ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរដែនដីបានយកពេលវេលាចុងសប្តាហ៍ចុះទៅពិនិត្យមើលទីតាំងភូមិសាស្ត្រមួយចំនួននៅចំណុចដងនង្គ័លជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យដែលតែងលិចលង់ខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង។
លំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួននៅចំណុចខាងលើនេះក៏ទទួលរងផលប៉ះពាល់ដែរពីជំនន់ទឹកភ្លៀងនេះ។ អាជ្ញាធរខណ្ឌពោធិសែនជ័យ ក៏ដូចរដ្ឋបាលរាជធានីភ្នំពេញមានការខ្វល់ខ្វាយនិងគិតគូរពីបញ្ហានេះដើម្បីរកវិធានការរំដោះ ទឹកចេញក្រៅភូមិសាស្ត្រឲ្យមានប្រសិទ្ធភាព។
លោកឃួង ស្រេង ក៏បានណែនាំឲ្យ ក្រុមហ៊ុនដូនពេញ ដែលទទួលម៉ៅការដាក់ប្រព័ន្ធលូនៅចំណុចដងនង្គ័លលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ីឲ្យកែលំអលក្ខណៈបច្ចេកទេសនៃការរៀបអណ្តូងលូដើម្បីធានាឲ្យទឹកហូរបាននិងទាន់ពេលវេលា។
មន្ត្រីផ្នែកលូទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យដឹងថា នៅតំបន់នេះ ប្រព័ន្ធលូបានភ្ជាប់គ្នាអស់ហើយ។ តែចំណុចត្រូវដោះស្រាយបន្តគឺ ការស្តារប្រឡាយចំការឪឡឹកនិងប្រឡាយទួលសំពៅឲ្យបានជាប់គ្នាដើម្បីនាំទឹកទៅកាន់ស្ថានីយបូមទឹក ទួលសំពៅឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្ន ប្រឡាយទួលសំពៅ,ប្រឡាយតាំង ក្រសាំងបានទទួលរងការរំលោភបំពាន,ការចាក់ដីលប់ ការបោះសំរាមចូលប្រឡាយនិងមានស្មៅ និងរុក្ខជាតិផ្សេងៗដុះយ៉ាងច្រើនលើពោះប្រឡាយ ដែល ជាមូលហេតុចំបងមួយធ្វើឲ្យប្រឡាយគោករាក់ ទឹកហូរមិនទាន់ដែលទាមទារឲ្យមានការស្តារនិងកែលំអរឡើងវិញ។
លោកអភិបាលក្នុងឱកាសនោះបានណែនាំឲ្យមានការឆែកមើលឡើងវិញទាំងអស់ប្រព័ន្ធលូនៅចំណុចដែលមានការស្ទះទឹក និងស្តារប្រព័ន្ធលូ ចាស់,ដាក់ប្រព័ន្ធលូថ្មី។ លោកអភិបាលក៏បានណែនាំផងដែរ ឲ្យបើកកិច្ចប្រជុំនៅសប្តាហ៍ក្រោយជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីដើម្បីរិះរកវិធានការឲ្យមានប្រសិទ្ធភាពក្នុងការរំដោះជំនន់ទឹកភ្លៀងនៅចំណុចខាងលើនេះ។ ក្នុងការរៀបចំដាក់ប្រព័ន្ធលូនេះ អាជ្ញាធរត្រូវតែម៉ត់ចត់ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋតាមការងារជាក់ស្តែង និងត្រូវវះកាត់ខ្លះទើបការងាររំដោះទឹកនេះសំ រេចបានជោគជ័យ។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ អាជ្ញាធរខណ្ឌពោ សែនជ័យ និងខណ្ឌសែនសុខរួមជាមួយមន្ទីរសាធារណការ បានដំណើរការស្តារប្រឡាយទួលសំពៅដែលជាប់ភូមិសាស្ត្រខណ្ឌទាំង២។
ប្រឡាយទួលសំពៅនេះ មានតួនាទីសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងចេញពីតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងតំបន់ជុំវិញ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញមានគំរោងសាងសង់ស្ពានកាត់ទទឹងប្រឡាយទួលសំពៅចំនួន៥កន្លែង ដែលជាការជួយសម្រួលចរន្តទឹកឲ្យហូរបានលឿន។
ស្របពេលនេះដែរ មន្ទីរសាធារណការនិងដឹកជញ្ជូន បានលើកសំណើទៅសាលារាជធានីភ្នំពេញដើម្បីដំណើរការ ស្តារប្រឡាយស្តឹងមានជ័យ និងប្រឡាយបឹងទំពន់ដែលស្ថិតក្នុងការថែទាំជាប្រចាំប្រឡាយដែលមានសារសំខាន់ក្នុងការរំដោះទឹកនៅប៉ែកខាងត្បូង និងខាងលិចរាជធានីភ្នំពេញផងដែរ៕
Source: Kampuchea Thmey Daily
0 Comments