ភ្នំពេញ ៖ ចាប់តាំងពីមានគ្រោះធម្មជាតិបាក់ដីច្រាំងទន្លេមេគង្គក្រោមវត្តក្តីតាកុយមក លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចម្រុះចុះទៅដល់ទីតាំងកើតហេតុដើម្បីរកវិធីដោះស្រាយ និងទប់ស្កាត់កុំឲ្យបាក់ស្រុតបន្តទៀត។
យោងតាមប្រសាសន៍របស់លោកចេង មុនីរ៉ា បានឲ្យកម្ពុជាថ្មីដឹងថា គ្រោះធម្មជាតិបាក់ស្រុតដីច្រាំងទន្លេនៅក្រោយវត្តក្តីតាកុយស្ថិតក្នុងសង្កាត់វាលស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ចាប់តាំងពីរសៀលថ្ងៃទី២០ ខែតុលាមកដល់ថ្ងៃទី២២ខែតុលា គឺការបាក់ច្រាំងនេះបង្កឲ្យមានចេតិយចំនួន២បានបាក់ចូលទៅក្នុងទន្លេ។
លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា នៅពេលមានការបាក់ច្រាំងទន្លេភ្លាមៗមកលោកបានដឹកនាំកម្លាំងចម្រុះ និងជំនាញចុះទៅពិនិត្យស្ថានភាពផ្ទាល់ និងរកវិធីដោះស្រាយដោយដឹកយកដីខ្សាច់មកច្រកក្នុងបាវធំៗ រួចយកទៅទប់នៅបាតក្រោមនៃច្រាំង ដែលមានទឹកហូរខ្មួលខ្មាញ់ពីក្រោមដើម្បីទប់ទល់កុំឲ្យបាក់ជាបន្ត។ លទ្ធផលនៃការទប់ដោយយកបាវធំៗច្រកខ្សាច់នេះគឺបានទប់ស្កាត់នៃការបាក់ ដែលមកដល់នឹងថ្ងៃទី២២ខែតុលានេះមានចេតិយចំនួន២ប៉ុណ្ណោះដែលបានចូលទៅក្នុងទន្លេ។
លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា ចាប់តាំងពីមានគ្រោះធម្មជាតិបាក់ច្រាំងទន្លេនេះមកគឺកម្លាំងអាជ្ញាធរខណ្ឌច្បារអំពៅបានយាមប្រចាំការនិងដាក់គ្រឿងចក្រកាយខ្សាច់ច្រកក្នុងបាវដាក់ទប់ចំណុចដែលបាក់ទាំងយប់ទាំងថ្ងៃមិនឲ្យដាច់ឡើយ។
បើតាមការរៀបរាប់ពីបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរវត្តក្តីតាកុយបាននិយាយថា ការបាក់ច្រាំងទន្លេក្នុងវត្តក្តីតាកុយនេះគឺមានប្រមាណជាង២០ឆ្នាំមកហើយ ដែលដីច្រាំងទន្លេចាស់មានវាលខ្សាច់ឆ្ងាយពីច្រាំងទន្លេដែលកំពុងបាក់នេះជាង១០០ម៉ែត្រឯណោះ។
ចំពោះការបាក់ដីច្រាំងទន្លេនេះគឺរាល់រដូវទឹកធំគឺតែងតែមានគ្រោះធម្មជាតិបាក់ច្រាំងទន្លេនៅពេលដែលទឹកបានស្រកចុះ។ចំពោះអ្នករស់នៅតាមដងទន្លេគឺតែងតែជួបនូវគ្រោះធម្មជាតិបាក់ច្រាំងជារៀងរហូតមកមិនថាតែក្នុងទឹកដីសង្កាត់វាលស្បូវនេះទេ ហើយអ្វីដែលប្រជាពលរដ្ឋមានសេចក្តីត្រេកអរនោះគឺមានជួយអន្តរាគមន៍ពីលោកអភិបាលខណ្ឌច្បារអំពៅដែលលោកបានដឹកនាំកម្លាំងចុះច្រកដីខ្សាច់ដាក់ក្នុងបាវធំៗយកទៅទប់នៅចំណុចបាក់ទើបធ្វើឲ្យការបាក់ច្រាំងលែងមានបន្តទៅទៀត។
ប្រជាពលរដ្ឋបានបញ្ជាក់ថាបើគ្មានវិធានការណ៍យកបាវធំៗច្រកដីខ្សាច់ទម្លាក់ទៅចំណុចដែលកំពុងបាក់ទេនោះគឺកម្លាំងទឹកកួចពីខាងក្រោមច្រាំងនិងបន្តហូរបាក់ដីបន្ថែមទៀតជាមិនខាន៕
Source: Kampuchea Thmey Daily
0 Comments