ភ្នំពេញ ៖ ប្រតិភូនាវាយុវជនកម្ពុជា២៩រូប ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឲ្យចូលជួបសំដែងការគួរសមនឹងផ្តល់អនុសាសន៍មុនចាកចេញពីកម្ពុជាដើម្បីចូលរួមនាវាអាស៊ីអាគ្នេយ៍ជប៉ុនលើកទី៤៥។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំប្រតិភូប្រឹងប្រែងធ្វើយ៉ាងណារៀបចំខ្លួនជាកូនខ្មែរពិតៗសមជាអ្នកតំណាងប្រជាជនកម្ពុជាជាង ១៦ លាននាក់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់អនុសាសន៍បែបនេះទៅកាន់ក្រុមនាវាយុវជនកម្ពុជានៅព្រឹកថ្ងៃទី ១៦ ខែ តុលា នៅវិមាន សន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។ នេះបើយោងតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន ប្រាប់អ្នកសារ ព័ត៌មានបន្ទាប់ពីជំនួបនោះ។
សម្តេចតេជោហ៊ុន សែន បានធ្វើការណែនាំដល់ប្រតិភូនាវាយុវជនកម្ពុជាទាំងមូលត្រូវធ្វើយ៉ាងណារៀបចំខ្លួនជាកូនខ្មែរពិតពិតឲ្យស័ក្តិសមជាតំណាង របស់ប្រជាជនខ្មែរប្រមាណ ១៦លាន ដោយធ្វើយ៉ាងណាកសាងមិត្តឲ្យបានច្រើន ដើម្បីថ្ងៃអនាគតទៅអាចក្លាយទៅជាដៃគូសហប្រតិបត្តិការ។
បើតាមការបញ្ជាក់ប្រធានប្រតិភូនាវាយុវជនកម្ពុជាបានជម្រាបជូនសម្តេចតេជោថា ការចូលរួមនៅក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះមានសមាជិកចំនួន ២៩រូប ហើយការធ្វើដំណើរមានរយៈពេល ៥២ ថ្ងៃចាប់តាំងពីថ្ងៃទី ២៣ តទៅដោយចាប់ផ្ដើមដំណើរចេញពីប្រទេសជប៉ុន និង ធ្វើដំណើរ ឆ្លងកាត់ ១១ ប្រទេស។ ក្នុងនោះឆ្លងកាត់ប្រទេសជប៉ុន ប្រ៊ុយណេ ហ្វីលីពីន វៀតណាម ហើយនឹងធ្វើការត្រឡប់ទៅប្រទេសជប៉ុនវិញ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនប្រតិភូទាំងមូលអំពីមូលហេតុដែលកម្ពុជាយើងដាក់អាទិភាពចូលជាសមាជិកអាស៊ាននោះគឺផ្អែកលើ កត្តា៤កត្តា ទី១.គឺអាស៊ានមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា។ ទី២.គឺស្មារតីសហគមន៍នោះគឺអ្វីៗសម្រេចដោយកុងសង់ ស៊ីសមិនមែនសម្រេចដោយការបោះឆ្នោតឬមិនមែនសម្រេចដោយការដាក់ទណ្ឌកម្មនោះទេ។ ទី៣.ផលប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ កត្តានេះនៅពេលដែលយើងចូលសមាជិកសមាគមន៍អាស៊ានហើយអាស៊ានមានដៃគូជាច្រើនពេលដែលយើងចូលហើយដៃគូអាស៊ានក៏ជាដៃគូរបស់កម្ពុជាដែរនិងទី៤. គឺជាច្រកចេញការទូតរបស់កម្ពុជាដែលធ្វើឲ្យពិភពលោកស្គាល់កម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានដាក់ចុះនូវយុទ្ធសាស្ត្រត្រីកោណដោយមុំទី១.ធ្វើសន្តិភាវូបនីយកម្មនិង មុំទី២.ធ្វើ សមាហរណកម្មចូលក្នុងឆាកអន្តរជាតិនិងមុំទី៣.ឈរលើកត្តាអនុគ្រោះទាំងក្នុងនិងក្រៅប្រទេសជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមគ្រាដែលកម្ពុជាមាន សន្តិភាពពេញលេញ៕
Source: Kampuchea Thmey Daily
0 Comments