ភ្នំពេញ ៖ លោកបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធីគ្រុប និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំ បុគ្គលិក សាស្ដ្រាចារ្យ លោកគ្រូ-អ្នកគ្រូ នៃប៊ែលធី គ្រុប ព្រមទាំងពុទ្ធបរិស័ទចំណុះជើង បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨។
លោក បណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ពាន់ថ្ម ខណ្ឌដង្កោ បានផ្ដួចផ្ដើមគំនិតសង់វិទ្យាល័យមួយខ្នង នៅក្នុងវត្តចំការខ្សាច់ ដែលសព្វថ្ងៃនេះនៅក្នុងវត្តចំការខ្សាច់ មានសាលាបឋមសិក្សាស្ពានថ្មតែមួយគត់។
ក្នុងឱកាសនោះដែរ លោក លី ឆេង បានចូលបច្ច័យកាន់បិណ្ឌចំនួនជាង ៥លានរៀល និងផ្តល់ថវិកាសម្រាប់ចាក់ដី កសាងវិទ្យាល័យ ចំការខ្សាច់ ចំនួន ២០០០ដុល្លារអាមេរិក។
គួររំលឹកថា ដោយមើលឃើញ ការខ្វះខាតសាលារៀន និងការលំបាករបស់សិស្ស នៅពេលដែលបញ្ចប់ថ្នាក់ បឋមសិក្សារួច ត្រូវចេញទៅរៀននៅវិទ្យាល័យ ឆ្ងាយពីភូមិ ដូច្នេះ លោកបណ្ឌិត លី ឆេង និងលោកស្រីបានផ្តួចផ្តើមគំនិតសង់វិទ្យាល័យនេះឡើង ដែលមកដល់ពេលនេះទីតាំងវិទ្យាល័យត្រូវបានចាក់ដី ពង្រាបទៅក្នុងរណ្តៅ ដែលមានជម្រៅ ពី ២ ទៅ ៣ ម៉ែត្រ និងមានទទឹង ៥០ម៉ែត្រ បណ្តោយ ១៣០ម៉ែត្រ បានសម្រេចរួចរាល់ ១០០ភាគរយ ហើយ។
កាលថ្ងៃទី ២៤ ខែមិថុនា នេះ លោកបានដឹកនាំក្រុមការងារ ចុះពិនិត្យការចាក់ដី ដើម្បីឈានទៅសាងសង់អាគារនោះវិទ្យាល័យ នាពេលខាងមុខ។ តំណាងលោកបណ្ឌិត លី ឆេង បានប្រាប់ឲ្យដឹងថា អគារវិទ្យាល័យនេះ ត្រូវសង់ឡើងកម្ពស់ ៣ជាន់ ស្មើនឹង ២៧បន្ទប់៕
Source: Kampuchea Thmey Daily
0 Comments