សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា លោកសារិទ្ធ បញ្ញា អធិការរងនគរបាលក្រុងសៀមរាបទទួលបន្ទុកកិច្ចការប៉ុស្តិ៍ បានទាញកាំបិតបុ័ងតោគប់ទៅលើកូនចៅរបស់ខ្លួនបណ្តាលឲ្យបែកក្បាលនោះគឺមកពីនិយាយណែនាំកូនចៅមិនស្តាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៤៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ក្នុងអធិការនគរបាលក្រុងសៀមរាប។
សេចក្តីរាយការណ៍មួយបានឲ្យដឹងថា ពិតជាមានករណីលោកអធិការរងនគរបាលក្រុងសៀមរាប ឈ្មោះ លោកសារិទ្ធ បញ្ញា ទទួលបន្ទុកកិច្ចការប៉ុស្តិ៍ បានស្រវឹងជោគជាំ ប្រើអំពើហិង្សាលើកូនចៅ បណ្តាលឲ្យបែកក្បាលដេរ៣ ថ្នេរមែន។ ប្រភពបន្តថា ជនរងគ្រោះមានឈ្មោះ លីវ សុឈុនលេង ភេទប្រុស អាយុ២៨ឆ្នាំ មុខងារជានាយរងផ្នែក នៃអធិការក្រុង។
នៅពេលកើតហេតុគឺជាវេនរបស់ជនរងគ្រោះយាមប្រចាំការ កំពុងអង្គុយផឹកស៊ីប្រចាំការនៅអធិការក្រុងសៀមរាប តាមវេនរបស់ខ្លួន ស្រាប់តែលោកអធិការរងខាងលើ បានស្រវឹងជោកជាំមិនដឹងមកពីណាទេ បានប្រើពាក្យសម្តីមិនសមរម្យមកលើជនរងគ្រោះ។
ពេលនោះក៏បានប្រកែកគ្នាបន្តិចបន្តួចលោកអធិការរងខឹងក៏ទាញកាំបិតដែលនៅជិតខ្លួនគប់មកលើជនរងគ្រោះបណ្តាលឲ្យបែកក្បាលរយះហូរចេញឈាមភ្លាមៗពេលនោះជនរងគ្រោះមិនបានតបតវិញទេហើយដើរចេញទៅរកពេទ្យដើម្បីព្យាបាលរបួសតែម្តង។ ចំណែកប្រភពមួយទៀតបានឲ្យដឹងថា រឿងរ៉ាវនេះវាជាកំហុសរបស់លោកអធិការរងនោះមែន។ ប៉ុន្តែតាមដឹងកូនចៅរូបនេះមានតួនាទីជាកូនចៅរបស់លោកអធិការរង ហើយមិនសូវបានបំពេញការងារក្នុងផ្នែក របស់ខ្លួនទើប លោកអធិការរង ខាងលើបានទាមទាររបាយការណ៍តែកូនចៅគ្មានហើយបានតមាត់ ទើបបណ្តាលឲ្យខឹងមួយឆាវបែបនេះ។
ជុំវិញករណីនេះ លោកវរសេនីយ៍ឯក អៀង មករា នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២០ខែតុលានេះថា រឿងនេះខាងលោកបានហៅខាងភាគីបង្កមកហើយ ដោយជនបង្កបានទទួលស្គាល់កំហុស និងសន្យាឈប់ធ្វើបែបហ្នឹងទៀតហើយ។
ចំណែកជនរងគ្រោះថ្ងៃស្អែកនិងត្រូវហៅមកនិយាយគ្នាដែរ។ លោកបន្តថា តាមពិតទៅនេះជារឿងផ្ទៃក្នុងដែលលោកអធិការរងខាងលើជាមេកោយមានចិត្តឆេវឆាវពេក។ ចំណែកកូនចៅក៏មិនសូវស្តាប់មេកោយ។ ចឹងទេ ក្នុងនាមលោកជានគរបាលជំនាញ បានព្យាយាមសម្របសម្រួលដើម្បីឲ្យអ្នកទាំង២ចេះស្រឡាញ់គ្នានិងសហការធ្វើការងារជូនសង្គមជាតិឡើងវិញ៕
Source: Kampuchea Thmey Daily
0 Comments