ភ្នំពេញ ៖ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅកាលពីរសៀលថ្ងៃទី១៩ ខែតុលានេះ លោកបានជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨(បាក់ឌុប)ចំនួន៦នាក់ដែលបានជាប់និទ្ទេសA។
លោកចេង មុនីរ៉ា បានមានប្រសាសន៍ថា លោកមានក្តីរំភើបរីករាយពេលទទួលដំណឹងថាប្អូនៗចំនួន៦នាក់បានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសA។ ចំពោះការយឺតយ៉ាវក្នុងការជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗនោះគឺដោយសារលោកអភិបាលខណ្ឌកំពុងមមាញឹកក្នុងការចុះជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅដែលរងគ្រោះដោយទឹកជំនន់ទាំង៨សង្កាត់។ រហូតមកដល់រសៀលថ្ងៃទី១៩ ខែតុលានេះ លោកអភិបាលខណ្ឌក៏បានរៀបចំពេលវេលាដើម្បីជួបសំណេះសំណាលជាមួយប្អូនៗរួមទាំងអាណាព្យាបាលសិស្សពិសេសជួបជាមួយលោកគ្រូអ្នកគ្រូចំនួន១៤នាក់ដែលបានបង្រៀនវគ្គបំប៉នដល់ប្អូនៗសិស្សថ្នាក់ទី១២មុនពេលប្រឡងយកសញ្ញាបត្រ។
លោកចេង មុនីរ៉ា បានបញ្ជាក់ទៀតថា លោកសូមកោតសរសើរដល់ប្អូនៗទាំង៦នាក់ដែលខិតខំយកចិត្តទុកដាក់ក្នុងការសិក្សាទើបទទួលបាននិទ្ទេសAបែបនេះ។ នេះគឺជាលទ្ធផលដល់ប្អូនៗដែលខិតខំសិក្សារហូតទទួលបានពិន្ទុល្អបែបនេះ និងធ្វើឲ្យក្រុមគ្រួសារប្អូនៗរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបាន។ ហើយដើម្បីជាការលើកទឹកចិត្តដល់ប្អូនទាំង៦នាក់ គឺលោកអភិបាលខណ្ឌច្បារអំពៅបានផ្តល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗដែលម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ(Lap top Dell)ម្នាក់១គ្រឿងទៀតផង។ ក្នុងនោះដែរ លោកគ្រូអ្នកគ្រូទាំង១៤នាក់ក៏ទទួលបានប្រាក់ឧបត្ថម្ភមួយចំនួនផងដែរ។
គួរបញ្ជាក់ថា សិស្សទាំង៦នាក់ដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ទាំង៦នាក់នេះគឺជាសិស្សមកពីវិទ្យាស្ថានប៊ែលធីអន្តរជាតិសាខាច្បារអំពៅចំនួន៣នាក់និងសិស្សមកពីសាលា វេស្ទឡាញន៍សាខាច្បារអំពៅចំនួន៣នាក់៕
Source: Kampuchea Thmey Daily
0 Comments