ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថា ប្រទេសវៀតណាមបានដាក់ការកុម្ម៉ង់ទិញអាវុធនិងសេវាយោធារបស់រុស្ស៊ីដែលមានតម្លៃជាង១ពាន់លានដុល្លារ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានបង្កើនសមត្ថភាពការពាររបស់ខ្លួន។
សារព័ត៌មាន TASS បានដកស្រង់សម្តីរបស់ប្រធានសេវាសហព័ន្ធរុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការយោធា - បច្ចេកទេសលោក Dmitry Shugayev ដែលបាននិយាយថា “យើងមានការកុម្ម៉ង់ទិញក្នុងតម្លៃច្រើនជាង១ពាន់លានដុល្លារ”។
របាយការណ៍នេះបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីដោយអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះទេ។
វៀតណាមនិងរុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធអស់រយៈពេលជាច្រើនទសវត្សមកហើយ។
រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធដ៏ធំបំផុតរបស់វៀតណាមហើយក្រុមហ៊ុនរុស្ស៊ីជាច្រើនបានចូលរួមនៅក្នុងគម្រោងថាមពលជាច្រើនរបស់វៀតណាម។
ប្រទេសវៀតណាមធ្លាប់បានទិញនាវាមុជទឹកវាយប្រហារ Kilo ដ៏ទំនើបបំផុតចំនួនប្រាំមួយគ្រឿងរួមជាមួយនាវាចម្បាំង យន្តហោះប្រយុទ្ធនិងឧបករណ៍យោធាដទៃទៀតពីប្រទេសរុស្ស៊ី។
វៀតណាមជាប្រទេសនាំចូលអាវុធសកម្មបំផុតមួយរបស់ពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះចំពេលមានការទាមទារទឹកដីកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
យោងតាមរដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា ក្រុមហ៊ុនវៀតណាមនិងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Trong រួមទាំងកិច្ចសហប្រតិបត្តិការវិស័យធនាគារចំនួន៣ផងដែរ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments