Ad Code

ប្រតិភូ​ជាន់ខ្ពស់​ឥស្លាម​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គការ​សម្ព័ន្ធ​ឥស្លាម​ពិភពលោក​បន្ទាប់ពី​កម្ពុជា ត្រូវបាន ជ្រើសតាំង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​របស់​អង្គការ​នេះ​



ភ្នំពេញ ៖ លោក​ទេសរដ្ឋ​មន្ដ្រី អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​សហការី បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ឧត្ដមក្រុមប្រឹក្សា​អង្គការ​សម្ព័ន្ធ​ឥស្លាម​ពិភពលោក រួម​ជាមួយ​មេដឹកនាំ​អង្គការ​ឥស្លាម​ធំៗ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត បន្ទាប់ពី​លោក ត្រូវបាន​អង្គការ​សម្ព័ន្ធ​ឥស្លាម​ពិភពលោក (RABITA) បាន​ជ្រើសតាំង​លោក​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា សម្រាប់​រយៈពេល​៥​ឆ្នាំ ២០១៨- ២០២៣ ដែល​អង្គការ​នេះ នឹង​រៀបចំ​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​លើក​ទី​៤៣ នៅ​ទីក្រុង​ម៉ា​កះ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ស្តីពី​បញ្ហា​នានា របស់​ឥស្លាម​សម័យ​ទំនើប និង​ស្ថានការណ៍​របស់​សហគម​ន៍​មូ​ស្លិ​ម​ភាគតិច​ជុំវិញ​ពិភពលោក និង​បញ្ហា​ផ្សេងៗ​។

គណៈប្រតិភូ​កម្ពុជា​បានចេញ​ដំណើរ កាលពី​ថ្ងៃ​អង្គារ៍ ៧​កើត​ខែអស្សុជ ឆ្នាំច​សំរឹទ្ធ​ស័ក​ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​ នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ។



លោក​ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​បញ្ជាក់​ថា អង្គការ​សម្ព័ន្ធ​ឥស្លាម​ពិភពលោក​ជា​អង្គការ​ឥស្លាម​ដ៏​ធំ​របស់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦២ ដោយ​ព្រះ​ចៅ Faisal bin Abdul Aziz Al Saud ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត អង្គការ​នេះ​ដែរ ក៏​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ ហើយក៏​ជា​សមាជិក​សង្កេតការណ៍​របស់​អង្គការ OIC ដែល​មាន​សមាជិក​ជា​ប្រទេស​ឥស្លាម ៥៧​ប្រទេស​ផងដែរ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​អា​រ៉ាំ​ប៊ី​សា​អូឌីត​នេះ លោក​ទេសរដ្ឋមន្ត្រី ក៏​គ្រោង​នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ នៃ​អង្គការ​សហប្រតិបត្តិការ​ឥស្លាម (OIC) និង​អតីត​នាយក​នៃ​នាយដ្ឋាន សហគមន៍​មូ​ស្លិ​ម​ភាគតិច​របស់​អង្គការ​(OIC) ថ្នាក់ដឹកនាំ​ធនាគារ​អភិវឌ្ឍន៍​ឥស្លាម​(IDB) ប្រធាន​មូលនិធិ​សាមគ្គី​ឥស្លាម (ISF) និង​ជំនួប​ជាមួយ​ភាគី​ក្រសួង​សំខាន់​នានា​ទៀត​។

លោក​បាន​រំលឹក​ថា បន្ទាប់ពី​បញ្ចប់​បេសកកម្ម​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូ​យើង​នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ទួរគី ដើម្បី​ចូលរួម​អមដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ប្រទេស​ទួរគី ដែល​នឹង​ធ្វើឡើង​ពី​ថ្ងៃ​ទី​២០-២១ ខែតុលា ឆ្នាំ​២០១៨ រួច​បន្តដំណើរ​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅកាន់​ប្រទេស​ស្វី​ស ក្នុង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល នៃ​វេទិកា​វិនិយោគ​ពិភពលោក ឆ្នាំ​២០១៨ របស់​សន្និសីទ សហ​ប្រជា ជាតិ​ស្តី​ពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃទី ២២-២៤ ខែតុលា ឆ្នាំ​២០១៨៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu