លោក ហុក សុជីវ័ន គ្រូបង្គោលរបស់ក្លឹបបាល់ទាត់វិសាខា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានកីឡាករយុវជន ៥នាក់ ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសរំសាយពីក្រុមសាលាបាល់ទាត់ជាតិបាទី កាលពីពេលថ្មីៗ ហើយលោកសង្ឃឹមថា ពួកគេនឹងក្លាយជាផ្នែកមួយដ៏សំខាន់ សម្រាប់ក្លិបនៅថ្ងៃអនាគត។
កីឡាករមកពីបាទី ៥នាក់នោះរួមមាន ទៀត គឹមហេង, ទូច គឹមឆាយ, ផុន តៃនិញ, ឡុង ម៉េងហាវ និងអ្នកចាំទី គង់ ពីលត់។ លោកគ្រូបង្វឹកកាន់អាជ្ញាប័ណ្ឌ AFC A License រូបនេះបានសម្លឹងឃើញថាពួកគេមានសមត្ថភាព បច្ចេកទេស និងបទពិសោធន៍គ្រប់គ្រាន់ កាលពីលេងឲ្យក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី តែការចូលរួមជាមួយក្លឹបអាជីពលើកដំបូង ច្បាស់ណាស់ពួកគេត្រូវមានការផ្លាស់ប្ដូរ និងពង្រឹងបន្ថែម ពាក់ព័ន្ធនឹងសតិអារម្មណ៍ កាយសម្បទា និងតិចនិចជាក្រុមជាដើម។
វិបសាយផ្លូវការរបស់ក្លិបចំណាត់ថ្នាក់លេខ៣លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៨ នេះបានស្រង់សម្តីគ្រូបង្វឹករបស់ខ្លួនថា «ពួកគាត់មកទីនេះ ដើម្បីទទួលយកនូវបទពិសោធន៍ថ្មី និងការប្រជែងខ្លាំង ជាក់ស្ដែងដូច សាន គឹមហេង គាត់ចេញពីសាលាបាល់ទាត់ជាតិបាទី មកវិសាខាមុនគេ គាត់បានបង្ហាញនូវការប្រជែងខ្លាំង ដែលធ្វើឲ្យគាត់មានឱកាសលេងច្រើន ។ ដូចគ្នាដែរ សម្រាប់ពួកគាត់ ទើបចូលរួមជាមួយយើង យើងមិនរំពឹងពួកគាត់មកទីនេះ ដើម្បីក្លាយជាកីឡាករលេចធ្លោភ្លាមៗ ឬពួកគាត់អាចជួយក្លឹប ១០០% នោះទេ អ្វីដែលយើងរំពឹង គឺការចូលរួមពួកគាត់ ជារឿងមួយល្អសម្រាប់ពួកគាត់ និងក្លឹបដើម្បីអនាគតរបស់ក្លឹប ព្រោះពួកគាត់នៅវ័យក្មេង»។
ការលើកឡើងនេះ ដោយសារលោកជឿជាក់លើកូនក្រុមថ្មីទាំង ៥រូប នឹងព្យាយាមធ្វើបានល្អ ដូចកីឡាករ សាន គឹមហេង ដែលបានបង្ហាញទម្រង់លេងដ៏ទាក់ទាញកាលពីរដូវកាលមុន។ លោកបន្តថា «ពួកគាត់នឹងព្យាយាមយកបទពិសោធន៍ពីរៀមច្បង និងកីឡាករបរទេស ដែលមានកម្រិតប្រកួតប្រជែងខ្លាំង។ ជាក់ស្ដែងឆ្នាំមុន យើងមិនរំពឹងខ្ពស់ សម្រាប់កីឡាករ សាន គឹមហេង ទេ តែក្រោយគាត់មកភ្លាម គាត់ប្រើពេល ៣ខែ គាត់បានអភិវឌ្ឍន៍ខ្លួនយ៉ាងលឿន ធ្វើឲ្យថ្នាក់ដឹកនាំក្លឹបសប្បាយចិត្ត ក្រោយឃើញ គឹមហេង អភិវឌ្ឍន៍ខ្លួនបានលឿន និងរួមចំណែកជួយក្លឹបបានច្រើន»។
អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជាខាងលើបន្តថា «ចំពោះឱកាសបង្ហាញវត្តមានលើទីលានក្នុងការប្រកួត គឺអាស្រ័យលើការប្រកួតនីមួយៗ និងការខិតខំប្រឹងប្រែងរបស់កីឡាករម្នាក់ៗ ព្រោះក្នុងនាមក្លិប គឺផ្ដោតលើលទ្ធផលជាសំខាន់ ។ អីចឹងកីឡាករណា គាត់បង្ហាញសមត្ថភាពខ្លាំងក្លាពេលហ្វឹកហាត់ យើងនឹងឲ្យពួកគាត់លេងបានកាន់តែច្រើន។ តែតាមទស្សនៈផ្ទាល់របស់ខ្ញុំ ពួកគាត់មកទីនេះ ពួកគាត់គួរតែកុំអាលរំពឹងកៅអីជម្រើស ១១នាក់ដំបូង គាត់គួរដាក់ចិត្តថា គាត់នឹងធ្វើការប្រកួតប្រជែងខ្លាំង ដើម្បី ១ឆ្នាំ ឬ ២ឆ្នាំខាងមុខ ពួកគាត់នឹងមានលទ្ធភាព ១០០% លើទីលាន»។
គួរបញ្ជាក់ថា កីឡាករ ទៀត គឹមហេង, ទូច គឹមឆាយ, ផុន តៃនិញ, ឡុង ម៉េងហាវ និងអ្នកចាំទី គង់ ពីលត់ គឺសុទ្ធតែជាកីឡាករវ័យក្មេង និងមានបទពិសោធន៍ជាមួយក្រុមជម្រើសជាតិយុវជន តែក្រោយមានការប្រកាសរំសាយចំនួន ១៦នាក់ កាលពីពេលថ្មីៗ ពួកគេក៏បានជ្រើសរើសក្លិបបាល់ទាត់វិសាខាដើម្បីបន្តអាជីពជាមួយក្លិបលីគកំពូលកម្ពុជាលើកដំបូង៕
Source: Kampuchea Thmey Daily
0 Comments