អ្នកចាំទីក្លិបបាល់ទាត់វិសាខា កែវ សុខសិលា បានបន្ថែមរបរថ្មី លើអាជីពបាល់ទាត់មួយទៀត គឺការបើកតូបលក់កាហ្វេលក្ខណៈគ្រួសារមួយ ដោយដាក់ឈ្មោះថា KSS Coffee ក្រោមកិច្ចសហការផ្ទាល់ជាមួយបងស្រីបង្កើតរបស់ខ្លួន ដែលមានទីតាំងនៅកែងផ្លូវ៣១៧ និងផ្លូវ៣២៣ កែងស្ថានីយប្រេងឥន្ធនៈ PTT នៃវិទ្យាល័យឥន្ទ្រទេវី។
អ្នកចាំទីសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា រូបនេះបានបញ្ជាក់ថា តូបកាហ្វេនេះប្រើឈ្មោះកាត់របស់ខ្លួនថា KSS Coffee ហើយបានចាប់ផ្ដើមដំណើរការផ្លូវការ នៅថ្ងៃពុធ សប្ដាហ៍នេះបន្ទាប់ពីមានការពិភាក្សា និងទទួលបានការជ្រោមជ្រែងពីក្រុមគ្រួសារ ពិសេសបងស្រីបង្កើតរបស់ខ្លួន ដើម្បីស្វែងរកចំណូលបន្ថែមលើអាជីពបាល់ទាត់។
កែវ សុខសិលា បានបញ្ជាក់ថា «ខ្ទង់ចំណាយលើការបើកកាហ្វេហ្នឹងខ្ទង់៦០០០ដុល្លារ ហើយថវិកានេះ បានមកការសន្សំប្រាក់ខែបាល់ទាត់ និងថវិកាបងស្រីខ្ញុំដែលយើងចូលហ៊ុនគ្នាបើក។ និយាយរួមទៅ ខ្ញុំឃើញបច្ចុប្បន្នកាហ្វេមានការគាំទ្រច្រើន។ ណាមួយខ្ញុំគិតថា ខ្ញុំមានគេស្គាល់ អីចឹងបើកទៅអាចមានការគាំទ្រ»។ យ៉ាងណាមិញការបើកតូបកាហ្វេលក្ខណៈគ្រួសារនេះ អ្នកចាំទីជម្រើសជាតិកម្ពុជាដដែល បានអះអាងថា នឹងមិនធ្វើឲ្យប៉ះពាល់ដល់អាជីពបាល់ទាត់ ដែលខ្លួនស្រលាញ់តាំងពីតូចនោះទេ ដោយគ្រាន់តែខ្លួនឆ្លៀតពេលទំនេរពីការហ្វឹកហាត់មកជួយខ្លះៗប៉ុណ្ណោះ គ្រាដែលការងារមើលការខុសត្រូវពេញម៉ោង គឺជាបន្ទុករបស់បងស្រី និងបងថ្លៃរបស់ខ្លួន។
កីឡាករដែលមានដើមកំណើតនៅរាជធានីភ្នំពេញ រូបនេះបានចូលរួមជាមួយក្រុមវិសាខា នៅឆ្នាំ២០១៨ នេះខណៈរូបគេលេចចេញពីថ្នាលយុវជន របស់ភ្នំពេញក្រោន គិតតាំងពីឆ្នាំ២០១១ មកម្ល៉េះមុនពេលដំឡើងមកក្រុមធំនៅឆ្នាំ២០១៥ ដោយនៅរដូវកាលដំបូងបានបង្ហាញ២លើកចុងក្រោយជួយអោយឈ្នះលីគកំពូលកម្ពុជា ខណៈធ្លាប់ជាប់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំនិង១៩ឆ្នាំផងដែរ៕
Source: Kampuchea Thmey Daily
0 Comments