កាលពីថ្ងៃពុធ ព្យុះសង្ឃរា Florence បានស្ថិតនៅលើផ្លូវទៅវាយប្រហារលើឆ្នេរភាគខាងកើតនៃសហរដ្ឋអាមេរិក ខណៈមនុស្សរាប់លាននាក់ត្រូវបានជំរុញឲ្យរត់គេចចេញពីឆ្នេរសមុទ្រមុនពេលព្យុះនេះ ត្រូវបានគេប្រកាសថា នឹងមកដល់ជាមួយភ្លៀងធ្លាក់ខ្លាំង។
រដ្ឋ Georgia បានចូលរួមជាមួយរដ្ឋឆ្នេរសមុទ្រចំនួន៤ផ្សេងទៀតដែលបានចេញសេចក្តីប្រកាសអាសន្នខណៈការព្យាករណ៍ចុងក្រោយបំផុតបានបង្ហាញថា ព្យុះ Florence បានទម្លាក់ទឹកភ្លៀងក្នុងកម្រិតជាប្រវត្តិសាស្ត្រនៅរដ្ឋភាគខាងត្បូង។
ខណៈដែលព្យុះ Florence ចូលកាន់តែជិតដើម្បីធ្វើការវាយប្រហារអាក្រក់បំផុតលើតំបន់នេះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនោះ លោកប្រធានាធិបតី Donald Trump និងមន្ត្រីរដ្ឋនិងថ្នាក់មូលដ្ឋានបានជំរុញពលរដ្ឋដែលស្ថិតនៅចំផ្លូវនៃព្យុះនេះត្រូវជម្លៀសកុំឲ្យយឺតពេលទាន់។
ការអំពាវនាវឲ្យស្នាក់នៅកន្លែងមានសុវត្ថិភាពបានកើតឡើងនៅពេលអវកាសយានិកអាល្លឺម៉ង់លោក Alexander Gerst បានបង្ហោះរូបថតនៃព្យុះសង្ឃរានេះដែលត្រូវបានថតចេញពីស្ថានីយអវកាសអន្ដរជាតិរួមជាមួយការព្រមានថា “សូមប្រយ័ត្ន, អាមេរិក!”។
មជ្ឈមណ្ឌលព្យុះជាតិ (NHC) បាននិយាយថា កម្លាំងខ្យល់របស់ព្យុះ Florence បានថយចុះបន្តិចដល់១១៥ម៉ាយល៍ក្នុងមួយម៉ោងហើយវាត្រូវបានទម្លាក់ទៅជាព្យុះប្រភេទ៣ពីប្រភេទទី៤នៅលើមាត្រដ្ឋានខ្យល់ Saffir-Simpson ដែលមានប្រាំកម្រិត។
ទោះបីជាយ៉ាងណាក៏ដោយ NHC ដែលមានមូលដ្ឋាននៅទីក្រុង Miami បានសង្កត់ធ្ងន់ថា ខណៈពលដែលការធ្លាក់ចុះយឺតត្រូវបានគេរំពឹងទុកក្នុងរយៈពេល២៤ម៉ោងខាងមុខនោះ “ព្យុះ Florence នៅតែត្រូវបានគេព្យាករណ៍ថានឹងក្លាយជាព្យុះសង្ឃរាដ៏ធំពោរពេញដោយគ្រោះថ្នាក់បំផុតមួយនៅពេលដែលវាទៅជិតឆ្នេរសមុទ្រសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ”។
មនុស្សរហូតដល់ទៅ១.៧លាននាក់បានស្ថិតនៅក្រោមការបញ្ជាឲ្យជម្លៀសដោយស្ម័គ្រចិត្តឬចាំបាច់។
ព្យុះ Florence ត្រូវបានគេព្យាករណ៍ថានឹងទម្លាក់ទឹកភ្លៀងក្នុងកម្រិតរហូតដល់ទៅមួយម៉ែត្រនៅ តំបន់មួយចំនួនបន្ទាប់ពីវាបង្កឲ្យបាក់ដីក្នុងរដ្ឋ North និង South Carolina ។
អភិបាលរដ្ឋ Georgia លោក Nathan Deal បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន។ ស្ថានភាពអាសន្ននេះក៏ត្រូវបានប្រកាសផងដែរនៅក្នុងរដ្ឋ Maryland, North Carolina, South Carolina, Virginia និងនៅទីក្រុង Washington ៕ AFP
Source: Kampuchea Thmey Daily
0 Comments