាន​ចូលរួម​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នេះ​នៅឡើយ​ទេ ក្នុងនោះ​រួមមាន ១, គណបក្ស​មាតុភូមិ​យើង ២, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ៣, គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​ទី​៤, គណបក្ស​ខ្មែរ​ឈប់​ក្រ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu