កាលពីថ្ងៃសៅរ៍ ប្រទេសចិននៅតែស្ងប់ស្ងាត់អំពីការបាត់ខ្លួនរបស់ប្រធានប៉ូលិសអន្តរជាតិដែលជាហេតុធ្វើឲ្យមានអាថ៌កំបាំងកាន់តែខ្លាំងលើជោគវាសនារបស់ប្រធានប៉ូលិសអន្តរជាតិរូបនេះបន្ទាប់ពីមានសេចក្តីរាយការណ៍ថា គាត់ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរអំឡុងពេលគាត់ត្រឡប់មកប្រទេសកំណត់របស់គាត់វិញ។
ប្រភពមួយជិតស្និទ្ធនឹងការស៊ើបអង្កេតបានប្រាប់ AFP ថា លោក Meng Hongwei អាយុ៦៤ឆ្នាំត្រូវបានគេឃើញចុងក្រោយបំផុតខណៈពេលចាកចេញពីទីស្នាក់ការកណ្តាលរបស់ប៉ូលិសអន្តរជាតិក្នុងទីក្រុងលីយ៉ុងភាគអាគ្នេយ៍ប្រទេសបារាំងមកប្រទេសចិននៅចុងខែកញ្ញា។ ចាប់តាំងពីពេលនោះមក ប្រពន្ធរបស់គាត់បានរាយការណ៍ថា គាត់បានបាត់ខ្លួន។
វាគឺជាការបាត់ខ្លួនបុគ្គលថ្នាក់ខ្ពស់ចុងក្រោយបំផុតនៅក្នុងប្រទេសចិនដែលជាកន្លែងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ មហាសេដ្ឋីជំនួញនិងសូម្បីតែតារាល្បីឈ្មោះកម្រិត A បានបាត់ខ្លួនអស់រយៈពេលច្រើនសប្តាហ៍ឬច្រើនខែក្នុងមួយលើក។
រហូតមកដល់ពេលនេះ ទីក្រុងប៉េកាំងមិនបាននិយាយអ្វីទេលើករណីរបស់លោក Meng។ ក្រសួងការបរទេសក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការបំភ្លឺពី AFP ដែរ។
ប៉ុន្តែព័ត៌មាននៃអវត្តមានរបស់គាត់បានលេចឡើងយ៉ាងឆាប់រហ័សក្រោយមានការសន្និដ្ឋានថា លោក Meng ដែលក៏បម្រើការជាអនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈរបស់ចិនផងដែរនោះត្រូវបានវាយលុកនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយសម្ងាត់របស់ទីក្រុងប៉េកាំង។
ដោយលើកឡើងពីប្រភពអនាមិកមួយ កាសែត South China Morning Post បានចុះផ្សាយថា អាជ្ញាធរមកពីគណៈកម្មការវិន័យរបស់ប្រទេសបានចាប់ខ្លួនលោក Meng នៅពេលគាត់មកដល់ទីក្រុងប៉េកាំង។
គណៈកម្មាធិការគ្រប់គ្រងជាតិរបស់ចិនដែលទើបបង្កើតឡើងថ្មីៗនេះគឺមានអំណាចគ្រប់បែបយ៉ាងដើម្បីស៊ើបអង្កេតមន្ត្រីសាធារណៈរបស់ប្រទេសនេះជាមួយតម្លាភាពតិចតួច។
ប្រធានាធិបតីចិនលោក Xi Jinping បានដឹកនាំការប្រឆាំងអំពើពុករលួយដ៏មានប្រជាប្រិយចាប់តាំងពីការឡើងកាន់អំណាចក្នុងឆ្នាំ២០១២មកដោយបានដាក់ទណ្ឌកម្មលើមន្ត្រីជាងមួយលាននាក់ខណៈអ្នករិះគន់បានប្រៀបធៀបរឿងនេះទៅនឹងការបោសសម្អាតនយោបាយ៕ AFP
Source: Kampuchea Thmey Daily
0 Comments