កំពង់ស្ពឺ ៖ ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជួរភ្នំគិរីរម្យ បានធ្វើឲ្យបាក់ទំនប់ទឹកចំការតែ ស្ថិតក្នុងឧទ្យានជាតិគិរីរម្យ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យបាត់ខ្លួនមនុស្ស១៣នាក់ ក្នុងនោះជនបរទេស ៣នាក់ផងដែរ។
បន្ទាប់ពីមានហេតុការណ៍បាក់ទំនប់នៅចំការតែនេះ នៅរសៀលថ្ងៃ២០ ខែតុលា ឆ្នាំ២០១៨នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធមានលោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាល លោក ញាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច និងអាជ្ញាធរ ស្រុក ឃុំ ជាច្រើនរូបទៀតចុះពិនិត្យមើលស្ថានភាពបាក់ទំនប់ និងចាត់កម្លាំងសមត្ថកិច្ចដើម្បីស្វែងរកជនរងគ្រោះទាំង១៣នាក់ ដែលបាត់ខ្លួននោះផងដែរ។
អាជ្ញាធរស្រុកភ្នំស្រួច បានឲ្យដឹងថា ទំនប់ចំការតែខ្នងទំនប់ប្រវែង ១២ម៉ែត្រ បណ្តោយ១២០ម៉ែត បានបាក់នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ វេលាម៉ោង ៩និង៣០នាទី ស្ថិតនៅឃុំចំបក់ ស្រុកភ្នំស្រួច។
តាមសេចក្តីរាយការណ៍បន្ទាន់ បានឲ្យដឹងថា មានក្មេងៗដែលឃ្វាលគោ ១០នាក់ និងភ្ញៀវជាជនបរទេស៣នាក់ ក្នុងនោះមានស្រី ២នាក់ត្រូវបានរត់គេចចេញពីចំណុចកើតហេតុ និងបាត់ខ្លួនផងដែរ។
លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច បានប្រាប់ឲ្យដឹង នៅរសៀល ថ្ងៃទី២០ ខែតុលានេះ «ចំពោះករណីក្មេងៗឃ្វាលគោ ១០នាក់ និងជនបរទេស៣នាក់ដែលបាត់ខ្លួន ពេលមានករណីបាក់ទំនប់ចំការតែនោះ បានរកឃើញវិញអស់ហើយ»។ លោកបន្តទៀតថា «ក្នុងចំណោមមនុស្សទាំង១៣នាក់រួចផុតពីគ្រោះថ្នាក់គ្រប់ៗគ្នា»។
លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច បានបញ្ជាក់ថា «ពេលនេះទឹកបានស្រកវិញអស់ហើយ គ្មានអ្វីគួរឲ្យបារម្ភឡើយ»៕
Source: Kampuchea Thmey Daily
0 Comments