ភ្នំពេញ ៖ ឯកឧត្ដម Binaly Yidirim ប្រធានរដ្ឋសភា នៃសាធារណរដ្ឋទួរគី បានមានប្រសាសន៍សម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជា ដែលបានជ្រើសរើសយកប្រទេសទួរគីសម្រាប់ដំណើរបំពេញទស្សនកិច្ចការងារជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដែលទើបមានអាយុ២០ឆ្នាំកន្លងមក។
ឯកឧត្តមបានបន្ដថា តាមរយៈទស្សនកិច្ចនេះ នឹងជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចពីគ្រប់កម្រិតទាំងអស់ ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែមានការរីកចម្រើនប្រសើរឡើងថែមទៀត។
ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅរសៀលថ្ងៃទី២០តុលា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអ៊ីស្តានប៊ុល សាធារណរដ្ឋទួរគី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្ដែងការគួរសម និងទទួលទានអាហារការងារពេលថ្ងៃត្រង់ជាមួយ ឯកឧត្តម ប៊ីណាលី យីដីរីម (Binaly Yidirim) ប្រធានរដ្ឋសភា និងជាអតីត នាយករដ្ឋមន្ត្រីទួរគី។
ក្នុងពិធីនោះ មេដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា-ទួរគី បានអញ្ជើញជួបពិភាក្សាគ្នាទល់មុខគ្នា ដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅនឹងការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ទួរគីឱ្យកាន់តែរឹងមាំនិងរីកចម្រើនទ្វេឡើងថែមទៀត ពិសេសគម្រោងនៃការបើកស្ថានឯកអគ្គរាជទូតរបស់ព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋទួរគីឱ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន បន្ទាប់ពីប្រទេសទួរគី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៣កន្លងទៅ។
ក្នុងជំនួបនោះដែរ សម្តេចតេជោ និងឯកឧត្តមប្រធានសភាទួរគី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះ រួមទាំងការជំរុញឱ្យមានការហោះហើរត្រង់ពីទួរគី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ប្រធានសភាទួរគី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅកាន់បញ្ហាទ្វេភាគី បញ្ហាពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសការបង្កើនជំនឿទុកចិត្តនិងជួយគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលផ្តល់នូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅ មក។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៅកាន់ ឯកឧត្តមប្រធានសភាដែរថា សម្តេចតែងតែចង់មកកាន់ ប្រទេសទួរគីនេះជាយូរមកហើយ ព្រោះថាទួរគីគឺជាដែនដី នៃការតភ្ជាប់ទ្វីបអាស៊ី និងទ្វីបអឺរ៉ុប និងបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ និងជាលើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រ នៃមេដឹកនាំកម្ពុជាដំបូងគេ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចការងារ នៅសាធារណរដ្ឋទួរគី។ ក្នុងជំនួបពិភាក្សាការងារនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានសភា ទួរគី បានធ្វើការផ្លាស់ប្តូរទស្សនាគ្នា ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ច ពីគ្រប់ កម្រិតទាំងអស់ នៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែមានកម្រិតខ្ពស់ថែមទៀត។
បន្ទាប់ពីជំនួបរួចមក ឯកឧត្តម ប៊ីណាលី យីដីរីម ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្ត្រីទួរគី បានប្រារព្វរៀបចំនូវពិធីទទួលទានអាហារការងារពេលថ្ងៃត្រង់ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអីស្តានប៊ុល សាធារណរដ្ឋទួរគី។
សូមបញ្ជាក់ដែរថា ទួរគីនិងកម្ពុជា ជាប្រទេសដែល មានអារ្យធម៌យូរលងណាស់មកហើយ ក្នុងនោះប្រទេសកម្ពុជាត្រូវបានគេស្គាល់តាមរយៈចក្រភពអង្គរ ហើយប្រទេសទួរគីត្រូវបានគេស្គាល់តាមរយៈចក្រភព ប៊ីហ្សេនថាញ់ (Byzantine) និងបន្ទាប់មកចក្រភពអូតូម៉ង់ (Ottoman)។ បើទោះបីជាព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋទួរគី មានចំណងមិត្តភាពផ្នែកការទូតទើបតែជាងពីរទសវត្សរ៍ក៏ពិតមែន ប៉ុន្តែទំនាក់ទំនង នៃប្រទេសទាំងពីរមានភាពរឹងមាំ ដោយឈរលើគោលការណ៍ជំនឿទុកចិត្តគ្នា និងគោរពគ្នា មិន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងខ្លួន ពិសេសបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត៕
Source: Kampuchea Thmey Daily
0 Comments