ព្រឹត្តិការណ៍ប្រកួតប្រដាល់ជម្រុះដណ្តើមប្រាក់១០លានរៀល របស់ក្រុមហ៊ុនស្រាបៀរGanz berg ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅយប់ថ្ងៃសៅរ៍ទី១៥ ខែកញ្ញាឆ្នាំ២០១៨នេះ ជាការប្រកួតជុំទី៣របស់មាស សុជាតិ ,ង៉ែត រដ្ឋា , ហ៊ឹម សារ៉ាន់ និង អ៊ុំ វណ្ណេត។
សម្រាប់ការប្រកួតជម្រុះទី៣នេះ ដែលមាន២គូ នោះ គឺមាស សុជាតិក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ត្រូវជួបប្រកួតជាមួយ ង៉ែត រដ្ឋា ក្លិបតាព្រហ្មមានជ័យ ហើយហ៊ឹម សារ៉ាន់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបប្រកួតជាមួយ អ៊ុំ វណ្ណេត ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ។
រវាងមាស សុជាតិ និង ង៉ែត រដ្ឋា មិនធ្លាប់ដែលប៉ះគ្នាទេកន្លងមក ។ ពួកគេទាំងពីរ សុទ្ធតែមានសមត្ថភាពបច្ចេកទេសខ្ពស់ដូចគ្នា ដែលមិនមាននរណាហ៊ានមើលស្រាលគ្នានោះទេ ក្នុងការជួបគ្នាលើកដំបូងនេះ ។
កាលពីប្រកួតជុំទី២ មាស សុជាតិ ឈ្នះប៊ី ចាន់ណា ក្នុងទឹកទី៣ បាន៣ពិន្ទុសរុប២ជុំ សុជាតិ បាន៦ពិន្ទុ ដោយសារឈ្នះទាំងពីរជុំ ។ ឯ ង៉ែត្រ រដ្ឋា ប្រកួតជុំទី២ បានបោះបង់ការប្រកួត ធ្វើអោយ មុត ខ្លឹមខ្មៅ ឈ្នះដោយស្វ័យប្រវត្តិ។ដូច្នេះ រដ្ឋាបានតែ៣ពិន្ទុប៉ុណ្ណោះ ហើយសរុប២ជុំ បាន៣ពិន្ទុ ដោយវាយឈ្នះ១និងបោះបង់ការប្រកួត១ប្រកួត ។
ចាំមើល តើក្នុងការប្រកួតជុំទី៣នេះ រវាងមាស សុជាតិ និង ង៉ែត្រ រដ្ឋា ជួបគ្នាលើកនេះ តើអ្នកណារកបាន៣ពិន្ទុបន្ថែមនោះ? ។
ចំពោះ ការជួបគ្នា រវាងហ៊ឹម សារ៉ាន់ និង អ៊ុំ វណ្ណេត វិញនោះ ក៏ពុំធ្លាប់ជួបគ្នាដែរពីមុនមក ។ពីរនាក់នេះ ឆ្លងកាត់ពីរប្រកួតរួចហើយដូចគ្នា ដែលហ៊ឹម សារ៉ាន់ គេប្រកួត២ជុំកន្លងមកចាញ់ទាំង២ជុំ បាន២ពិន្ទុ ហើយអ៊ុំ វណ្ណេត ពីរប្រកួតកន្លងមក ឈ្នះ១ ចាញ់១ប្រកួត បាន៤ពិន្ទុ ។
សម្រាប់ការជួបគ្នាក្នុងជុំទី៣នេះ ទោះជាគេមិនហ៊ានទស្សន៍ទាយមុនថានរណាជាអ្នកឈ្នះនោះ ក៏គេរំពឹងទុកថាអ៊ុំ វណ្ណេត ជាអ្នកដែលមានប្រៀបឈ្នះលើហ៊ឹម សារ៉ាន់ដែរ ។ដូច្នេះចាំ មើល ការប្រកួតជាក់ស្តែង តើនរណាជាអ្នកឈ្នះនោះ ?។
ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមប្រាក់១០លានរៀលរបស់ក្រុម ហ៊ុនស្រាបៀរGanz berg ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងចាស់ចំនួន០៨នាក់ មកពីសមាគមក្លិបចំនួន៨ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។
ចំពោះរូបមន្តនៃការប្រកួត គឺធ្វើតាមរូបមន្តវិលជុំសន្សំពិន្ទុក្នុងពូល ដោយអ្នកទាំង ៨ ត្រូវជួបគ្នាទាំងអស់ ។ការប្រកួតជម្រុះទម្លាក់ចោល ៦ នាក់ចេញទុក ១ នាក់ដែលមានពិន្ទុលើសគេក្នុងពូលនីមួយៗ ពោលគឺយកលេខ១ពូលA និងលេខ១ពូលB ដើម្បីឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមយកប្រាក់១០លានរៀលតែម្តង៕
Source: Kampuchea Thmey Daily
0 Comments